សន្ទុះគាំទ្រផលិតផលខ្មែរកាន់តែខ្លាំង! បណ្ឌិតសេដ្ឋកិច្ច គី សេរីវឌ្ឍន៍ ស្នើឱ្យមានបិទសញ្ញា «ផលិតផលក្នុងស្រុក» ឬ» «ផលិតផលនាំចូល» លើទំនិញដាក់លក់ក្នុងទីផ្សារ ដើម្បីឱ្យអ្នកប្រើប្រាស់ងាយស្រួលចំណាំ (Video inside)

02-10-2025 16:40

(ភ្នំពេញ)៖ លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ច បានបង្ហាញនូវទស្សនៈផ្ទាល់ខ្លួន ដោយចង់ឃើញមានពាក្យ «ផលិតផលក្នុងស្រុក» ឬ «ផលិតផលនាំចូល» លើទំនិញដាក់លក់លើទីផ្សារ ឲ្យបានច្បាស់លាស់ ដើម្បីឱ្យអ្នកប្រើប្រាស់ងាយស្រួលចំណាំ។

ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៥នេះ លោកបណ្ឌិត គី សេរីវឌ្ឍន៍ ​បានបញ្ជាក់ថា «ដើម្បីមានភាពងាយស្រួល នៅលើម៉ាកផលិតផល ឬក៏នៅលើសំបកវេចខ្ចប់ គួរតែមានការបិទតែមបន្ថែមពីលើ ដែលសរសេរថា «ផលិតផលនៅក្នុងស្រុក» ជាពិសេសផលិតផល ដែលបានដាក់លើនៅទីផ្សារ ឬតាមម៉ាត»។

បន្ថែមពីនោះទៀត លោកបណ្ឌិត គី សេរីវឌ្ឍន៍ ​បានលើកឡើងថា កាលណាពលរដ្ឋខ្មែរ ឃើញផលិតផលបិទក្នុងស្រុក ប្រជាពលរដ្ឋនឹងមានការចាប់អារម្មណ៍ ក្នុងការទិញមកប្រើប្រាស់ ដើម្បីលើកកម្ពស់ការផលិត ព្រមទាំងជំរុញការផលិត ឲ្យមានភាពប្រសើរជាងមុន និងច្រើនជាងមុន ក្នុងការទប់ទល់ទំនិញនាំចូល។

លោកបណ្ឌិត គី សេរីវឌ្ឍន៍ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទាំង នាំគ្នាធ្វើយុទ្ធនាការគាំទ្រ «ផលិតផលក្នុងស្រុក» ដើម្បីលើកកម្ពស់វិស័យឧស្សាហកម្ម ការកែច្នៃនៅក្នុងស្រុក ឲ្យកាន់តែប្រសើរឡើងផងដែរ។

បើតាមលោកបណ្ឌិត គី សេរីវឌ្ឍន៍, លោកយល់ថា ក្រសួងពាណិជ្ជកម្ម និងក្រសួងកសិកម្ម បានកំណត់រួចហើយ នៅក្នុងបាកូដ គឺជាការបង្ហាញផលិតផលនៅក្នុងស្រុក នៅប្រទេសកម្ពុជា ក៏ប៉ុន្ដែប្រជាពលរដ្ឋ មិនទាន់បានចាប់អារម្មណ៍នោះទេ គឺនៅមានការពិបាក ក្នុងការស្វែងយល់។

សូមជម្រាបថា បន្ទាប់ពីមានជម្លោះព្រំដែនជាមួយថៃ ធ្វើឱ្យប្រជាពលរដ្ឋខ្មែរ គ្រប់ស្រទាប់វណ្ណៈ មានការគាំទ្រ និងប្រើប្រាស់ផលិតផលខ្មែរ ដែលជាការលើកទឹកចិត្តដ៏សំខាន់ ដល់អ្នកផលិតផលក្នុងស្រុក ព្រមទាំងអាចទាក់ទាញអ្នកវិនិយោគ ឱ្យបានកាន់តែច្រើនថែមទៀត ដើម្បីផលិតទំនិញជំនួសការនាំចូល៕