ចិនបន្ដនាំមុខគេលើការបោះទុនវិនិយោគនៅកម្ពុជា ក្នុងទំហំទឹកប្រាក់ជាង ៤ពាន់លានដុល្លារ ក្នុងរយៈពេល៩ខែ ឆ្នាំ២០២៥ ខណៈវិនិយោគិនក្នុងស្រុកជាប់លេខ២

03-10-2025 15:10

(ភ្នំពេញ)៖ ប្រទេសចិន បានបន្ដឈរលំដាប់លេខ១ ដែលបានមកដាក់ទុនវិនិយោគនៅកម្ពុជាច្រើនជាងគេ នៅរយៈពេល៩ខែ ឆ្នាំ២០២៥ ក្នុងទំហំទឹកប្រាក់ ៤,១៣០លានដុល្លារអាមេរិក។ នេះបើតាមរបាយការណ៍ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

របាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបញ្ជាក់ថា ក្នុងរយៈពេល៩ខែ ឆ្នាំ២០២៥ ការវិនិយោគមកពីប្រទេសចិន ស្ថិតនៅលំដាប់លេខទី១ ដែលបានរួមចំណែកប្រមាណ ៥២.៩៦% នៃទុនវិនិយោគសរុបនៅក្នុងប្រទេសកម្ពុជាចំនួន ៧ ៨០០លានដុល្លារអាមេរិក។

ចំណែកកម្ពុជា ស្ថិតនៅលំដាប់លេខរៀងទី២ ដែលបានរួមចំណែកប្រមាណ៣០.១៥% ក្នុងទំហំទឹកប្រាក់ ២ ៣៥១លានដុល្លារ ខណៈសិង្ហបុរី ស្ថិតនៅលេខរៀងទី៣ រួមចំណែក៦.៩៣% ក្នុងទំហំទឹកប្រាក់ ៥៤០លានដុល្លារ។

បើតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, ក្នុងរយៈពេល៩ខែ នៃឆ្នាំ២០២៥នេះ គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចុះបញ្ជីគម្រោងវិនិយោគចំនួន ៥៤៦គម្រោង ក្នុងទំហំទុនវិនិយោគសរុប ប្រមាណ៧.៨ប៊ីលានដុល្លារអាម៉េរិក គឺគម្រោងវិនិយោគ មានការកើនឡើង ចំនួន២៣១គម្រោង ស្មើនឹងប្រមាណ៧៣%។

គម្រោងនេះ មានការកើនឡើងទុនវិនិយោគប្រមាណ ២.៥ប៊ីលានដុល្លារអាម៉េរិក ស្មើនឹងប្រមាណ ៤៧% បើប្រៀបធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២៤ ដែលគណៈកម្មាធិការ វិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចុះបញ្ជីគម្រោងវិនិយោគ ត្រឹមតែ៣១៥គម្រោង ក្នុងទំហំទុនវិនិយោគប្រមាណ៥.៣ប៊ីលានដុល្លារអាម៉េរិក។

ជាការកត់សម្គាល់ ត្រឹមតែរយៈពេល៩ខែ គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចុះបញ្ជីគម្រោងវិនិយោគ លើសការចុះបញ្ជីគម្រោងវិនិយោគពេញ មួយឆ្នាំ២០២៤ រហូតដល់ទៅ១៣២គម្រោង។

សូមជម្រាបផងដែរថា រយៈពេល៩ខែ ឆ្នាំ២០២៥ វិស័យហេដ្ឋារចនាសម្ព័ន្ធ និងផ្សេងៗ បានទាក់ទាញការវិនិយោគចំនួន ១ ៩០០លានដុល្លារ, វិស័យឧស្សាហកម្ម ចំនួន ៥ ៣០០លានដុល្លារ, វិស័យកសិកម្ម, កសិ-ឧស្សាហកម្ម ចំនួន៤០៥លានដុល្លារ និងវិស័យទេសចរណ៍ ចំនួន១៧៥លានដុល្លារ។

រយៈពេល៩ខែ ឆ្នាំ២០២៥នេះ ខេត្ដកំពង់ស្ពឺ ជាខេត្ដទទួលបានគម្រោងច្រើងជាងគេ មានចំនួន១២៥គម្រោង, ខេត្ដស្វាយរៀង ចំនួន១២២គម្រោង, រាជធានីភ្នំពេញ ចំនួន៦៥គម្រោង, ខេត្ដតាកែវ ចំនួន៥៩គម្រោង, ខេត្ដកោះកុង ចំនួន៤៦គម្រោង និងខេត្ដព្រះសីហនុ ចំនួន៤៣គម្រោង៕