ប្រធានសភាពាណិជ្ជកម្មអាមេរិកប្រចាំកម្ពុជា៖ កម្ពុជាមានលទ្ធភាពកាន់តែខ្ពស់ ក្នុងការចរចាទម្លាក់ពន្ធបដិការជាមួយអាមេរិកឱ្យនៅក្រោម ១៩% ប្រសិនកម្ពុជា-ថៃ អាចឈានដល់ចុះកិច្ចព្រមព្រៀងសន្តិភាព (Video inside)
10-10-2025 16:41
(ភ្នំពេញ)៖ លោក Casey Barnett ប្រធានសភាពាណិជ្ជកម្មអាមេរិកប្រចាំកម្ពុជា បានលើកឡើងថា កម្ពុជានឹងមានឱកាស និងលទ្ធភាពកាន់តែខ្ពស់ ក្នុងការចរចាទទម្លាក់អត្រាពន្ធបដិការក្រោម១៩% ប្រសិនកម្ពុជា និងថៃឈានទៅដល់ការចុះកិច្ចព្រមព្រៀងសន្តិភាព នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន នៅប្រទេសម៉ាឡេស៊ីខាងមុខនេះ។
លោក Casey Barnett គូសបញ្ជាក់បែបនេះ ធ្វើឡើងក្នុងវេទិកាពន្ធដារ ដែលរៀបចំឡើងដោយសភាពាណិជ្ជកម្មអាមេរិកប្រចាំកម្ពុជា នាថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥នេះ នៅអគ្គនាយកដ្ឋានពន្ធដារ។
បច្ចុប្បន្ននេះ លោកប្រធានាធិបតី ដូណាល់ត្រាំ បាននឹងកំពុងដាក់សម្ពាធឱ្យប្រទេសថៃ ដែលលោកយល់ថាអាចជាសម្ពាធសេដ្ឋកិច្ច ដែលលោក ដូណាល់ត្រាំ ដាក់ទៅលើថៃ ដើម្បីឈានទៅយល់ព្រមចុះកិច្ចព្រមព្រៀងសន្តិភាព។
លោក Casey Barnett គូសបញ្ជាក់យ៉ាងដូច្នេះថា «ប្រធានាធិបតី ដូណាល់ ត្រាំ ឆន្ទៈគាត់ គាត់ជំរុញ គាត់ដាក់សម្ពាធ ដើម្បីឱ្យមានការចុះហត្ថលេខាសន្តិភាព នៅពេលកិច្ចប្រជុំអាស៊ាន ប៉ុន្តែបើគាត់ជោគជ័យ ឬមិនជោគជ័យ តាមគំនិតខ្ញុំវាអាស្រ័យទៅលើថៃបានព្រមព្រៀង ឬអត់។ អីចឹងខ្ញុំគិតថា សម្ពាធដែលអាមេរិកប្រើដាក់លើថៃ ប្រហែលជាសម្ពាធសេដ្ឋកិច្ច»។
កាលពីពេលថ្មីៗនេះ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានដាក់លក្ខខណ្ឌចូលរួមកិច្ចប្រជុំកំពូលអាស៊ាន ទាល់តែមានពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ នៅក្រៅកិច្ចប្រជុំកំពូល។ វិធីនេះនឹងផ្តល់ឱ្យលោក ត្រាំ នូវឱកាសដ៏ល្អឥតខ្ចោះ ដើម្បីបង្ហាញខ្លួនជា «អ្នកបង្កើតសន្តិភាព» នៅលើឆាកអន្តរជាតិ បន្ទាប់ពីលោកបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការបញ្ចប់ការប្រយុទ្ធគ្នា ក្នុងជម្លោះព្រំដែនរយៈពេលប្រាំថ្ងៃរវាងប្រទេសទាំងពីរ ក្នុងខែកក្កដា។
ទន្ទឹមគ្នានេះ លោក Casey Barnett បានកត់សម្គាល់ថា កម្ពុជាហាក់មានភាពស្មោះត្រង់ជាងថៃ ព្រោះក្នុងខណៈដែលកម្ពុជាឯកភាពថា ទម្លាក់អត្រាពន្ធលើទំនិញអាមេរិកដល់ ០% កម្ពុជាបានអនុវត្តជាផ្លូវការភ្លាម ខណៈថៃមិនបានទាន់និយាយ និងអនុវត្តនោះទេ។
លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា គ្រោងចរចាជាមួយសហរដ្ឋអាមេរិកបន្ថែមទៀត ដើម្បីទម្លាក់អត្រាពន្ធបដិការ ដែលសហរដ្ឋអាមេរិកបានកំណត់លើការទំនិញកម្ពុជា ឱ្យនៅក្រោម១៩% ទៅលើទំនិញ៧មុខ។
តែយ៉ាងណាមិញ បើតាម លោក Casey Barnett បច្ចុប្បន្ននេះ នៅអាមេរិកកំពុងមានការប្តឹងតវ៉ា ចំពោះការកំណត់អត្រាពន្ធរបស់លោក ដូណាល់ ត្រាំ ថា មិនអនុលោមតាមច្បាប់នៅប្រទេសអាមេរិក ខណៈតុលាការដំបូងអាមេរិក បានសម្រេចថា ការកំណត់អត្រាពន្ធរបស់លោក ត្រាំ គឺខុសច្បាប់។ ហើយតុលាការឧទ្ធរណ៍អាមេរិ កក៏ឯកភាព តាមតុលាការដំបូងផងដែរ។
ករណីនេះ បាននិងកំពុងបន្តកាត់ក្តីនៅតុលាការកំពូលអាមេរិក ដែលតុលាការកំពូលនឹងធ្វើការកាត់ក្តី សម្រេចនៅចន្លោះខែធ្នូឆ្នាំនេះ និង មិថុនាឆ្នាំក្រោយ។ ប្រសិនបើតុលាការកំពូលអាមេរិករកឃើញថា ការកំណត់ពន្ធគយរបស់ប្រធានាធិបតី ដូណាល់ ត្រាំ មិនអនុលោមតាមច្បាប់ នោះអត្រាពន្ធថ្មីនេះនឹងត្រូវលុបចោល ហើយវិលទៅអនុវត្តដូចធម្មតាវិញ។ តែយ៉ាងណា លោក ដូណាល់ ត្រាំ នឹងរកមធ្យោបាយផ្សេងទៀត ដើម្បីកំណត់អត្រាពន្ធឡើងវិញផងដែរ៕