និយ័តករមូលបត្រកម្ពុជា អំពាវនាវដល់ក្រុមហ៊ុន ឬ SME ដែលចង់ចូលផ្សាយហ៊ុនត្រូវពង្រឹងរៀបចំរបាយការណ៍ហិរញ្ញវត្ថុរបស់ខ្លួនបានល្អ (Video inside)

10-10-2025 12:04

(ភ្នំពេញ)៖ លោក ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា បានថ្លែងថា នៅពេលដែលក្រុមហ៊ុនបោះជំហានចូលក្នុងផ្សារមូលបត្រកម្ពុជា គ្រប់ក្រុមហ៊ុនតែងតែមានក្ដីបារម្ភថា ដំណើរការក្នុងវិស័យមូលបត្រអាចនឹងមិនមានអតិថិជន។

លោកបានបន្ដថា «ចំពោះក្ដីបារម្ភនេះនេះខ្ញុំសូមជម្រាបថា ដើម្បីអាចបោះជំហានចូលផ្សារមូលបត្រ និងដំណើរការបានជោគជ័យ ក្រុមហ៊ុននានា ពិសេស SMEs ត្រូវតែពង្រឹងលើរបាយការណ៍ហិរញ្ញវត្ថុឲ្យបានល្អ មានរបាយការណ៍ហិរញ្ញវត្ថុ ដែលហ៊ានរងនូវសវនកម្ម ហ៊ានរងនូវការពិនិត្យថា ក្រុមហ៊ុនពិតជាមានសុខភាព មានចំណូលចំណាយកត់ត្រាច្បាស់លាស់»

ជាមួយគ្នានេះដែរ លោក ស៊ូ សុជាតិ បានថ្លែងឲ្យដឹងថា ចំពោះវិស័យមូលបត្រមិនមែនជាការប្រកួតប្រជែងនឹងវិស័យធនាគារនោះឡើយ។ ការផ្ដល់ហិរញ្ញប្បទាន តាមរយៈវិស័យមូលបត្របង្កើតឡើង ដើម្បីជួយជ្រោមជ្រែងវិស័យធនាគារឲ្យកាន់តែរឹងមាំ ក្នុងករណីក្រុមហ៊ុនមួយពិបាកក្នុងការទទួលបាកម្ចីពីធនាគារ ក្រុមហ៊ុនទាំងនោះគួរតែពិចារណាការទទួលបានហិរញ្ញប្បទានពីទីផ្សារ។

លោក ស៊ូ សុជាតិ បានបញ្ជាក់បន្ថែមថា ប្រសិនបើក្រុមហ៊ុនដែលជា SMEs ហ៊ានអនុវត្តន៍ខ្ជាប់នូវរបាយការណ៍ហិរញ្ញាវត្ថុ នៃការរៀបចំ និងរងនូវសវនកម្ម មានការរៀបចំគ្រប់គ្រងចាត់ចែងមួយដែលអាចទទួលយកបាន ក្រុមហ៊ុន SMEs ទាំងអស់នេះអាចរកហិរញ្ញាប្បទានពីទីផ្សារមូលបត្រ តាមរយៈការចុះបញ្ជីក្នុងទីផ្សារកំណើន ដែលទីផ្សារនេះបង្កើតឡើង ក្នុងគោលដៅផ្ដល់នូវហិរញ្ញប្បទាន ជួយដល់ក្រុមហ៊ុនឲ្យរឹងមាំបានតាមរយៈការរៀបចំខ្លួន ពេលដែលអាចចូលទីផ្សារកំណើន៕