ផ្សារមូលបត្រកម្ពុជា ទទួលបានក្រុមហ៊ុនចុះបញ្ជីលក់មូលបត្រសរុបចំនួន២៥ ដោយកៀរគរបានមូលធនសរុប ៦៤៨លានដុល្លារពីទីផ្សារមូលបត្រកម្ពុជា
08-10-2025 12:38
(ភ្នំពេញ)៖ ផ្សារមូលបត្រកម្ពុជា នាព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ ២០២៥ បានរៀបចំ «ពិធីចុះបញ្ជីលក់សញ្ញាបណ្ណសាជីវកម្មជាផ្លូវការលើកទី២ របស់ធនាគារ អេស៊ីលីដា ភីអិលស៊ី» ក្រោមអធិបតីភាពបណិ្ឌតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃផ្សារមូលបត្រកម្ពុជា ដោយមានការអញ្ជើញចូលរួមពី លោក ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា, លោក ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកផ្សារមូលបត្រកម្ពុជា, លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិនៃ ធនាគារ អេស៊ីលីដា ភីអិលស៊ី, តំណាងក្រសួងស្ថាប័ន និង វិស័យឯកជន ព្រមទាំងភ្ញៀវកិត្តិយសជាច្រើនរូប ។
បណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ប្រធានក្រុមប្រឹក្សាភិបាល បានជម្រាបជូនអង្គពិធីថា ការចុះបញ្ជីលក់សញ្ញាបណ្ណសាជីវកម្ម ជាលើកទី ២ របស់ធនាគារ អេស៊ីលីដា នាពេលនេះ បានបង្ហាញអំពីការប្តេជ្ញាចិត្តមុតមាំ របស់ថ្នាក់ដឹកនាំធនាគារ ក្នុងការចូលរួមចំណែកអភិវឌ្ឍទីផ្សារមូលបត្រនៅកម្ពុជា, ហើយការណ៍នេះ គឺជាសក្ខីភាពថ្មីមួយទៀត សបញ្ជាក់អំពី ភាពចាស់ទុំ និង ភាពរឹងមាំ នៃផ្សារមូលបត្រកម្ពុជា ក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិ តាមរយៈការផ្តល់ប្រភពហិរញ្ញប្បទានដែលមិនចេះរីងស្ងួត ជូនវិស័យឯកជន និង រាជរដ្ឋាភិបាល ។
លោកបណ្ឌិតសភាចារ្យ បានគូសរំលេចថា ក្រោមការដឹកនំាដ៏ស្វាហាប់ និង ប៉ិនប្រសប់ ប្រកបដោយចក្ខុវិស័យវែងឆ្ងាយ របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា, រាជរដ្ឋាភិបាល បានដាក់ចេញនូវ យុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី ១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និង ចីរភាព ក្នុងដំណើរឈានទៅសម្រចឱ្យបាននូវចក្ខុវិស័យនៃការប្រែក្លាយកម្ពុជាទៅជាប្រទេស ចំណូលខ្ពស់ក្នុងឆ្នំា ២០៥០, ដោយបន្តយកចិត្តទុកដាក់ខ្ពស់លើវិស័យមូលបត្រ តាមរយៈការជំរុញការធ្វើនវានុវត្តយន្តការហិរញ្ញប្បទាន និង ផលិតផលហិរញ្ញវត្ថុ សំដៅគាំទ្រដល់ការវិនិយោគ និង ការធ្វើពិពិធកម្មសេដ្ឋកិច្ច ។
ជាក់ស្តែង, វិស័យមូលបត្រកម្ពុជា បានទាក់ទាញ និង លើកទឹកចិត្ត ដល់បណ្តាក្រុមហ៊ុនសក្តានុពលកាន់តែច្រើនឡើង ឱ្យមកចុះបញ្ជីលក់ភាគហ៊ុន និង/ឬ សញ្ញាបណ្ណ ក្នុងផ្សារមូលបត្រកម្ពុជា ដែលញ៉ាំងឱ្យវិស័យនេះ មានការរីកលូតលាស់ជាបន្តបន្ទាប់ សំដៅចូលរួមចំណែកអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ តាមរយៈការគាំទ្រលើកស្ទួយសហគ្រាសក្នុងស្រុក, ធុរកិច្ចថ្មី និង សហគ្រិនភាព ព្រមទាំងពង្រឹងសមត្ថភាពប្រកួតប្រជែង, ជាពិសេស ក្នុងបរិការណ៍ដែលមានការរំលោភបំពានបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ពីសំណាក់ប្រទេសថៃ នៅតាមតំបន់ព្រំដែន ។
លោក ស៊ូ សុជាតិ បានមានប្រសាសន៍ថា ធនាគារ អេស៊ីលីដា គឺជាធនាគារពាណិជ្ជ ដែលមានបណ្តាញប្រតិបត្តិការយ៉ាងធំទូលាយ ហើយធនាគារនេះក៏ជាធនាគារដែលធ្លាប់បានចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិជាសាធារណៈ នៅលើទីផ្សារគោលនៃផ្សារមូលបត្រកម្ពុជា (ផមក) កាលពីថ្ងៃទី ២៥ ខែឧសភា ឆ្នាំ២០២០ កន្លងទៅ ដោយប្រមូលបានសាច់ប្រាក់ដោយជោគជ័យពីទីផ្សារនេះ ក្នុងទំហំប្រមាណជា ១៧,៦ លានដុល្លារអាមេរិក, ហើយក៏ធ្លាប់ចុះបញ្ជីលក់សញ្ញាបណ្ណបន្ទាប់បន្សំ លើកទី ១ ចំនួន ២ ដំណាក់កាល (នៅថ្ងៃទី ១៥ ខែ មករា និង ថ្ងៃទី ២៨ ខែ កុម្ភៈ ឆ្នាំ ២០២៥) ដោយប្រមូលបានសាច់ប្រាក់ដោយជោគជ័យពីទីផ្សារ ក្នុងទំហំប្រមាណជា ១០០ លានដុល្លារអាមេរិក ។
លោក ហុង សុហួរ បានធ្វើបច្ចុប្បន្នភាពទីផ្សារមូលបត្រជូនអង្គពិធី ដោយគិតត្រឹមថ្ងៃនេះ ផ្សារមូលបត្រកម្ពុជា បានទទួលក្រុមហ៊ុនចុះបញ្ជីលក់មូលបត្រសរុបចំនួន ២៥ ដែលរួមមាន៖ ក្រុមហ៊ុនចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិ ចំនួន ១១ និងក្រុមហ៊ុនចុះបញ្ជីលក់មូលបត្របំណុល ចំនួន ១៤, ហើយក្រុមហ៊ុនចុះបញ្ជីលក់មូលបត្រ ទាំង ២៥ បានប្រមូលមូលធនសរុបពីទីផ្សារមូលបត្រ ក្នុងទំហំប្រមាណជា ៦៤៨ លានដុល្លារអាមេរិក ។
លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិនៃធនាគារ អេស៊ីលីដា ភីអិលស៊ី បានជម្រាបជូនអង្គពិធីថា តាមរយៈការធ្វើបរិវិសកម្ម កាលពីថ្ងៃទី ៨ ដល់ថ្ងៃទី១១ ខែ កញ្ញា ឆ្នាំ ២០២៥, ធនាគារ អេស៊ីលីដា បានធ្វើបរិវិសកម្មប្រកបដោយភាពជោគជ័យ ដោយមានវិនិយោគិនគុណវុឌ្ឍិ ចំនួន ៧៧ រូប បានដាក់បញ្ជាទិញសញ្ញាបណ្ណបន្ទាប់បន្សំ លើកទី២ ដែលធនាគារបានបោះផ្សាយទាំងអស់ រហូតដល់ ៤០០ពាន់លានរៀល (ប្រមាណជា ១០០ លានដុល្លារអាមេរិក) ជាមួយនឹងអត្រាគូប៉ុង ៧,៥% ក្នុងមួយឆ្នាំ ។ ការណ៍នេះ បានផ្តល់ឱកាសជូនវិនិយោគិន និង អនុញ្ញាតឱ្យធនាគារប្រមូលប្រភពទុនក្នុងទំហំធំ ដើម្បីគាំទ្រប្រតិបត្តិការរបស់ធនាគារ, បង្កើនទំនុកចិត្ត និង ការជឿជាក់ពីវិនិយោគិន, និង រួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចក្នុងស្រុក និង សង្គមជាតិ ។
លោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ប្រធានក្រុមប្រឹក្សាភិបាល បានវាយតម្លៃខ្ពស់ដល់ភាគីពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមសហការ និង គាំទ្រ ដល់ដំណើរការនៃការបោះផ្សាយ និង ចុះបញ្ជីលក់មូលបត្ររបស់ធនាគារ អេស៊ីលីដា ដែលជាសមិទ្ធផលថ្មីមួយទៀត សម្រាប់វិស័យមូលបត្រនៅកម្ពុជា។
ដើម្បីពន្លឿនការអភិវឌ្ឍនៃផ្សារមូលបត្រកម្ពុជា ឱ្យបានរីកចម្រើនខ្លាំងក្លា, លោកបណ្ឌិតសភាចារ្យ បានគាំទ្រ និង លើកទឹកចិត្ត ដល់ភាគីពាក់ព័ន្ធក្នុងវិស័យមូលបត្រនៅកម្ពុជា បន្តសកម្មភាពផ្សព្វផ្សាយ និង បញ្ជ្រាបការយល់ដឹង ជូនសាធារណជន និង វិនិយោគិន ដើម្បីលើកកម្ពស់ការយល់ដឹង និង ជំរុញការចូលរួមក្នុងវិស័យមូលបត្រនៅកម្ពុជា ឱ្យបានកាន់តែផុសផុលថែមទៀត, ក៏ដូចជា ចូលរួមទប់ស្កាត់នូវអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដើម្បីធានាថា វិនិយោគិនក្នុងវិស័យមូលបត្រនៅកម្ពុជា មិនទទួលរងផលប៉ះពាល់ពីបញ្ហាអសកម្មនៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ ៕