កម្ពុជារៀបចំសន្និសីទមូលបត្រថ្នាក់ជាតិលើកដំបូង ដើម្បីជំរុញការអភិវឌ្ឍទីផ្សារមូលបត្រនៅកម្ពុជា ប្រកបដោយចីរភាព

07-10-2025 11:44

(ភ្នំពេញ)៖ និយ័តករមូលបត្រកម្ពុជា (ន.ម.ក.)សហការ ជាមួយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានសន្និសីទមូលបត្រថ្នាក់ជាតិលើកដំបូង«ក្រោមមូលបទ ការវិវត្តនៃវិស័យមូលបត្រ៖ ចីរភាព, នវានុវត្តន៍, បរិយាបន្ន និងភាពធន់ទី៧ ខែតុលា ឆ្នាំ២០២៥ ដើម្បីជំរុញការអភិវឌ្ឍទីផ្សារមូលបត្រនៅកម្ពុជា ប្រកបដោយចីរភាព។

ថ្លែងនាឱកាសនេះ លោក ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃនិយ័តករមូលបត្រកម្ពុជា បានឱ្យដឹងថា សន្និសីទមូលបត្រថ្នាក់ជាតិលើកដំបូងនេះរៀបចំឡើង ក្នុងគោលបំណងផ្សព្វផ្សាយដាក់ឱ្យប្រើប្រាស់នូវយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យមូលបត្រ ២០២៥-២០៣៥ ឱ្យកាន់តែទូលំទូលាយ និងជាពិសេសការបង្កើតជាវេទិកាជួបជុំ និងពិភាក្សារវាងតួអង្គសំខាន់ៗនៅក្នុងវិស័យមូលបត្រនៅកម្ពុជាអំពីភាពរីកចម្រើន និងនវានុវត្តន៍នៃវិស័យមូលបត្រ ព្រមទាំងនិន្នាការនៃការវិវត្តរបស់វិស័យនេះ ក៏ដូចជាតួនាទីដ៏សំខាន់របស់វិស័យមូលបត្រចំពោះសេដ្ឋកិច្ចជាតិ។

លោកមានប្រសាសន៍ថា វិស័យមូលបត្រនៅកម្ពុជាមានការអភិវឌ្ឍគួរឱ្យកត់សម្គាល់ក្នុងរយៈពេលជាង ១៥ ឆ្នាំមកនេះ ជាពិសេស ការរៀបចំបទប្បញ្ញត្តិ និងការបង្កើតហេដ្ឋារចនាសម្ព័ន្ធ និងប្រព័ន្ធអេកូឡូស៊ីទីផ្សារ រួមមានជាអាទិ៍៖ ការបង្កើតនិងការដាក់ចេញក្របខ័ណ្ឌច្បាប់ និងបទប្បញ្ញត្តិដើម្បីបង្កើតតួអង្គ និងដំណើរការផលិតផលថ្មីៗនៅក្នុងទីផ្សារ រួមទាំងការធ្វើនវានុវត្តទីផ្សារ និងផលិតផល។

គិតត្រឹមត្រីមាសទី៣ ឆ្នាំ២០២៥ ន.ម.ក. បានដាក់ចេញបទប្បញ្ញត្តិចំនួន ៩៣ ដើម្បីគ្រប់គ្រង ត្រួតពិនិត្យ និងអភិវឌ្ឍវិស័យនេះ ជាកិច្ចឆ្លើយតបនឹងតម្រូវការ និងនិន្នាការវិវត្តនៃវិស័យនេះ។

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី, រដ្ឋមន្រ្តី ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ជាប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ បានបង្ហាញនូវមានមោទនភាព ចំពោះសមិទ្ធផលជាច្រើន គួរឲ្យកត់សម្គាល់ ដែលសម្រេចបាន ក្នុងដំណើរជាងមួយទស្សវត្សរ៍កន្លងទៅនេះ ពោលគឺវិស័យមូលបត្រនៅកម្ពុជា បានចាប់ផ្តើមពីចំណុចសូន្យពីស្ថាប័នមួយដែលមានធនធានមនុស្សប្រមាណ ១០ នាក់ តែប៉ុណ្ណោះ មកជាស្ថាប័នមួយ ដែលបច្ចុប្បន្ន មានធនធានមនុស្ស រហូតដល់ប្រមាណ ២០០ នាក់ ជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធសមស្រប ទៅនឹងការវិវត្តនៃបរិបទសង្គម និង និន្នាការជាតិ និងតំបន់ ។

អគ្គបណ្ឌិតសភាចារ្យបន្ថែមថា គណៈកម្មការមូលបត្រកម្ពុជា បានកើតចេញពីស្ថាប័នដ៏តូចមួយ និង បានក្លាយជាស្ថាប័នដ៏សំខាន់មួយ ដែលបានរួមចំណែកយ៉ាងសកម្ម ក្នុងការអភិវឌ្ឍវិស័យមូលបត្រ, ទាំងក្នុងប្រទេស និង ក្នុងតំបន់ ជាពិសេស ការចូលរួមក្នុងគំនិតផ្តួចផ្តើមអាស៊ាន ក្នុងវិស័យមូលបត្រ, រួមទាំងការដឹកនាំ និង ការចូលរួមអនុវត្ត នូវផែនការសកម្មភាពអាស៊ាន ផងដែរ ។

អគ្គបណ្ឌិតសភាចារ្យមានប្រសាសន៍បន្ថែមថា «យើងបានឈានដល់ដំណាក់កាលថ្មីដ៏សំខាន់មួយទៀត ក្នុងកិច្ចប្រឹង ប្រែងអភិវឌ្ឍវិស័យមូលបត្រនៅកម្ពុជានោះគឺ ការដាក់ចេញនូវផែនការមេ សម្រាប់ការអភិវឌ្ឍវិស័យនេះ រយៈពេល ១០ ឆ្នាំខាងមុខ ពោលគឺ«យុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យមូលបត្រ ២០២៥-២០៣៥»។ យុទ្ធសាស្រ្តនេះ គឺជាឯកសាររស់ ដែលបានប្រមូលផ្តុំនូវវិធានការគន្លឹះជាច្រើន សម្រាប់ពង្រឹងទីផ្សារដែលមានស្រាប់ និង អភិវឌ្ឍផ្នែកថ្មីៗបន្ថែមទៀត ស្របតាមចក្ខុវិស័យវែងឆ្ងាយ របស់រាជរដ្ឋាភិបាល»

គិតមកដល់បច្ចុប្បន្ននេះ ក្នុងទីផ្សារមូលបត្រកម្ពុជាមានក្រុមហ៊ុនចំនួន ២៥ បានបោះផ្សាយលក់មូលបត្រ និងចុះបញ្ជីលក់មូលបត្រនៅ ផមក ដែលក្រុមហ៊ុនទាំង ២៥ នេះ បានប្រមូលសាច់ប្រាក់ក្នុងរង្វង់ ៥៥០ លានដុល្លារអាម៉េរិក៕