កម្ពុជាអនុម័តគម្រោងវិនិយោគ ៥៤៦គម្រោង កើន៧៣% ក្នុងទំហំទុនវិនិយោគសរុប ៧.៨ពាន់លានដុល្លារ នៅរយៈពេល ៩ខែឆ្នាំនេះ (Video inside)
02-10-2025 16:29
(ភ្នំពេញ)៖ រយៈពេល៩ខែ ឆ្នាំ២០២៥នេះ គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងវិនិយោគ សរុបចំនួន ៥៤៦គម្រោង កើន៧៣% ក្នុងទំហំទុនវិនិយោគសរុប ៧.៨ពាន់លានដុល្លារ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ CDC ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៥។
សេចក្ដីប្រកាសព័ត៌មានបានបញ្ជាក់ថា «ក្នុងរយៈពេល៩ខែ នៃឆ្នាំ២០២៥នេះ គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចុះបញ្ជីគម្រោងវិនិយោគចំនួន ៥៤៦គម្រោង ក្នុងទំហំទុនវិនិយោគសរុប ប្រមាណ៧.៨ប៊ីលានដុល្លារអាម៉េរិក គឺគម្រោងវិនិយោគ មានការកើនឡើង ចំនួន២៣១គម្រោង ស្មើនឹងប្រមាណ៧៣%»។
គម្រោងនេះ មានការកើនឡើងទុនវិនិយោគប្រមាណ ២.៥ប៊ីលានដុល្លារអាម៉េរិក ស្មើនឹងប្រមាណ ៤៧% បើប្រៀបធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២៤ ដែលគណៈកម្មាធិការ វិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចុះបញ្ជីគម្រោងវិនិយោគ ត្រឹមតែ៣១៥គម្រោង ក្នុងទំហំទុនវិនិយោគប្រមាណ៥.៣ប៊ីលានដុល្លារអាម៉េរិក។
ជាការកត់សម្គាល់ត្រឹមតែរយៈពេល៩ខែ គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចុះបញ្ជីគម្រោងវិនិយោគ លើសការចុះបញ្ជីគម្រោងវិនិយោគពេញ មួយឆ្នាំ២០២៤ រហូតដល់ទៅ១៣២គម្រោង។
ដោយឡែក ក្នុងខែកញ្ញា ឆ្នាំ២០២៥ គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចុះបញ្ជី គម្រោងវិនិយោគសរុបចំនួន ៥៥គម្រោង ក្នុងទំហំទុនវិនិយោគសរុប ប្រមាណ៤៦៧លានដុល្លារអាម៉េរិក និងអាចបង្កើតការងារ បានប្រមាណ៣៧ពាន់កន្លែង។
ក្នុងចំណោមគម្រោងវិនិយោគសរុប គម្រោងវិនិយោគដែលមានទីតាំង ស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ៣៨គម្រោង និងគម្រោងវិនិយោគដែលមានទីតាំង ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ១៧គម្រោង៕