ថ្ងៃនេះ ក្រុមហ៊ុនអាកាសចរណ៍កម្រិតពិភពលោក Etihad ចាប់ផ្តើមបើកជើងហោះហើរត្រង់ ពីទីក្រុងអាប៊ូដាប៊ី ប្រទេសអារ៉ាប់រួម មកកាន់រាជធានីភ្នំពេញ
03-10-2025 15:43
(ភ្នំពេញ)៖ ចាប់ពីថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៥ ក្រុមហ៊ុនអាកាសចរណ៍កម្រិតពិភពលោក Etihad Airways (EY) បានតភ្ជាប់ជើងហោះហើរត្រង់ ពីទីក្រុងអាប៊ូដាប៊ី (AUH) មកកាន់រាជធានីភ្នំពេញ (KTI) ជាប្រវត្តិសាស្ត្រ។ ជើងហោះហើរនេះ ចំណាយពេលជាង ៧ម៉ោងមិនឈប់។
បើតាមការប្រកាសរបស់ក្រុមហ៊ុន Etihad Airways (Cambodia) ជើងហោះហើរនេះដែរមាន ៤ជើង ក្នុងមួយសប្តាហ៍។
តាមផែនការយន្តហោះរបស់ក្រុមហ៊ុន Etihad Airways នឹងចាកចេញពីទីក្រុងអាប៊ូដាប៊ី នៅម៉ោង៨៖៤៥នាទីយប់ ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ មកចុះចតនៅអាកាសយានដ្ឋានអន្តរជាតិតេជោ នៅម៉ោង ៦៖៥៥នាទីព្រឹក (ម៉ោងនៅកម្ពុជា)។
លោក ជា ចាន់ដារ៉ា ប្រធានសមាគមពាណិជ្ជករ ដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅកម្ពុជា បានលើកឡើងថា ដើម្បីឲ្យសេដ្ឋកិច្ចកម្ពុជា មានការរីកចម្រើន និងរឹងមាំ កម្ពុជាត្រូវតែពង្រីកជើងហោះហើរបន្ថែម ទៅបណ្តាប្រទេសផ្សេងៗ ដែលអាចជាដៃគូ ឬក៏ស្វែងរកដៃគូបន្ថែមទៀត ពីព្រោះពេលពង្រីកជើងហោះហើរបានច្រើន វិស័យទេសចរណ៍របស់កម្ពុជា នឹងល្អជាងមុន។
លោកបានបន្តថា ជើងហោះហើរនេះ នឹងទាក់ទាញ់ការវិនិយោគបន្ថែមទៀតនៅកម្ពុជា ព្រោះជាធម្មតាពេលមកលេងប្រទេសកម្ពុជាញឹកញាប់ អ្នកមកលេងច្បាស់ជាមើលឃើញឱកាសវិនិយោគ ឬបណ្តាក់ទុនរកស៉ីលើវិស័យណាមួយមិនខាន។ ជាមួយគ្នានេះ នៅក្នុងការហោះហើរត្រង់ មិនផ្ទេរនៅប្រទេសណាម ធ្វើឲ្យអ្នកដំណើរមានភាពងាយស្រួល និងចង់ធ្វើដំណើរមកកម្ពុជា។
សូមជម្រាបថា កាលវិភាគហោះហើរពី AUH មក KTI គឺជើងហោះហើរ EY0434 រៀងរាល់ថ្ងៃចន្ទ ពុធ សុក្រ និងអាទិត្យ ខណៈម៉ោងចេញដំណើរ ២០៖៤៥ ទៅដល់ម៉ោង ០៦៖៥៥ (+១)។ ចំណែកកាលវិភាគហោះហើរពី KTI ទៅ AUH គឺជើងហោះហើរ EY0435 រៀងរាល់ថ្ងៃចន្ទ អង្គារ ព្រហស្បតិ៍ និងសៅរ៍ ខណៈម៉ោងចេញដំណើរ ០៧៖៤៥ មកដល់ម៉ោង ១២៖៤៥។
ក្រុមហ៊ុន Etihad Airways (Cambodia) បានចាត់ទុកថា ផ្លូវហោះហើរថ្មីនេះជួយបង្កើនការតភ្ជាប់សម្រាប់អ្នកធ្វើអាជីវកម្ម និងការកម្សាន្ត បើកទ្វារទៅកាន់ឱកាសថ្មីៗនៅមជ្ឈិមបូព៌ា និងតំបន់ផ្សេងទៀត៕