ប្រធានសភាពាណិជ្ជកម្មអាម៉េរិក ថ្លែងអំណរគុណរាជរដ្ឋាភិបាលកម្ពុជា ដែលបានចាត់វិធានការបង្ការ និងទប់ស្កាត់បទល្មើសបន្លំដើមកំណើតទំនិញ នាំចេញទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក បានទាន់ពេលវេលា

02-10-2025 17:30

(ភ្នំពេញ)៖ លោក Casey Banett ប្រធានសភាពាណិជ្ជកម្មអាម៉េរិកប្រចាំកម្ពុជា បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាល ដែលមានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងពាណិជ្ជកម្ម និង អ.គ.រ ជាសេនាធិការ បានអនុវត្តវិធានការបង្ការ និងទប់ស្កាត់បទល្មើសបន្លំដើមកំណើតទំនិញនាំចេញទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក ដែលប្រការនេះបង្ហាញពីអភិក្រមបុរេសកម្ម និងឆន្ទៈច្បាស់លាស់របស់រាជរដ្ឋាភិបាល ក្នុងទំនាក់ទំនងវិនិយោគ និងពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក។

ការថ្លែងរបស់លោក Casey Banett ក្នុងឱកាសអញ្ជើញចូលរួមវេទិកាស្ដីពី “ការវិនិយោគនិងការធ្វើពាណិជ្ជកម្មជាមួយសហរដ្ឋអាម៉េរិក” ដែលរៀបចំឡើងដោយអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (អ.គ.រ) នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥ ដើម្បីផ្សព្វផ្សាយអំពីច្បាប់និងបទប្បញ្ញត្ដិជាធរមាន ដល់វិនិយោគិនក្នុងវិស័យឧស្សាហកម្មកែច្នៃនាំចេញផលិតផលទៅទីកាន់ទីផ្សារសហរដ្ឋអាម៉េរិក។

វេទិកានេះ មានគោលបំណងផ្សព្វផ្សាយសក្ដានុពលទីផ្សារសហរដ្ឋអាមេរិក និងការពង្រឹងអនុលោមភាមភាព ជាពិសេសលើវិធានដើមកំណើតទំនិញ នាំចេញទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក។

អង្គវេទិកាបានប្រព្រឹត្តិទៅក្រោមអធិបតីភាពលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក) និងជាប្រធានក្រុមការងារ ចំពោះកិច្ចសម្របសម្រួលទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីកម្ពុជា-សហរដ្ឋអាមេរិក។

វេទិកានេះ មានការចូលរួមពី ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក) សភាពាណិជ្ជកម្មកម្ពុជា អគ្គនាយកដ្ឋានសេវាពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម (ក.ព.ណ) ទីប្រឹក្សាផ្ទាល់សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី សភាពាណិជ្ជកម្មអាម៉េរិកប្រចាំកម្ពុជា (AmCham) សមាគមភស្តុភារកម្មកម្ពុជា (CLA) សមាគមផលិតគ្រឿងអេឡិចត្រូនិកនិងបច្ចេកវិទ្យាកម្ពុជា ជើងសាគយ រួមជាមួយថ្នាក់ដឹកនាំនិងមន្ដ្រីពីក្រសួង-ស្ថាប័នប្រមាណ ១០០ រូប និងវិស័យឯកជនជាតិ និងអន្ដរជាតិប្រមាណ ២៤០ រូប សរុបប្រមាណ ៣៤០ រូប។

ក្នុងមតិស្វាគមន៍, លោកអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានថ្លែងអំណរគុណដល់ស្ថាប័ននានារបស់រាជរដ្ឋាភិបាលដែលតែងតែគាំទ្រ និងលើកទឹកចិត្តដល់វិស័យឯកជនក្នុងការវិនិយោគ និងធ្វើអាជីវកម្មនៅកម្ពុជា។

ពាក់ព័ន្ធនឹងប្រធានបទនៃវេទិកា លោកអ្នកឧកញ៉ាបានលើកឡើង ពីការប្រែប្រួលជាគន្លឹះនៃគោលការណ៍ពហុភាគីនិយម និងវិធានពាណិជ្ជកម្មអន្តរជាតិ ហើយក្នុងបរិបទដែលកម្ពុជាកំពុងចរចាជាមួយសហរដ្ឋអាមេរិក វិស័យឯកជនត្រូវយកចិត្តទុកដាក់ និងសហការជាមួយក្រសួង-ស្ថាប័នរដ្ឋ ដើម្បីការពារកុំឱ្យមានអ្នកវិនិយោគ ឬអ្នកក្លែងបន្លំបទល្មើសផ្ទេរមធ្យោបាយដឹកជញ្ជូន (Transshipment frauds) និងការបន្លំដើមកំណើតទំនិញ ។

មានប្រសាសន៍ក្នុងពិធីបើកវេទិកា ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានលើកអំពីវឌ្ឍនភាពនៃការចរចាពន្ធគយបដិការកម្ពុជា-អាម៉េរិក និងបានគូសបញ្ជាក់អំពីផលប៉ះពាល់នៃបទល្មើសផ្ទេរមធ្យោបាយដឹកជញ្ជូន (Transshipment frauds) ការបន្លំដើមកំណើតទំនិញដែលជាកង្វល់ និងបញ្ហាដែលលើកឡើងដោយសហរដ្ឋអាម៉េរិក ហើយអាចប៉ះពាល់ដល់ឧស្សាហកម្មផលិតទំនិញនាំចេញទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក។

ទន្ទឹមនេះ លោកឧបនាយករដ្ឋមន្ត្រី បានស្នើអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និង ក្រសួងពាណិជ្ជកម្ម បន្ដធ្វើការរួមគ្នាដោះស្រាយបញ្ហានិងសំណូមពររបស់វិស័យឯកជន រួមទាំងណែនាំឱ្យវិស័យឯកជនត្រូវគោរពច្បាប់និងបទប្បញ្ញត្តិជាធរមាន។

លោកឧបនាយករដ្ឋមន្ត្រីបានលើកឡើងថា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានធ្វើការយ៉ាងសកម្មក្នុងការទាក់ទាញវិនិយោគិនមកបណ្ដាក់ទុននៅកម្ពុជា ហើយការទាក់ទាញវិនិយោគជាការលំបាកមួយហើយ តែការថែរក្សាវិនិយោគិនដែលមានស្រាប់កាន់តែមានសារៈសំខាន់ ហើយវិនិយោគិនដែលផលិតទំនិញនាំចេញ ក៏ត្រូវគោរពច្បាប់ និងបទប្បញ្ញតិ្តជាតិជាធរមាន រួមទាំងគោលការណ៍ និងវិធាននានាដែលតម្រូវដោយប្រទេសនាំចូល ផងដែរ។

លោក Casey Banett ប្រធានសភាពាណិជ្ជកម្មអាម៉េរិកប្រចាំកម្ពុជា បានចូលរួមធ្វើបទបង្ហាញលើប្រធានបទ “American Trade and Investment in Cambodia - Status and Overview” ។

ក្នុងនោះ លោកបានលើកឡើងអំពីតួលេខស្ថិតិពាណិជ្ជកម្មរវាងកម្ពុជា និង សហរដ្ឋអាម៉េរិក និងវិស័យសេដ្ឋកិច្ចមួយចំនួន ដែលអ្នកវិនិយោគអាមេរិកកំពុងបណ្ដាក់ទុននៅកម្ពុជា ។ លោកបានលើកឡើងអំពីបញ្ហាប្រឈមមួយចំនួន ដែលកម្ពុជាត្រូវដោះស្រាយដើម្បីថែរក្សាទីផ្សារសហរដ្ឋអាមេរិក ជាពិសេសគឺត្រូវទប់ស្កាត់បទល្មើសផ្ទេរមធ្យោបាយដឹកជញ្ជូន ដែលបាតុភាពអសកម្មនេះ អាចធ្វើឱ្យកម្ពុជាប្រឈមហានិភ័យក្នុងការនាំចេញទំនិញទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក (លោកបានលើកឡើងជាឧទាហរណ៍ករណីបន្ទះសូឡា)។

បន្ទាប់មក អង្គវេទិកាបានរៀបចំកិច្ចពិភាក្សា ដើម្បីឆ្លើយតបនឹងសំណួរ និងសំណូមពរដែលជាកង្វល់របស់វិស័យឯកជន ដោយមានវាគ្មិនកិត្តិយសមកពី អ.គ.រ, ក.អ.ក, ក.ព.ណ និងទីប្រឹក្សាផ្ទាល់សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី។ សំណួរនិងសំណូមពរ ដែលបានលើកឡើង ត្រូវបានពន្យល់និងបំភ្លឺជូនយ៉ាងច្បាស់លាស់ដោយវគ្មិនកិត្តិយស។

ថ្លែងក្នុងពិធីបិទអង្គវេទិកា បណ្ឌិត គុណ ញឹម រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានលើកឡើងពីសារៈសំខាន់នៃវិទិកានេះ ហើយបានរំលេចពីចំណុចគន្លឹះក្នុងសន្ទរកឋាបើក របស់ឧបនាយករដ្ឋមន្ដ្រី ស៊ុន ចាន់ថុល និងក្នុងបទអន្តរាគមន៍របស់វាគ្មិនកិត្តិយសនៃអង្គវេទិកា។

លោកបណ្ឌិតបានសង្កត់ធ្ងន់ថា ដើម្បីរក្សាទីផ្សារសហរដ្ឋអាមេរិក ដែលស្រូបយកប្រមាណជា ៤០% នៃការនាំចេញសរុបរបស់កម្ពុជា ការអនុវត្តវិធានការបង្ការនិងទប់ស្កាត់បទល្មើសបន្លំដើមកំណើតទំនិញ ដែលជាកង្វល់និងបញ្ហាដែលបានលើកឡើងដោយសហរដ្ឋអាម៉េរិក គឺជាការងារសំខាន់ និងចាំបាច់បំផុត។ ថ្មីៗនេះ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានបង្កើតក្រុមការងារចម្រុះ ដែលមានសមាសភាពពី អ.គ.រ, ក.អ.ក, ក.ព.ណ និងតំណាងទីប្រឹក្សាផ្ទាល់របស់សម្ដេចមហាបវរធិបតីនាយករដ្ឋមន្ដ្រី ដើម្បីអនុវត្តវិធានការនេះប្រកបដោយតម្លាភាព ប្រសិទ្ធិភាព និងការទទួលខុសត្រូវខ្ពស់។

ម្យ៉ាងទៀត ក្រុមការងារនេះត្រូវត្រៀមសហការជាមួយ U.S. Customs and Border Protection (CBP) ក្នុងករណី CBP ចុះអង្កេតដល់ទីតាំងរោងចក្ររបស់គម្រោងវិនិយោគណាមួយ បើមានការសង្ស័យបន្លំដើមកំណើតទំនិញ។

បណ្ឌិត គុណ ញឹម បានជម្រាបជូនអង្គវេទិកា ដូចខាងក្រោម៖
១. បន្តអនុវត្តដោយម៉ឺងម៉ាត់នូវវិធានការទប់ស្កាត់បទល្មើសបន្លំដើមកំណើតទំនិញ ដែលបានដាក់ចេញដោយ រាជរដ្ឋាភិបាល។
២.ក្រុមហ៊ុនវិនិយោគផលិតទំនិញនាំចេញទៅទីផ្សារអាមេរិកត្រូវគោរពច្បាប់ និងបទប្បញ្ញតិ្ត ជាធរមាន ជាពិសេសត្រូវអនុលោមតាមវិធានដើមកំណើតទំនិញដែលកំណត់ឬតម្រូវដោយប្រទេសនាំចូល ។
៣. បន្តរៀបចំវេទិកានេះ តាមពេលវេលាសមស្រប ដើម្បីជាយន្តការតាមដាន វាយតម្លៃ និងធ្វើបច្ចុប្បន្នភាពនៃវឌ្ឍនភាព និងស្ថានភាពនៃការវិនិយោគ និងពាណិជ្ជកម្មរវាងកម្ពុជា និងសហរដ្ឋអាមេរិក៕