អគ្គនាយកនិយ័តករមូលបត្រកម្ពុជា មានសុទិដ្ឋនិយមថា ការប្រមូលសាច់ប្រាក់នៅក្នុងទីផ្សារមូលបត្រនឹងកើនឡើងលើស៧០០លានដុល្លារ នៅត្រឹមដើមឆ្នាំ២០២៦
07-10-2025 10:53
(ភ្នំពេញ)៖ អគ្គនាយកនិយ័តករមូលបត្រកម្ពុជា មានសុទិដ្ឋនិយមថា ការប្រមូលសាច់ប្រាក់នៅក្នុងទីផ្សារមូលបត្រនឹងកើនឡើងលើស៧០០លានដុល្លារ នៅត្រឹមដើមឆ្នាំ២០២៦ ខណៈមកទល់បច្ចុប្បន្ននេះ ការប្រមូលសាច់ប្រាក់ក្នុងទីផ្សារនេះ មានទំហំជាង៥៥០លានដុល្លារ ដែលក្រុមហ៊ុននានាបានយកទៅពង្រីកអាជីវកម្មរបស់ខ្លួន។
ថ្លែងក្នុងសន្និសីទមូលបត្រប្រចាំឆ្នាំ២០២៥ នាថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥នេះ លោក ស៊ូ សុជាតិ មានប្រសាសន៍ថា គិតមកដល់បច្ចុប្បន្ន ទីផ្សារមូលបត្រកម្ពុជា មានក្រុមហ៊ុនចំនួន២៥ បានបោះផ្សាយលក់មូលបត្រ និងចុះបញ្ជីលក់មូលបត្រនៅផ្សារមូលបត្រ ដែលក្រុមហ៊ុនទាំង២៥ នេះ បានប្រមូលសាច់ប្រាក់ក្នុងរង្វង់ ៥៥០ លានដុល្លារអាម៉េរិក។
នាថ្ងៃទី៨ ខែតុលាថ្ងៃស្អែកនេះ នឹងមានក្រុមហ៊ុនមួយទៀតចុះបញ្ជីសញ្ញាបណ្ណចំនួន ១០០ លានដុល្លារអាម៉េរិកបន្ថែមទៀត។
បើតាម លោក ស៊ូ សុជាតិ គិតត្រឹមត្រីមាសទី២ ឆ្នាំ២០២៥ ទំហំមូលធនូបនីយកម្មទីផ្សារសរុបមានតម្លៃប្រហែល ១១,០១ ទ្រីលានរៀល ឬប្រមាណ២,៧៥ ពាន់លានដុល្លារអាម៉េរិក ឬស្មើនឹង ៥,៧៣% ធៀបនឹងផលិតផលក្នុងស្រុកសរុប។
ទន្ទឹមគ្នានេះលោកបានឱ្យដឹងដែរថា «ក្នុងចំណោមក្រុមហ៊ុនទាំង ២៥ នេះ មានក្រុមហ៊ុនចំនួន ១១ បានបោះផ្សាយលក់មូលបត្រកម្មសិទ្ធិ និងក្រុមហ៊ុនចំនួន ១៤ បានបោះផ្សាយលក់សញ្ញាបណ្ណ ដោយរួមបញ្ចូលទាំងសញ្ញាបណ្ណបៃតង និងសញ្ញាបណ្ណចីរភាព ដែលនេះជាមោទនភាពមួយសម្រាប់កម្ពុជា ថ្វីត្បិតតែកម្ពុជាទើបតែចាប់ផ្តើមទីផ្សារក្រោយគេ ហើយទំហំទីផ្សារនៅតូច តែការអនុវត្ត និងការអភិវឌ្ឍទីផ្សារ គឺស្របទៅនឹងនិន្នាការថ្នាក់តំបន់ និងសកល។ ចំពោះសញ្ញាបណ្ណ ដែលបានបោះផ្សាយ គឺមានឥណប្រតិទានចន្លោះពី ៣ ឆ្នាំ ដល់ ១៥ ឆ្នាំ»។
រីឯទីផ្សារឧបករណ៍និស្សន្ទ គិតត្រឹមត្រីមាសទី២ ឆ្នំា២០២៥ មានទំហំជួញដូរ សរុបចំនួន ១,៧ លានឯកតាជួញដូរ និងមានតម្លៃជួញដូរ សរុបចំនួនប្រមាណ ២ ពាន់លានដុលា្លរអាម៉េរិក។
អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ មានប្រសាសន៍ថា សម្រាប់ប្រទេសអភិវឌ្ឍន៍ ទីផ្សារមូលបត្រមិនមែនគ្រាន់តែជាយន្តការហិរញ្ញវត្ថុ ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំង ជាមូលដ្ឋានគ្រឹះ និង ជាកាតាលីករ ដែលគាំទ្រ និងទ្រទ្រង់ដល់កំណើនសេដ្ឋកិច្ចជាតិ និង សង្គម ព្រមទាំងជាប៉ារ៉ាម៉ែត្រ សម្រាប់វាស់ពីស្ថានភាព និង សុខភាពសេដ្ឋកិច្ចទៀតផង។ ដោយឡែក សម្រាប់កម្ពុជា ទីផ្សារមូលបត្រ បាន និងកំពុង ដើរតួនាទីយ៉ាងសំខាន់ ក្នុងប្រព័ន្ធហិរញ្ញវត្ថុ ជាសសៃឈាមដ៏សំខាន់ សម្រាប់ សេដ្ឋកិច្ចជាតិ ក្នុងការជួយជំរុញ និងការគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច ឲ្យមានការរីកចម្រើន ប្រកបដោយបរិយាបន្ន, ជវភាព, ភាពធន់, នវានុវត្ត និង ចីរភាព ។
អគ្គបណ្ឌិតសភាចារ្យ មានប្រសាសន៍ថា «ការវិវត្តនៃទីផ្សារមូលបត្រនៅកម្ពុជា ក៏បានឆ្លុះបញ្ចាំង ច្បាស់ ពីភាពចាស់ទុំផ្នែកសេដ្ឋកិច្ច និង ជាច្រកហិរញ្ញប្បទានរយៈពេលវែង និង សម្បូរបែប សម្រាប់ក្រុមហ៊ុន ឬ សហគ្រាស ប្រើប្រាស់ដើម្បីពង្រីកអាជីវកម្ម សំដៅគាំទ្រដល់ការ-អភិវឌ្ឍសង្គម-សេដ្ឋកិច្ច ប្រកបដោយនវានុវត្ត, បរិយាបន្ន និង ចីរភាព»។
សូមជម្រាបថា បច្ចុប្បន្ននេះ ទំហំជួញដូរភាគហ៊ុនក្នុងទីផ្សារមូលបត្រនៅកម្ពុជា មានចំនួនសរុប ២៣១.១៨៤.៣១៩ ភាគហ៊ុន ដែលមានទំហំជួញដូរប្រចាំថ្ងៃជាមធ្យម ៧៣.៤៣៨ ភាគហ៊ុន ខណៈដែលតម្លៃជួញដូរប្រចាំថ្ងៃជាមធ្យមប្រមាណ ១៣ ម៉ឺនដុល្លារអាម៉េរិក ខណៈវិនិយោគដែលទទួលបានលេខអត្តសញ្ញាណមានចំនួន ៦១.៣០៦៕