កម្ពុជាទទួលចំណូលជាង៥៤៩លានដុល្លារ កើនជាង៣៨% ពីទិន្នផលជ័រកៅស៊ូ និងឈើកៅស៊ូ នៅរយៈពេល៩ខែ ឆ្នាំ២០២៥ (Video inside)

14-10-2025 11:21

(ភ្នំពេញ)៖ រយៈពេល៩ខែ ឆ្នាំ២០២៥ ពោលចាប់ពីខែមករា ដល់ខែកញ្ញា កម្ពុជាទទួលបានចំណូលជាង៥៤៩លានដុល្លារ កើនជាង៣៨% ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ។ នេះបើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកៅស៊ូ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥។

របាយការណ៍ បានបញ្ជាក់ថា ចំណូលសរុបរយៈពេល៩ខែ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ មានចំនួន៥៤៩ ៧៨១ ៥៤៤ដុល្លារ ក្នុងនោះ ចំណូលពីការនាំចេញ ជ័រកៅស៊ូ ចំនួន៣៩០ ០២០ ៦៤៩ដុល្លារ, ចំណូលលក់ជ័រកៅស៊ូក្នុងស្រុក ចំនួន១៥៦ ៥០៤ ៦៤៧ និងចំណូលពីការនាំចេញឈើកៅស៊ូ ចំនួន៣ ២៥៦ ២៤៨ដុល្លារ។

ចំពោះបរិមាណ នៃការនាំចេញគិតត្រឹមមនព្វមាស ឆ្នាំ២០២៥ (រយៈពេល៩ខែ) កម្ពុជាបាននាំចេញជ័រកៅស៊ូ ចំនួន២២០,២៤០តោន ថយចុះចំនួន២៨ ២៩៥តោន ស្មើនឹង១១.៤% ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។ រីឯការនាំចេញឈើកៅស៊ូវិញ សម្រេចបានចំនួន ១៤ ៣២៦ម៉ែត្រគូប។

សម្រាប់តម្លៃលក់ជ័រកៅស៊ូមធ្យម គិតត្រឹមមនព្វមាស ឆ្នាំ២០២៥ (រយៈពេល៩ខែ) ថ្លៃ ១ ៧៧១ដុល្លារ ក្នុងមួយតោន បានកើនឡើងចំនួន១៨៥ដុល្លារ ក្នុងមួយតោន ស្មើនឹង១១.៧% ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។

លោក ឃុន កក្កដា អគ្គនាយករងទទួលបន្ទុករួម នៃអគ្គនាយកដ្ឋានកៅស៊ូ បានវាយតម្លៃថា ក្នុងរយៈពេល៩ខែ ឆ្នាំ២០២៥នេះ ខ្សែច្រវាក់តម្លៃកៅស៊ូ (ការគ្រប់គ្រង ការថែទាំ ប្រមូលផល កែច្នៃ និងធុរកិច្ច) នៅតាមបណ្តាក្រុមហ៊ុន ចម្ការកៅស៊ូ និងកៅស៊ូគ្រួសារ មានដំណើរការជាធម្មតា មិនទទួលរងផលប៉ះពាល់ពីគ្រោះធម្មជាតិទេ។

ទន្ទឹមពេលដែលតំបន់ដាំដុះកៅស៊ូសំខាន់ៗ តាមបណ្ដាប្រទេសផលិតកៅស៊ូធម្មជាតិមួយចំនួនដូចជា៖ ប្រទេសថៃកំពុងទទួលរងគ្រោះដោយសារទឹកជំនន់ មិនអាចប្រមូលផលបាន។ នេះជាការបញ្ជាក់បន្ថែម របស់លោក ឃុន កក្កដា។

សូមជម្រាបថា ផ្ទៃដីកៅស៊ូសរុបមានចំនួន ៤២៥ ៤៤៣ហិកតា ក្នុងនោះផ្ទៃដីចៀរជ័រមានចំនួន ៣៣០ ២៥៩ហិកតា ស្មើនឹង៧៨% និងផ្ទៃដីថែទាំមានចំនួន ៩៥ ​១៨៤ហិកតា ស្មើនឹង២២%។

ជ័រកៅស៊ូកម្ពុជា ក្រៅពីនាំចេញ ក៏ត្រូវបានផ្គត់ផ្គង់ដល់រោងចក្រផលិតសំបកកង់រថយន្ដចំនួន៣ ដែលកំពុងតែដំណើរការផងដែរ រួមមាន នៅខេត្តស្វាយរៀង ខេត្តព្រះសីហនុ និងខេត្តក្រចេះ។

ក្នុងឆ្នាំ២០២៤កន្លងទៅ កម្ពុជារកចំណូលបាន ពីការលក់ផលិតផលកៅស៊ូជាង ៦៧១លានដុល្លារអាមេរិក កើនឡើងប្រមាណចំនួន៦.២លានដុល្លាអាមេរិក ស្មើនឹង១.២% ធៀបឆ្នាំ២០២២៕