សហព័ន្ធស្រូវអង្ករកម្ពុជាអះអាងថា អង្ករម៉ាក Emerald River លក់ក្នុង​ផ្សារ Costco នៅអាមេរិក ជាអង្ករនាំចេញពីកម្ពុជា ១០០%

01-10-2025 14:33

(ភ្នំពេញ)៖ លោក លន់ យ៉េង អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជា បានគូសបញ្ជាក់ថា អង្ករម៉ាក Emerald River ដែលវេចខ្ចប់ដោយក្រុមហ៊ុន Otis Mc Allister Inc ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក គឺជាអង្ករដែលនាំចេញពីកម្ពុជា ក្រោយពេលដែលក្រុមហ៊ុន និងសហព័ន្ធស្រូវអង្ករកម្ពុជា បានចុះអនុស្សារណៈយោគយល់គ្នា កាលពីឆ្នាំ២០២៤។

​ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥នេះ លោក លន់ យ៉េង បានឱ្យដឹងថា ក្រុមហ៊ុន Otis Mc Allister ​បានសម្រេច​​នាំចូលអង្ករ​ពី​ប្រទេស​កម្ពុជា ក្រោមម៉ាកសញ្ញារបស់អាមេរិកម៉ាក Emerald River។

លោកបញ្ជាក់ថា កន្លងមកម៉ាក Emerald River នេះ ធ្លាប់នាំចូលអង្ករមកពីប្រភព​ប្រទេសផ្សេងៗ។ ​ប៉ុន្តែបច្ចុប្បន្ននេះ ក្រុមហ៊ុនបានសម្រេចនាំចេញពីប្រទេសកម្ពុជាវិញ។ ការកិន និងវេចខ្ចប់ ធ្វើឡើងដោយរោងម៉ាស៊ីនកិនស្រូវធំមួយនៅកម្ពុជា ដែលមានទីតាំងនៅខេត្តកំពង់ស្ពឺ។

ការចេញមកបញ្ជាក់របស់សហព័ន្ធស្រូវអង្ករធ្វើឡើងបន្ទាប់ពីថ្មីៗនេះ ​​មានប្រជាពលរដ្ឋខ្មែរម្នាក់ ដែលរស់នៅសហរដ្ឋអាមេរិក បានផ្សព្វផ្សាយថា អង្ករ JASMINE RICE ដែលវេចខ្ចប់ក្រោមម៉ាក​ Emerald River គឺជាអង្កររបស់ថៃ ហើយបន្លំជាផលិតផលកម្ពុជា ដូចដែលបានបញ្ជាក់នៅលើសំបកការ៉ុង Product of Cambodia ខណៈដែលកន្លងមក ក្រុមហ៊ុនបានដាក់ឈ្មោះថា THAI JASMINE RICE។

​លោកស្រី ឃី មុន្នី ម្ចាស់ក្រុមហ៊ុន Amru Rice ដែលជារោងម៉ាស៊ីនកិនស្រូវ និងជាអ្នកនាំចេញអង្ករកម្ពុជាធំជាងគេមួយទៅកាន់ទីផ្សារអន្តរជាតិ បានពន្យល់ថា​ អង្ករ​ម៉ាក Emerald Riverនេះ គឺជាម៉ាករបស់ផ្សារអាមរិក ដែលពីមុនមកគេបានទិញពីថៃ តែឥឡូវគេបានងាកមកទិញអង្ករ​កម្ពុជាផង និងពីថៃផង។ លោកស្រីបន្ថែមថា «ដូច្នេះហើយ​ សូមបងប្អូនខ្មែរទាំងអស់ពេលជាវ សូមមើលប្រភពដាក់ថា Product of Cambodia គឺ១០០% ជារបស់យើង»

លោកស្រីបានលើកឡើងថា ការណ៍ដែលអង្ករកម្ពុជា អាចឈានចូលទៅលក់នៅ​ផ្សារ Costco នៅអាមេរិកបានមិនមែនជារឿងងាយស្រួលនោះទេ ទម្រាំដែលអាចនាំចូលបានត្រូវឆ្លងកាត់ការធ្វើសវនកម្មប្រមាណ៦ខែ ទាំងការផ្គត់ផ្គង់ បរិមាណផលិត គុណភាពផលិត និងចំនួនកម្មករនិយោជិតដែលបម្រើការជាដើម។ ដូច្នេះ អង្ករដែលកំពុងដាក់លក់ក្នុងផ្សារ Costco នៅអាមេរិក គឺជាអង្ករខ្មែរមួយ១០០%។

​គួររំលឹកផងដែរថា កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៤ ​សហព័ន្ធស្រូវអង្ករកម្ពុជា តំណាងដោយឧកញ៉ា សុង សារ៉ន ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជា ​និងក្រុមហ៊ុន Otis McAllister Inc. តំណាងដោយលោក Patrick Murphy អនុប្រធានប្រតិបត្តិទទួលបន្ទុកផ្នែកបញ្ជាទិញអង្ករ និងគ្រាប់ធញ្ញជាតិ​ បានចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នា (MoU) ដើម្បី​នាំចេញនូវប្រភេទអង្ករក្រអូបពីកម្ពុជា​ ក្រោមសក្ខីភាព លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នៅទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ សហរដ្ឋអាមេរិក។

តាមរយៈ MoU នេះ សហព័ន្ធស្រូវអង្ករកម្ពុជា ផ្តល់ជូននូវប្រភេទអង្ករដែលមានគុណភាពខ្ពស់ ជាមួយនឹងតម្លៃប្រកួតប្រជែង និងធានាការដឹកជញ្ជូនទាន់ពេលវេលា។ បន្ទាប់ពីការចុះអនុស្សារណៈនៃការយោគយល់គ្នានេះ វត្តមានអង្ករក្រោមស្លាកសញ្ញា «ផលិតនៅប្រទេសកម្ពុជា» បានបង្ហាញខ្លួនក្នុងទីផ្សារសហរដ្ឋអាមេរិក ជាពិសេស ក្នុងចង្កោមអាជីវកម្មផ្សារទំនើបខ្នាតយក្សដូចជា Costco និង WalMart ជាដើម៕