របាយការណ៍៖ កម្ពុជានាំចេញកសិផលទៅក្រៅប្រទេសជាង ១១លានតោន ទទួលបានចំណូលជិត៤ពាន់លានដុល្លារ ក្នុងរយៈពេល៩ខែឆ្នាំនេះ (Video inside)
07-10-2025 14:28
(ភ្នំពេញ)៖ រយៈពេល៩ខែ ឆ្នាំ២០២៥នេះ កម្ពុជាបានសម្រេចការនាំចេញផលិតផលដំណាំទៅក្រៅប្រទេសសរុបជាង ១១លានតោន ដែលគិតជាទឹកប្រាក់ជាង ៣ ៨៨៨លានដុល្លារ សហរដ្ឋអាមេរិក។ នេះបើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកសិកម្ម ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៥។
របាយការណ៍បានបញ្ជាក់ថា នៅក្នុងរយៈពេល៩ខែ ឆ្នាំ២០២៥នេះ ការនាំចេញផលិតផលដំណាំទៅក្រៅប្រទេស ដែលអគ្គនាយកដ្ឋានកសិកម្ម ទទួលបានផ្អែកលើប្រព័ន្ធទិន្នន័យ គ្រឹះភូតតាមអនាម័យជាតិ (National Phytosanitary Database) មានបរិមាណសរុប ១១ ១៣១ ៦៨១.១៥តោន។ ក្នុងនោះ ផលិតផលដំណាំក្រៅពីស្រូវ-អង្ករចំនួន ៥ ២៨៧ ៣៤៥.៥៦តោន ត្រូវចំនួន ៥ ២៤៧ ៩៩២.៥៩តោន និងអង្ករចំនួន ៥៩៦ ៣៤៣តោន ទៅកាន់ទិសដៅ ៨៨ប្រទេស ដោយមានការកើនឡើងចំនួន ៣០.៤៣% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។
របាយការណ៍បានបញ្ជាក់ថា «ក្នុងរយៈពេល៩ខែ ឆ្នាំ២០២៥ ការប៉ាន់ស្មានតម្លៃគិតជាទឹកប្រាក់ ដែលទទួលបានពីការនាំចេញ ផលិតផលដំណាំ (ឯកតាតម្លៃផ្នែកតាមវិក្កយបត្ររបស់អ្នកនាំចេញ) មានចំនួន ៣ ៨៨៨ ៦៩៨ ០៩១.៦៥ដុល្លារអាមេរិក។ ក្នុងនោះ តម្លៃការនាំចេញផលិតផលដំណាំក្រៅពីស្រូវ-អង្គរមានចំនួន ២ ៣៧៨ ៧៧៧ ១១២.១១ដុល្លារអាមេរិក តម្លៃពីការនាំចេញស្រូវមានចំនួន ១ ០៥៤ ៥៣១ ៦៣១.០៣ដុល្លារអាមេរិក និងតម្លៃពីការនាំចេញអង្ករមានចំនួន ៤៥៥ ៣៨៩ ៣៤៨.៥១ដុល្លារអាមេរិក»។
ការនាំចេញផលិតផលដំណាំ ក្នុងរយៈពេល៩ខែ ឆ្នាំ២០២៥ ទោះបីមានកំណើនចំនួន៣០.៤៣% ក៏ពិតមែន តែផលិតផលដំណាំមួយចំនួនមានការថយចុះ ដែលបណ្តាលមកពីមូលហេតុដូចខាងក្រោម៖
* ការនាំចេញដំឡូងមីស្រស់ថយចុះ ដោយសារប្រជាកសិករបំប្លែងពីដំឡូងមីស្រស់ទៅរក្រៀម និងកែច្នៃជាម្សៅ ដើម្បីអាចរក្សាទុកបានយូរ និងមានតម្លៃខ្ពស់។ ជាក់ស្តែង ក្នុងរយៈពេល៩ខែ ឆ្នាំ២០២៥នេះ ការនាំចេញដំឡូងមីក្រៀមកើនឡើងចំនួន ៥៧.៦២% និងម្សៅដំឡូងមីកើនឡើងចំនួន ៨៣.៤៩% បើធៀបនឹង រយៈពេលដូចគ្នាឆ្នាំ២០២៤។
* ការនាំចេញផ្លែស្វាយស្រស់ថយចុះ ដោយសាររោងចក្រដំណាប់ស្វាយក្នុងស្រុកបានប្រមូលទិញផ្លែ ស្វាយស្រស់មកកែច្នៃជាដំណាប់ស្វាយ ដើម្បីនាំចេញទៅទីផ្សារក្រៅប្រទេស។ គិតត្រឹមរយៈពេល៩ខែ ឆ្នាំ២០២៥នេះ ការនាំចេញដំណាប់ស្វាយ មានការកើនឡើងចំនួន ២៧.៥៤% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៤៕