ធនាគារ អេស៊ីលីដា ចុះបញ្ជីលក់សញ្ញាបណ្ណបន្ទាប់បន្សំជាផ្លូវការ នៅផ្សារមូលបត្រកម្ពុជា ក្នុងទំហំទឹកប្រាក់១០០លានដុល្លារ

08-10-2025 13:25

(ភ្នំពេញ)៖ ផ្សារមូលបត្រកម្ពុជា និងធនាគារ អេស៊ីលីដា ភីអិលស៊ី «ធនាគារ អេស៊ីលីដា» ជាធនាគារពាណិជ្ជទីមួយ ដែលបានបោះផ្សាយមូលបត្រជាសាធារណៈនៅកម្ពុជា នៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៥នេះ បានសហការគ្នារៀបចំ «ពិធីចុះបញ្ជីលក់សញ្ញាបណ្ណបន្ទាប់បន្សំជាផ្លូវការ របស់ធនាគារ អេស៊ីលីដា ភីអិលស៊ី»

ពិធីចុះបញ្ជីលក់សញ្ញាបណ្ណបន្ទាប់បន្សំជាផ្លូវការនេះ បានប្រព្រឹត្តធ្វើឡើង ក្រោមអធិបតីភាព លោកបណិ្ឌតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាល នៃផ្សារមូលបត្រកម្ពុជា ព្រមទាំងមានការចូលរួមពីលោក-លោកស្រី តំណាងស្ថាប័ន និងភ្ញៀវជាច្រើនរូប នៅផ្សារមូលបត្រកម្ពុជា។

ពិធីនេះ ក៏មានការចូលរួមពីលោក ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា, លោក ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុក ជាអគ្គនាយក នៃផ្សារមូលបត្រកម្ពុជា, លោក អែម កំណាន់ អគ្គនាយករងត្រួតពិនិត្យធនាគារជាតិនៃកម្ពុជា និងបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារ អេស៊ីលីដា ភីអិលស៊ី។

លោក ហុង សុហួរ បានថ្លែងថា «ថ្ងៃនេះ ជាថ្ងៃដ៏សំខាន់ យើងបានចុះបញ្ជីលក់សញ្ញាបណ្ណបន្ទាប់បន្សំជាផ្លូវការលើកទីពីរ (០២) របស់ធនាគារ អេស៊ីលីដា នៅផ្សារមូលបត្រកម្ពុជា តាមរយៈការធ្វើបរិវិសកម្ម របស់វិនិយោគិនគុណវុឌ្ឍិ កាលពីថ្ងៃទី៨ ដល់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥»។

លោក ហុង សុហួរ បានលើកឡើងថា ធនាគារ អេស៊ីលីដា បានធ្វើបរិវិសកម្មប្រកបដោយភាពជោគជ័យ ដែលមានវិនិយោគិនគុណវុឌ្ឍិ ចំនួន៧៧នាក់ បានបញ្ជាទិញ សញ្ញាបណ្ណបន្ទាប់បន្សំ ដែលបានបោះផ្សាយទាំងអស់ រហូតដល់៤០០ពាន់លានរៀល ប្រមាណជា១០០លានដុល្លារអាមេរិក ជាមួយនឹងអត្រាគូប៉ុង ប្រមាណ៧.៥%ក្នុងមួយឆ្នាំ ដែលជួយផ្តល់ឱកាសដល់វិនិយោគិន និងជួយធនាគារ ក្នុងការប្រមូលប្រភពទុន សម្រាប់គាំទ្រប្រតិបត្តិការធនាគារ រួមចំណែកក្នុងការអភិវឌ្ឍន៍ សេដ្ឋកិច្ចក្នុងស្រុក និងសង្គមជាតិ។

បន្ថែមពីនោះទៀត លោក ហុង សុហួរ បានបញ្ជាក់ថា សញ្ញាបណ្ណនេះ មានទំហំធំ ដែលជាលទ្ធផលធនាគារ អេស៊ីលីដា ទទួលបានទំនុកចិត្ត និងការជឿជាក់ពីវិនិយោគិន លើសពីការរំពឹងទុក។

បណ្ឌិត អ៊ិន ចាន់នី បានថ្លែងថា «ខ្ញុំបាទមានកិត្តិយស និងសេចក្ដីសោមនស្សរីករាយយ៉ាងក្រៃលែង សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ ធនាគារជាតិនៃកម្ពុជា និងនិយ័តករ មូលបត្រកម្ពុជា ដែលអនុញ្ញាតឱ្យធនាគារ អេស៊ីលីដា បោះផ្សាយសញ្ញាបណ្ណបន្ទាប់បន្សំ ដែលមានទំហំទឹកប្រាក់រហូតដល់៤០០ពាន់លានរៀល ប្រមាណជា១០០លានដុល្លារអាមេរិក»

ជាមួយគ្នានេះដែរ បណ្ឌិត អ៊ិន ចាន់នី ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ផ្សារមូលបត្រកម្ពុជា ដែលអនុញ្ញាតឱ្យធនាគារ អេស៊ីលីដា ចុះបញ្ជីជាផ្លូវការ ចំពោះមូលបត្របំណុល សម្រាប់វិនិយោគិនគុណវុឌ្ឍិ ដែលជាប្រភេទសញ្ញាបណ្ណបន្ទាប់បន្សំរបស់ធនាគារ អេស៊ីលីដា ក្នុងទំហំដូចបានរៀបរាប់ ចាប់ពីថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៥ នេះតទៅ។

លោកបណ្ឌិត បានបន្ថែមទៀតថា លោកជឿជាក់ថា ការបោះផ្សាយសញ្ញាបណ្ណបន្ទាប់បន្សំនេះ នឹងផ្តល់ឱ្យវិនិយោគិន និងអតិថិជនរបស់ធនាគារ នូវជម្រើសវិនិយោគមួយបន្ថែមទៀត ជាមួយធនាគារ អេស៊ីលីដា។

បណ្ឌិត អ៊ិន ចាន់នី បានឲ្យដឹងថា សញ្ញាបណ្ណបន្ទាប់បន្សំនេះ គឺជាឧបករណ៍ហិរញ្ញវត្ថុទូទៅ ដែលធនាគារជុំវិញពិភពលោក រួមទាំងធនាគារ អេស៊ីលីដា បាននិងកំពុងប្រើប្រាស់ព្រមទាំង បានចូលរួមចំណែកក្នុងការពង្រឹង និងការពង្រីកវិសាលភាព ព្រមទាំងការបង្កើនសក្តានុពលអាជីវកម្មរបស់ធនាគារ ឱ្យកាន់តែរីកចម្រើន ប្រកបដោយចីរភាព និងប្រសិទ្ធភាពប្រកបដោយ ទំនុកចិត្តពីអតិថិជន និងសាធារណជន។

សូមជម្រាបថា ធនាគារ អេស៊ីលីដា មានសាខាបុត្រសម្ព័ន្ធចំនួន៤ គឺសាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា ឯ.ក, ក្រុមហ៊ុនមូលបត្រ អេស៊ីលីដា ម.ក, ធនាគារ អេស៊ីលីដា ឡាវ លីមីតធីត និងស្ថាប័នមីក្រូហិរញ្ញវត្ថុ អេស៊ីលីដា មីយ៉ាន់ម៉ា ព្រមទាំងការិយាល័យតំណាងនៅមីយ៉ាន់ម៉ា។

គិតត្រឹមដំណាច់ខែមិថុនា ឆ្នាំ២០២៥នេះ ធនាគារ អេស៊ីលីដា មានទ្រព្យសកម្មសរុបចំនួនជាង ១១.៥៥ប៊ីលានដុល្លារអាមេរិក ប្រាក់បញ្ញើសន្សំសរុបចំនួន៨.៩៨ប៊ីលានដុល្លារអាមេរិក និងមានអតិថិជនប្រមាណជាង៥.៩៦លាននាក់។ បច្ចុប្បន្ន ធនាគារ អេស៊ីលីដា មានដៃគូអាជីវកម្ម សរុបច្រើនជាង០.៦៥លានដៃគូ និងមានអ្នកប្រើប្រាស់អេស៊ីលីដា ស៊ូភើអេប សរុបចំនួនជាង៥.១០លាននាក់៕