អគ្គនាយកដ្ឋានពន្ធដារ៖ មធ្យោបាយដឹកជញ្ជូនចំនួន៥ប្រភេទ ត្រូវបានលើកលែងពន្ធលើមធ្យោបាយដឹកជញ្ជូន, (Video inside)

02-10-2025 09:46

(ភ្នំពេញ)៖ បើតាមប្រកាសរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពន្ធលើមធ្យោបាយដឹកជញ្ជូន ត្រូវអនុវត្តលើមធ្យោបាយដឹកជញ្ជូន នៅកម្ពុជាមានជាអាទិ៍៖ កប៉ាល់ សាឡង់ ទូក កាណូត អូប័រ រថយន្ត ក្បាលរថយន្តសណ្តោង រ៉ឺម៉កសណ្តោង ស៊ីមីរ៉ឺម៉កសណ្តោង ទោចក្រយានយន្ត ត្រីចក្រយានយន្តត្រាក់ទ័រ និងគ្រឿងយន្តប្រហាក់ប្រហែល។

ពន្ធលើមធ្យោបាយដឹកជញ្ជូន ក៏ត្រូវបានលើកលែងចំពោះមធ្យោបាយដឹកជញ្ជូនចំនួន ៥ប្រភេទ ដូចខាងក្រោម៖

១៖ រថយន្តគិលានសង្គ្រោះ និងរថយន្តពន្លត់អគ្គិភ័យជាកម្មសិទ្ធិរបស់រដ្ឋ។
២៖ យានយន្តដែលជាកម្មសិទ្ធិរបស់អង្គភាពកងយោធពលខេមរភូមិន្ទ កងរាជអាវុធហត្ថ នគរបាលជាតិ ដែលបម្រើការងារសម្រាប់ គោលដៅនៃការការពារជាតិសន្តិសុខ និងសណ្តាប់ធ្នាប់សង្គមតែប៉ុណ្ណោះ។
៣៖ យានយន្តដែលជាកម្មសិទ្ធិរបស់ស្ថានទូត ឬស្ថានកុងស៊ុលបរទេស អង្គការអន្តរជាតិ ឬទីភ្នាក់ងារសហប្រតិបត្តិការបច្ចេកទេសរបស់រដ្ឋាភិបាលនានា។
៤៖ ទោចក្រយានយន្ត និងត្រីចក្រយានយន្តគ្រប់ប្រភេទ ត្រាក់ទ័រ និងគ្រឿងយន្តប្រហាក់ប្រហែល និងជលយានយន្តគ្រប់ប្រភេទដែលមានកម្លាំងដល់ ១៥០សេះ ឬតិចជាង។
៥៖ រថយន្តដែលបំប្លែងមកពីគោយន្ត និងរថយន្តកែច្នៃកង់បីដែលបំពាក់ម៉ាស៊ីន។

គួរបញ្ជាក់ផងដែរថា មធ្យោបាយដឹកជញ្ជូនទាំងឡាយណា ដែលមានបង្កាន់ដៃបង់ពន្ធនាំចូលចេញមុនខែធ្នូ តែមានបណ្ណសម្គាល់យានជំនិះ ចេញលើកដំបូងក្នុងខែធ្នូនៃឆ្នាំជាប់ពន្ធចរន្ត ត្រូវបង់ពន្ធលើមធ្យោបាយដឹកជញ្ជូនក្នុងឆ្នាំនោះ ដោយទទួលបានការលើកលែងប្រាក់ពន្ធបន្ថែម។ ក្នុងករណីបណ្ណសម្គាល់យានជំនិះចេញលើកដំបូងក្នុងខែធ្នូ និងមានបង្កាន់ដៃបង់ពន្ធនាំចូល ចេញក្នុងខែធ្នូឆ្នាំតែមួយ ត្រូវបានអនុញ្ញាតឱ្យបង់ពន្ធសម្រាប់ឆ្នាំបន្ទាប់។

ម្ចាស់កម្មសិទ្ធិនៃមធ្យោបាយដឹកជញ្ជូន ដែលមានកាតព្វកិច្ចពន្ធលើមធ្យោបាយដឹកជញ្ជូន ត្រូវប្រកាស និងបង់ប្រាក់ពន្ធចាប់ពីថ្ងៃទី១ ខែមិថុនា រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ជារៀងរាល់ឆ្នាំ។

លោកអ្នកអាចបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន បាននៅតាមបណ្តាសាខាពន្ធដារខេត្ត-ខណ្ឌ ឬនៅធនាគារពាណិជ្ជដៃគូរបស់អគ្គនាយកដ្ឋានពន្ធដារ ដែលមានសាខានៅទូទាំងប្រទេស ឬកាន់តែងាយស្រួលជាងនេះទៀត លោកអ្នក អាចប្រើប្រាស់កម្មវិធីទូរស័ព្ទដៃអ្នកជាប់ពន្ធ (GDT Taxpayer App) ដើម្បីបង់ពន្ធនេះបាន ហើយអ្វីកាន់តែពិសេសបន្ថែមទៀតបន្ទាប់ពី ធ្វើការបង់ប្រាក់ពន្ធរួច ភ្នាក់ងាររបស់អគ្គនាយកដ្ឋានពន្ធដារនឹងដឹកជញ្ជូនលតាបត្រដល់ទីតាំងរបស់លោកអ្នកផងដែរ៕