អ្នកនាំពាក្យអាកាសចរស៊ីវិល ស្នើដល់អ្នកដំណើរប្រើប្រាស់ចំណត នៅព្រលានថ្មីឲ្យបានត្រឹមត្រូវ ចៀសវាងការចំណាយខ្ពស់ ខណៈព្រលាននឹងបន្ថែមកម្លាំងសម្រាប់សម្រួលចរាចរណ៍ (Video inside)
03-10-2025 09:45
(ភ្នំពេញ)៖ លោក ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរស៊ីវិល បានស្នើសុំអ្នកដំណើរប្រើប្រាស់ចំណត នៅអាកាសយានដ្ឋានអន្ដរជាតិតេជោ សូមប្រើប្រាស់ឱ្យបានត្រឹមត្រូវ និងចតតាមការណែនាំ ចៀសវាងការចំណាយខ្ពស់ ខណៈប្រតិបត្តិករព្រលាន នឹងដាក់កម្លាំងជួយសម្រួលចរាចរណ៍បន្ថែមទៀត។
ការស្នើសូមបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោក ស៊ីន ចាន់សិរីវុត្ថា អញ្ជើញចូលរួម ក្នុងកិច្ចពិភាក្សាលើប្រធានបទ៖ «យន្តការគ្រប់គ្រងអាកាសយានដ្ឋានកម្ពុជា ប្រកបដោយប្រសិទ្ធភាព» ក្នុងកម្មវិធី FRESH BUSINESS។
លោក ស៊ីន ចាន់សិរីវុត្ថា បានបញ្ជាក់យ៉ាងដូច្នេះថា «តម្លៃចំណតនៅអាកាសយានថ្មីនេះ មានតម្លៃខ្ពស់ជាង នៅអាកាសយានដ្ឋានចាស់បន្តិច អីចឹងយើងត្រូវប្រយ័ត្នប្រយែង ក្នុងការប្រើប្រាស់ បើសិនយើងប្រើប្រាស់ខុសពីការណែនាំ គឺត្រូវបង់ថ្លៃ»។
សូមជម្រាបថា ចំណតយានយន្តគ្រប់ប្រភេទ (កង់ ម៉ូតូ ឡាន) នៅអាកាសយានដ្ឋានអន្តរជាតិតេជោ ត្រូវគិតប្រាក់ទៅតាមម៉ោងកំណត់ រួមមាន៖
ទី១៖ ផ្លូវដាក់អ្នកដំណើរ (Drop‑off lane):
* សម្រាប់រថយន្តប្រភេទសណ្ដោងរ៉ឺម៉ក, TukTuk និងរថយន្ដប្រភេទ SUV និង MPV អាចឈប់ឡានបាន១០នាទី ដោយមិនគិតថ្លៃ។
* សម្រាប់រថយន្តប្រភេទឡានក្រុង ឬឡានដឹកទំនិញ អាចឈប់ឡានបាន២០នាទី ដោយមិនគិតថ្លៃ។
* បើផុតពីរយៈពេលនេះ នឹងចាប់ផ្តើមគិតថ្លៃ «បន្ថែម» រៀងរាល់៥នាទីម្ដង។
ទី២៖ ចំណតធម្មតា (Regular Parking):
* រយៈពេលពេល៣០នាទី តម្លៃ៤,០០០រៀល សម្រាប់រថយន្តប្រភេទ SUV និង MPV។ ដោយឡែក ឡានក្រុង ឬឡានដឹកទំនិញ តម្លៃ៥,០០០រៀល។
* បន្ទាប់ពី៣០នាទីដំបូងនេះ ប្រភេទរថយន្តប្រភេទ SUV និង MPV ត្រូវបន្ថែមថ្លៃ២,០០០រៀល រៀងរាល់៣០នាទី និងប្រភេទឡានក្រុង ឬឡានដឹកទំនិញ ត្រូវបន្ថែមថ្លៃ៣,០០០រៀល។
ទី៣៖ ចំណតពិសេស (Premium Parking):
* រថយន្តប្រភេទ SUV និង MPV ចតរយៈពេល៣០នាទី តម្លៃ១២,០០០រៀល។
* បន្ទាប់ពី៣០នាទីដំបូងនេះ ត្រូវបន្ថែមថ្លៃ៦,០០០រៀល រៀងរាល់៣០នាទី។
ដោយឡែក ចំពោះតម្លៃចំណតម៉ូតូ/កង់៖ រយៈពេលក្រោម១២ម៉ោង តម្លៃ២,០០០រៀល បន្ទាប់ពី១២ម៉ោង បន្ថែម១,០០០រៀល រៀងរាល់១ម៉ោងម្ដង៕
សូមស្តាប់ការលើកឡើងទាំងស្រុង របស់លោក ស៊ីន ចាន់សិរីវុត្ថា៖