យល់ដឹងពីជំនួញ៖ តើប្រភេទទំនិញ និងសេវាអ្វីខ្លះ ដែលត្រូវបានអនុគ្រោះចំពោះការអនុវត្តអាករលើតម្លៃបន្ថែម ឬ VAT ពីរដ្ឋ ?

05-10-2025 08:56

(ភ្នំពេញ)៖ អាករលើតម្លៃបន្ថែម (VAT) គឺជាពន្ធលើការចំណាយរបស់អ្នកប្រើប្រាស់ចុងក្រោយ ដែលត្រូវគិតបន្ថែមលើតម្លៃដើមនៃផលិតផល ឬសេវាកម្មជាប់អាករ។ ការប្រកបអាជីវកម្មភាគច្រើន ទាក់ទិនទៅនឹងការផ្គត់ផ្គង់ទំនិញ ឬសេវា ហើយការប្រកបអាជីវកម្មទាំងនោះត្រូវជាប់ អាករលើតម្លៃបន្ថែមប្រសិនបើមានការផ្គត់ផ្គង់។

ជាទូទៅ នៅពេលដែលយើងទិញទំនិញ ម្ហូបអាហារ ភេសជ្ជៈ ឬរបស់របរផ្សេងៗ ជាពិសេសនៅតាមបណ្ដាផ្សារទំនើប ឬភោជនីយដ្ឋានធំៗ គឺយើងតែងតែសង្កេតឃើញថា អ្នកលក់ទាមទារឱ្យអ្នកទិញត្រូវបង់ប្រាក់បន្ថែមចំនួន ១០% នៃប្រាក់ថ្លៃទំនិញដែលបានទិញនោះ។ ប្រាក់បន្ថែមចំនួន ១០% ដែលត្រូវបង់នេះ គឺជាពន្ធដែលត្រូវប្រមូលដោយអ្នកលក់ សម្រាប់យកទៅបង់ជូនរដ្ឋ ដែលត្រូវបានហៅថា អាករលើតម្លៃបន្ថែម (Value Added Tax or VAT)។

ប៉ុន្តែក៏មានទំនិញ សេវា និងសកម្មភាពមួយចំនួន ដែលជាប្រយោជន៍សាធារណៈ និងចាំបាច់ប្រើប្រាស់ក្នុងការរស់នៅ របស់ប្រជាពលរដ្ឋទទួលបានការអនុគ្រោះ និងលើកទឹកចិត្តចំពោះការអនុវត្តអាករលើតម្លៃបន្ថែម។

យោងតាមអគ្គនាយកដ្ឋានពន្ធដារបានឱ្យដឹងថា អាករលើតម្លៃបន្ថែម គឺជាយន្តការសម្រាប់ប្រមូលប្រាក់ពន្ធមួយដ៏មានប្រសិទ្ធភាព និងលើកទឹកចិត្តឱ្យមានការអភិវឌ្ឍខាងធុរកិច្ចដោយបាន បំបាត់ឥទ្ធិពលពន្ធត្រួតគ្នា តាមរយៈការអនុញ្ញាតឱ្យកាត់កងឥណទាន ព្រមទាំងជួយជំរុញការនាំចេញតាមរយៈអត្រាសូន្យ។

ជាមួយគ្នានេះ ទំនិញឬសេវា និងសកម្មភាពសំខាន់ៗមួយចំនួន ដែលរួមចំណែកជាប្រយោជន៍សាធារណៈ ជាពិសេសមានភាពចាំបាច់ក្នុងជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ ក៏ត្រូវបានចាត់ទុកជាការផ្គត់ផ្គង់មិនជាប់អាករ ផងដែរក្នុងនោះមាន៖
១. សេវាសិក្សាអប់រំ
២. សេវាប្រៃសណីយ៍សាធារណៈ
៣. សេវារបស់មន្ទីរពេទ្យនិងគ្លីនិក សេវាខាងវេជ្ជសាស្ត្រ និងការលក់ទំនិញបន្ទាប់បន្សំខាងវេជ្ជសាស្ត្រ និងទន្តសាស្ត្រដែលទាក់ទិននឹងការ បំពេញសេវាទាំងនេះ។
៤. សេវាដឹកជញ្ជូនអ្នកដំណើរដោយប្រព័ន្ធដឹកជញ្ជូនសាធារណៈ ដែលជាកម្មសិទ្ធិទាំងស្រុងរបស់រដ្ឋ
៥. សេវាធានារ៉ាប់រង
៦. ការផ្គត់ផ្គង់ថាមពលអគ្គិសនី និងការផ្គត់ផ្គង់ទឹកស្អាត
៧. ផលិតផលកសិកម្មមិនទាន់កែច្នៃផលិតក្នុងស្រុក
៨. សេវាប្រមូលសំរាម និងកាកសំណល់រឹងឬរាវ
៩. សេវាជាមូលដ្ឋានខាងហិរញ្ញវត្ថុ ដែលត្រូវកំណត់ដោយប្រកាសរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
១០. ការនាំចូលសម្ភារៈប្រើប្រាស់ផ្ទាល់ខ្លួន ដែលរួចពន្ធគយក្នុងកម្រិតតម្លៃ ដែលត្រូវកំណត់ដោយប្រកាសរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
១១. សកម្មភាពមិនស្វែងរកប្រាក់ចំណេញ ដើម្បីបម្រើផលប្រយោជន៍សាធារណៈ ដែលបានទទួលស្គាល់ដោយរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

បន្ថែមពីនេះ ដើម្បីលើកកម្ពស់សកម្មភាពកសិកម្ម និងសម្រួលដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ឱ្យកាន់តែប្រសើរឡើងមួយកម្រិតទៀត អាករលើតម្លៃបន្ថែមចំពោះផលិតផលមួយចំនួន ដែលធ្វើការផ្គត់ផ្គង់ក្នុងស្រុកត្រូវបានចាត់ទុកជាបន្ទុករដ្ឋ ដែលជាអាទិ៍មាន សាច់និងស៊ុត សត្វចិញ្ចឹមគ្រប់ប្រភេទ ត្រីទឹកសាបនិងទឹកប្រៃគ្រប់ប្រភេទ ស្ករ អំបិល ទឹកត្រី និងទឹកស៊ីអីវគ្រប់ប្រភេទ ព្រមទាំងអនុគ្រោះអាករលើតម្លៃបន្ថែម ជាបន្ទុករដ្ឋលើការនាំចូលនិងផ្គត់ផ្គង់ទំនិញមួយចំនួន រួមមាន ជីគ្រប់ប្រភេទ ពូជដំណាំគ្រប់ប្រភេទ បសុឱសថ ចំណីសត្វ ពូជសត្វ គ្រឿងយន្ត និងឧបករណ៍កសិកម្មគ្រប់ប្រភេទ។

ជាមួយគ្នានេះការអនុវត្តអាករលើតម្លៃបន្ថែម ចំពោះការផលិតផ្គត់ផ្គង់ក្នុងស្រុក ឬនាំចេញនូវផលិតផល កសិកម្មមួយចំនួនផ្សេងទៀត រួមមាន ស្រូវ អង្ករ ពោត សណ្តែក ម្រេច ដំឡូងមី គ្រាប់ស្វាយចន្ទី និងជ័រកៅស៊ូ ក៏ត្រូវបានចាត់ទុកជាបន្ទុក រដ្ឋផងដែរ៕