៩ខែឆ្នាំនេះ កម្ពុជាទទួលបានចំណូលជាង៤០៨លានដុល្លារ ពីការនាំចេញអង្ករជិត៦០ម៉ឺនតោន (Video inside)

10-10-2025 14:13

(ភ្នំពេញ )៖ ការនាំចេញក្នុងរយៈពេល៩ខែ នៃឆ្នាំ២០២៥ កម្ពុជាបាននាំចេញអង្ករចំនួន៥៩៦ ៣៤១តោន គិតជាទឹកប្រាក់ បានចំនួន ៤០៨.៩៣លានដុល្លារសហរដ្ឋអាមេរិក។ នេះបេីតាមសេចក្ដីប្រកាសព័ត៌មាន របស់សហព័ន្ធស្រូវអង្ករកម្ពុជា ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥។

សហព័ន្ធស្រូវអង្ករកម្ពុជា បានបញ្ជាក់ ថា ក្នុងរយៈពេល៩ខែ នៃឆ្នាំ២០២៥ កម្ពុជាបាននាំចេញអង្ករបានចំនួន ៥៩៦៣៤១ តោន តាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន ៥៧ ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន ៦៩ ដែលក្នុងនោះទៅកាន់បណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុបចំនួន ២៦ បានបរិមាណអង្ករចំនួន ២៤៨ ២៧៧ តោន គិតជាទឹកប្រាក់ចំនួន ១៩២.០៤ លានដុល្លារសហរដ្ឋអាមេរិក ទៅកាន់ប្រទេសចិន និងហុងកុង ចំនួន ១៤៣ ១៨៧ តោន គិតជាទឹកប្រាក់ចំនួន ៨៥.០៤ លានដុល្លារសហរដ្ឋអាមេរិក ទៅកាន់ប្រទេសក្នុងអាស៊ាន ចំនួន ៧ ប្រទេសបានបរិមាណចំនួន ១៣១ ៥៤៤ តោន គិតជាទឹកប្រាក់ចំនួន ៦៧.១៤ លានដុល្លារសហរដ្ឋអាមេរិក និងទៅកាន់គោលដៅ ៣២ ប្រទេសផ្សេងទៀតមាន អាហ្វ្រិក មជ្ឈឹម បូព៌ា អាមេរិក កាណាដា អូស្ត្រាលី ញ៉ូហ្សេឡេន ។ល។ បានចំនួន៧៣ ៣៣៣ តោន គិតជាទឹកប្រាក់ចំនួន៦៤.៧១ លានដុល្លាសហរដ្ឋអាមេរិក។

ចំពោះប្រភេទអង្ករដែលបាននាំចេញមាន អង្ករក្រអូបចំនួន ៦៨.៨១% ប្រភេទអង្ករសគ្រាប់វែង ១៦.១៨% អង្ករចំហ៊ុយ ២.៤៤% អង្ករសរីរាង្គចំនួន ១.៨៨% អង្ករបាក់គ្រប់ប្រភេទ ១០.១៣% និងអង្ករផ្សេងៗចំនួន ០.៥៦%។

ប្រទេសកម្ពុជាក៏បាននាំចេញស្រូវចំនួន ៥ ២៤៧ ៩៩២ តោនស្រូវសើម ដែលគិតជាទឹកប្រាក់ប៉ានប្រមាណបានចំនួន ១២០៩.០៤ លានដុល្លារសហរដ្ឋអាមេរិក ៕