អគ្គនាយក ARDB ណែនាំឱ្យម្ចាស់កសិដ្ឋានចិញ្ចឹមគោយកទឹកដោះនៅក្រុងអរិយក្សត្រ ពង្រឹងការផលិតទឹកដោះគោឲ្យបានច្រើន ដើម្បីឆ្លើយតបតម្រូវការទីផ្សារ

05-10-2025 08:08

(កណ្ដាល)៖ បណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ព្រមទាំងសហការី នៅថ្ងៃសៅរ៍ទី៤ ខែតុលា ឆ្នាំ២០២៥នេះ បានអញ្ជើញទស្សនកិច្ចនៅកសិដ្ឋាន មូមូ ហ្វាម (Moo Moo Farms) ដែលចិញ្ចឹមគោយកទឹកដោះបែបធម្មជាតិ ស្ថិតនៅភូមិខ្នោការ សង្កាត់បារុង ក្រុងអរិយក្សត្រ ខេត្តកណ្តាល។

នៅក្នុងឱកាសអញ្ជើញទស្សនកិច្ចនោះ បណ្ឌិត កៅ ថាច ក៏បានមានប្រសាសន៍លើកទឹកចិត្តដល់ម្ចាស់កសិដ្ឋាន មូមូ ហ្វាម (Moo Moo Farms) ដែលជាអ្នកវិនិយោគក្នុងស្រុកត្រូវតែគិតគួរ ពង្រឹងការផលិតទឹកដោះគោឲ្យបានច្រើន ដោយរៀបចំគ្រួសារកសិករអ្នកចិញ្ចឹមឲ្យបានច្បាស់លាស់ ថែទាំឲ្យបានល្អ ដើម្បីឆ្លើយតបនិងការផ្គត់ផ្គង់លើទីផ្សារដែលកំពុងតែមានតម្រូវការខ្ពស់។

លើសពីនេះ ដើម្បីជួយដល់កសិករនៅតំបន់អរិយក្សត្រ ក្នុងស្រុកល្វាឯមនេះ មានប្រាក់ចំណូល ម្ចាស់កសិដ្ឋានខាងលើគួរតែចងក្រងកសិករ និងតភ្ជាប់ការផលិត ឬប្រើប្រាស់វត្ថុធាតុដើម ក្នុងស្រុក ដូចជា ដំណាំពោត និងកសិផលផ្សេងៗទៀត ដែលកសិករបានដាំដុះ គួរប្រមូលទិញពីពួកគាត់យកមកប្រើប្រាស់ឲ្យអស់លទ្ទភាពតែម្តង។

បច្ចុប្បន្នកសិដ្ឋាន មូមូ ហ្វាម (Moo Moo Farms) បានបំពាក់ដោយបច្ចេកវិទ្យាទំនើប សម្រាប់កែច្នៃទឹកដោះគោ។ សព្វថ្ងៃនេះ កសិដ្ឋានមានគោផលិតទឹកដោះប្រមាណ ២០០ក្បាល ដោយ ក្នុងមួយថ្ងៃ គោអាចផលិតទឹកដោះបានចំនួន ២០០០លីត្រផងដែរ៕