អ្នកនាំពា​ក្យអាកាសចរស៊ីវិល៖ ដើម្បីចៀសវាងការពិបាក អ្នកដំណើរតាមយន្តហោះ គួរស្នើសុំជំនួយពីក្រុមហ៊ុនអាកាសចរណ៍ ដែលខ្លួនទិញសំបុត្រ ដើម្បីជួយសម្រួលតាំង​ពីកន្លែង Check in ទៅដល់ពេលឡើងយន្តហោះ (Video inside)

03-10-2025 09:59

(ភ្នំពេញ)៖ លោក ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរស៊ីវិល បានថ្លែងឲ្យដឹងថា ដើម្បីចៀសវាងការពិបាកសម្រាប់អ្នកធ្វើដំណើរតាមយន្តហោះលើកដំបូង ឬចាស់ៗដែលពិបាកក្នុងការនិយាយភាសាបរទេស គួរស្នើសុំជំនួយពី ក្រុមហ៊ុនអាកាសចរណ៍ដែលខ្លួនទិញសំបុត្រ ដើម្បីជួយសម្រួលតាំង​ពីកន្លែង Check in ទៅដល់ពេលឡើងយន្តហោះ។

លោក ស៊ីន ចាន់សិរីវុត្ថា បានថ្លែងឲ្យដឹងថា ជាការពិតណាស់ថា ប្រជាពលរដ្ឋធ្វើដំណើរតាមព្រលានថ្មីនេះអាចនឹងប្រឈមបញ្ហាខ្លះៗ ព្រោះនេះជាព្រលានថ្មី ដូច្នេះអាចនឹងមានចម្ងល់ផ្សេងៗ ដែលតម្រូវឲ្យប្រជាពលរដ្ឋស្វែងយល់ព័ត៌មាន បន្ថែមពីប្រព័ន្ធព័ត៌មានសាធារណៈ ហើយប្រសិនបើអតិថិជនមានការលំបាកបន្ទាប់ពីការទិញសំបុត្រយន្ដហោះរួចរាល់ និងត្រូវការជំនួយពីក្រុមហ៊ុនអាកាសចរណ៍ទាំងនោះ គួរគម្បីសរសេរពីតម្រូវការរបស់ខ្លួនទៅកាន់ក្រុមហ៊ុន ព្រោះថាបន្ទាប់ពីអតិថិជនសរសេរពីតម្រូវការនេះ ក្រុមការងារនឹងផ្ញើបន្ដទៅកាន់កន្លែងផ្សេងៗទៀត ដើម្បីមានជំនួយដល់ពួកគាត់។

លោកបានបញ្ជាក់ថា នៅពេលដែលអតិថិជនប្រាប់អំពីតម្រូវការ ពួកគាត់នឹងជួយសម្រួលភ្លាមៗដល់អតិថិជន។

លោក ស៊ីន ចាន់សិរីវុត្ថា បានបន្ដថា ទោះជាយ៉ាងនេះក្ដីក៏សូមបញ្ជាក់ថា គ្រប់ព្រលានយន្ដហោះតែងតែមានកន្លែងសម្រាប់ដាក់ពាក្យរិះគន់ កែតម្រូវ ដូច្នេះប្រសិនបើអតិថិជនមានបញ្ហាណាមួយចង់កែតម្រូវ គឺអាចសរសេរដាក់គ្រប់កន្លែងដាក់ពាក្យទាំងនោះបាន នោះក្រុមការងារ គណ​ៈកម្មាការរបស់ព្រលានយន្ដហោះ ព្រមទាំងភាគីពាក់ព័ន្ធទាំងអស់នឹងយកមកមើលព្រមទាំងកែរតម្រូវបន្ថែម៕

សូមស្ដាប់ការបកស្រាយរបស់លោក ស៊ីន ចាន់សិរីវុត្ថា៖