ប្រធាន AmCham កោតសរសើរ និងថ្លែងអំណរគុណបណ្ឌិត គង់ វិបុល ចំពោះការរៀបចំវេទិកាពន្ធដារ ឆ្នាំ២០២៥ លើកដំបូងរបស់ AmCham នៅអគារពន្ធដារថ្មី ដែលបង្ហាញពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ជួយសម្រួល និងទាក់ទាញវិនិយោគ

14-10-2025 15:33

(ភ្នំពេញ)៖ លោក ខេស៊ី បាណេត (Casey Barnett) ប្រធានសភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា (AmCham) តាមរយៈលិខិតមួយច្បាប់របស់ខ្លួន បានសម្តែងនូវការដឹងគុណ និងកោតសរសើរចំពោះបណ្ឌិត គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ ដែលបានសហការរៀបចំវេទិកាពន្ធដារឆ្នាំ២០២៥ របស់ AmCham ជាលើកដំបូង ដែលបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់ និងការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីជួយសម្រួល និងទាក់ទាញវិនិយោគិន។

លិខិតរបស់ប្រធាន AmCham រូបនេះមានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖

ឯកឧត្តមបណ្ឌិត គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ ជាទីគោរព !

តាងនាមឱ្យសមាគមសភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា (AmCham) និងក្នុងនាមខ្ញុំបាទផ្ទាល់ សូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់ ឯកឧត្តមបណ្ឌិត និងមន្ត្រីគ្រប់លំដាប់ថ្នាក់នៃអគ្គនាយកដ្ឋានពន្ធដារ ក្នុងការសហការរៀបចំវេទិកាពន្ធដារឆ្នាំ២០២៥ របស់ AmCham កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ កន្លងមកថ្មីៗនេះ។

កិច្ចសហប្រតិបត្តិការរវាង AmCham និងអគ្គនាយកដ្ឋានពន្ធដារ បង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់ និងការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីជួយសម្រួល និងទាក់ទាញវិនិយោគិន។

គួររំឭកផងដែរថា ក្នុងកម្មវិធីសំណួរ-ចម្លើយ នៃវេទិកាពន្ធដារមន្ត្រីជាន់ខ្ពស់នៃអគ្គនាយកដ្ឋានពន្ធដារ បានឆ្លើយសំណួរ និងបកស្រាយជូនដល់បណ្ដាវិនិយោគិន និងតំណាងមកពីបណ្តាក្រុមហ៊ុន សហគ្រាស ដោយរំលេចពីការចូលរួម និងការប្តេជ្ញាចិត្តរបស់អគ្គនាយដ្ឋានពន្ធដារ ក្នុងការធានានូវតម្លាភាព និងភាពច្បាស់លាស់។

វេទិកានេះជាឱកាសដ៏ល្អមួយដែលបង្ហាញពីវឌ្ឍនភាព និងការអនុវត្តកំណែទម្រង់ និងនវានុវត្តន៍របស់អគ្គនាយកដ្ឋានពន្ធដារ គិតចាប់ពីប្រសិទ្ធភាពប្រសើរឡើង ដែលកើតចេញពីឌីជីថលនីយកម្មនៃដំណើរការអនុវត្តការងារ រហូតដល់សេចក្តីណែនាំ ស្តីពីនីតិវិធីប្រតិបត្តិការស្តង់ដារ ដែលសម្រួលដល់ការធ្វើសវនកម្ម និងការស៊ើបអង្កេតពន្ធដារ។

ខ្ញុំបាទពិតជាមានកិត្តិយស ដែលបានទទួលការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមបណ្ឌិតរៀបចំវេទិកានេះឡើងជាវេទិកាទី១ដំបូងបង្អស់ ប្រារព្ធធ្វើឡើងនៅអគារអគ្គនាយកដ្ឋានពន្ធដារថ្មី (GDT Tower) ដែលជាអគារបំពាក់ដោយសម្ភារៈបរិក្ខារលំដាប់ពិភពលោក និងជានិមិត្តរូបនៃការវិវត្តន៍របស់អគ្គនាយកដ្ឋានពន្ធដារ។

អគារអគ្គនាយកដ្ឋានពន្ធដារថ្មីនេះនឹងជួយពង្រឹងសេវាកម្ម ជូនអ្នកជាប់ពន្ធ និងបម្រើសេវាច្រើនទៀតជូនដល់សហគមន៍ធុរកិច្ច រួមមានទីកន្លែងសម្រាប់ការិយាល័យ សេវាមជ្ឈមណ្ឌល ទិន្នន័យ និងទីកន្លែងសម្រាប់រៀបចំកម្មវិធីផ្សេងៗ។ ខ្ញុំបាទក៏សូមកោតសរសើរ ចំពោះការបញ្ចូលរចនាបថបែបខ្មែរ រួមជាមួយនឹងសិល្បៈហត្ថកម្មកម្រិតខ្ពស់ ដែលជាការរួមចំណែកដ៏មានតម្លៃសម្រាប់កេរដំណែលស្ថាបត្យកម្មនៃប្រទេសកម្ពុជាសម័យទំនើប។

ខ្ញុំបាទសង្ឃឹមយ៉ាងមុតមាំថានឹងបន្តធ្វើជាដៃគូនៅក្នុងកិច្ចខិតខំប្រឹងប្រែង ជាបន្តបន្ទាប់របស់អគ្គនាយកដ្ឋានពន្ធដារ ដើម្បីផ្តល់នូវការប្រមូលចំណូលប្រកបដោយតម្លាភាព ដែលគាំទ្រដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។

ជាទីបញ្ចប់ ខ្ញុំបាទសូមថ្លែងអំណរគុណ និងសូមគោរពជូនពរដល់ ឯកឧត្តមបណ្ឌិត ព្រមទាំងថ្នាក់ដឹកនាំនិងមន្ត្រីគ្រប់ លំដាប់ថ្នាក់នៃអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សូមសមប្រកបដោយពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕