វត្តមានលេចធ្លោរបស់កម្ពុជា នៅពិព័រណ៍ ANUGA 2025 បន្តពង្រឹងកិត្យានុភាពកម្ពុជា ជាប្រភពនៃផលិតផលគុណភាពខ្ពស់ សម្រាប់ទីផ្សារសកល

10-10-2025 17:41

(ខឹឡូញ, អាល្លឺម៉ង់)៖ លោក សំហេង បូរ៉ា រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារជំរុញការនាំចេញ នាថ្ងៃទី៤-៨ ខែតុលា ឆ្នាំ២០២៥ បានដឹកនាំប្រតិភូកម្ពុជា ចូលរួមដោយជោគជ័យនៅក្នុងពិព័រណ៍ ANUGA 2025 ដែលជាពិព័រណ៍ពាណិជ្ជកម្មចំណីអាហារ និងភេសជ្ជៈដ៏ធំមួយក្នុងពិភពលោក។

បេសកកម្មដ៏មានសារៈសំខាន់មួយនេះ ជាកិច្ចសហការរវាងក្រុមការងារជំរុញការនាំចេញ របស់ក្រសួងពាណិជ្ជកម្ម និងទីភ្នាក់ងារអាល្លឺម៉ង់ សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ (GIZ) តាមរយៈការគាំទ្ររបស់ប្រទេសអាល្លឺម៉ង់ និងសហភាពអឺរ៉ុប បានបញ្ចប់ដោយជោគជ័យ និងក្លាយជាសមិទ្ធផលដ៏ត្រចះត្រចង់ ក្នុងការកសាងកេរ្តិ៍ឈ្មោះរបស់កម្ពុជា ក្នុងនាមជាប្រភពដ៏គួរឱ្យទុកចិត្ត នៃផលិតផលកសិកម្ម និងចំណីអាហារដែលមានគុណភាពលំដាប់ខ្ពស់។

ក្រោមមូលបទ «CAMBODIA: Basket of Wonders» ពន្លាជាតិកម្ពុជា នៅពិព័រណ៍ ANUGA 2025 បានដាក់តាំងបង្ហាញផលិតផលលំដាប់ខ្ពស់ និងសម្បូរបែបពីក្រុមហ៊ុន ដែលមានសក្ដានុពលក្នុងការនាំចេញចំនួន ៨ និងដាក់តាំងបង្ហាញផលិតផលរួមមាន គ្រាប់ស្វាយចន្ទី ម្រេចកំពត ផ្លែឈើសម្ងួត និងស្ករត្នោត។

ពន្លាជាតិកម្ពុជា បានទាក់ទាញចំណាប់អារម្មណ៍ដ៏ផុសផុលពីអ្នកទិញ និងភ្ញៀវអន្តរជាតិ (Trade Visitor) មកពីបណ្តាប្រទេសអឺរ៉ុប និងប្រទេសដទៃទៀត ដែលបានកោតសរសើរចំពោះ គុណភាព និងភាពលេចធ្លោនៃផលិតផល ក៏ដូចជាលទ្ធភាពនៃការតាមដានប្រភពដើម (Traceability) នៃផលិតផលកម្ពុជា។

ក្នុងរយៈពេលប្រាំថ្ងៃនៃពិព័រណ៍នេះ សហគ្រាសកម្ពុជាបានរាយការណ៍ពីការផ្សាភ្ជាប់ប្រកបដោយផ្លែផ្កា ជាមួយដៃគូអាជីវកម្មដែលមានសក្តានុពល និងកិច្ច​សហការពាណិជ្ជកម្ម ដែលនឹងក្លាយជាការត្រួសត្រាយផ្លូវឈានទៅរកភាពជាដៃគូនាំចេញ និងកិច្ចសហការរយៈពេលវែងជាមួយអ្នកចែកចាយសកល។

ដោយផ្អែកលើភាពជោគជ័យនៃពិព័រណ៍ ANUGA 2025 នេះ ក្រសួងពាណិជ្ជកម្ម បានប្តេជ្ញាចិត្តយ៉ាងមុតមាំជាថ្មីក្នុងការបន្តជំរុញពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជា។

ក្រសួងពាណិជ្ជកម្ម ជាពិសេសក្រុមការងារជំរុញការនាំចេញ នឹងបន្តដឹកនាំការចូលរួមរបស់កម្ពុជា ក្នុងបេសកកម្មពាណិជ្ជកម្មសកលឈានមុខគេ ដែលមានពិព័រណ៍ SIAL Paris ឆ្នាំ ២០២៦ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៧ ដល់ ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ខាងមុខនេះ។

ការចូលរួមជាបន្តបន្ទាប់នៅក្នុងពិព័រណ៍អន្តរជាតិ និងបេសកកម្មពាណិជ្ជកម្មលំដាប់ពិភពលោកទាំងនេះ មានសារៈសំខាន់ខ្លាំងក្នុងការពង្រឹង និងពង្រីកទីផ្សារនាំចេញរបស់កម្ពុជា ក៏ដូចជាកសាងភាពលេចធ្លោនៃកិត្តិនាមផលិតផលកម្ពុជា និងលើកកម្ពស់ការទទួលស្គាល់ «ផលិតផលកម្ពុជា» នៅលើឆាកអន្តរជាតិ។

ក្រុមការងារជំរុញការនាំចេញ ក្រោមក្រសួងពាណិជ្ជកម្ម បន្តប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការគាំទ្រសហគ្រាសកម្ពុជា តាមរយៈបេសកកម្មពាណិជ្ជកម្មយុទ្ធសាស្ត្រ ការផ្គូផ្គងដៃគូអន្តរជាតិ និងគំនិតផ្តួចផ្តើមក្នុងការសម្រួលលទ្ធភាពទទួលបានទីផ្សារ ដោយពង្រឹងតួនាទីស្នូលរបស់ខ្លួន ក្នុងនាមជាស្ពានតភ្ជាប់ រវាងអ្នកផលិតកម្ពុជា និងអ្នកទិញសកល៕