តម្លៃហាងឆេងមាសបានបំបែកកំណត់ត្រា​ជាថ្មី ហក់ឡើងដល់ ៥០២២ដុល្លារក្នុងមួយតម្លឹង កើនឡើងខ្ពស់បំផុតមិនធា្លប់មាន

14-10-2025 17:53

(ភ្នំពេញ)៖ នៅក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ ​ការជួញដូរមាសនៅលើទីផ្សារអន្តរជាតិ បានហក់ឡើងជាបន្តបន្ទាប់ ដែលគិតត្រឹមម៉ោង១២ ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥នេះ តម្លៃហាងឆេងមាសបានហក់ឡើងរហូតដល់៥ ០២២ដុល្លារក្នុងមួយតម្លឹង ដែលជាតម្លៃខ្ពស់មិនធា្លប់មានពីមុនមក​ ខណៈអ្នកជំនាញបានព្យាករតម្លៃមាសនេះ អាចនឹងបន្ដហក់ឡើងថែមទៀតរហូតដល់ដំណាច់ឆ្នាំ២០២៥។

លោក ឡុង សំណាង ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុនៃក្រុមហ៊ុន PP Link Securities បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា «នៅម៉ោងប្រមាណជា ១២ថ្ងៃត្រង់នេះ ហាងឆេងមាសបានហក់ឡើងប្រមាណ ៤ ១៦៤ដុល្លារ ក្នុងមួយអោន បើគិតជាតម្លៃអន្ដរជាតិ ប៉ុន្ដែបើគិតតម្លៃក្នុងប្រទេសកម្ពុជា កំពុងស្ថិតក្នុងការតម្លៃ៥០២២ដុល្លារ ក្នុងមួយតម្លឹងលើទីផ្សារ។ ចំពោះការកើនឡើងនៃហាងឆេងមាសនេះ គឺមកពីទំនុកចិត្តនៃការវិនិយោគហាងឆេងមាស»

លោក ឡុង សំណាង បានថ្លែងបន្ដថា ជាធម្មតាក្នុងអឡុងខែតុលា, វិច្ឆិកា, ធ្នូ តម្លៃហាងឆេងមាស មានភាគរយច្រើនណាស់ ក្នុងការកើនឡើង។ ក្នុងនោះទីផ្សារសហរដ្ឋអាមេរិក ត្រូវបានបិទខ្ទប់ក្នុងអំឡុងខែតុលានេះ ហើយមិនទាន់មានគោលការណ៍ ឬគម្រោងការណ៍ណាមួយ ដែលនឹងប្រកាសថា ក្នុងឆ្នាំ២០២៦ អាមេរិកនឹងធ្វើបែបណាបន្ដ ពិសេសធនាគាររកណ្ដាល​សហរដ្ឋអាមេរិក​ រហូតមកដល់ពេលនេះមិនមានសេចក្ដីរាយការណ៍ណាមួយថា គួរតម្លើង ឬទម្លាក់អត្រាការប្រាក់ប៉ុន្មានដង ក្នុងឆ្នាំ២០២៦នោះឡើយ។ ​នេះជាហេតុធ្វើឲ្យវិនិយោគិនមានក្ដីព្រួយបារម្ភថា សហរដ្ឋអាមេរិកមានការស្រពិចស្រពិល លើគោលនយោបាយហិរញ្ញវត្ថុរបស់ខ្លួន​ ​ដូច្នេះហើយមានតែមាសទេ ដែលជួញដូរមានសុវត្ថិភាពជាងគេ។

ព្រមជាមួយគ្នា ​អត្រាអតិផ​រណា​នៅសហរដ្ឋអាមេរិកក៏មានកើនឡើង ជាក់ស្ដែងក្នុងឆ្នាំ២០២១-២០២៣ អត្រាអតិផលរណារបស់អាមេរិក កើនឡើងរហូតដល់ ៩.១% ដែលជំរុញឱ្យតម្លៃហាងឆេងមាសចាប់ផ្ដើមហក់ឡើងរហូតមកដល់ពេលនេះ។ ដូច្នេះគោលដៅនៃការកាត់បន្ថយការប្រាក់ អាចនឹងរក្សារទុកដោយសារតែទប់ស្កាត់នៃការកើនឡើងអត្រាអតិផ​រណា។

​លោកបន្តថា ប្រាក់ដុល្លារអាចនឹងធ្លាក់ចុះ ទោះបីជាអត្រាការប្រាក់នៅខ្ពស់ដដែលក្ដី នេះគ្រាន់តែជាការរក្សាអត្រាការប្រាក់ ដើម្បីទប់អត្រាអតិផ​រណាប៉ុណ្ណោះ ដែលធ្វើឲ្យវិនិយោគិននឹងងាកមកជួញដូរតម្លៃហាងឆេងមាស និងបោះបង់ប្រាក់ដុល្លារ។

លោកបានបញ្ជាក់ថា «ជាការពិតតម្លៃហាងឆេងមាស អាចនឹងបន្ដហក់ឡើង ប្រសិនបើអាមេរិក មិនទាន់បង្ហាញពីគោលជំហរច្បាស់លាស់ ក្នុងឆ្នាំ២០២៦ ឬធនាគារកណ្ដាលមិនទាន់បញ្ជាក់ច្បាស់លាស់ថា ឆ្នាំ២០២៦ គោលការណ៍ហិរញ្ញវត្ថុនឹងប្រែប្រួលបែបណា។ ប៉ុន្ដែទោះបីជាការកើនឡើងខ្ពស់យ៉ាងនេះ ហាងឆេងមាសក៏អាចនឹងមានការធ្លាក់ចុះមកវិញខ្លាំង ក្នុងកម្រិតខ្លាំងណាមួយប្រសិនបើអាមេរិកប្រកាសពីគោលជំហរលើការដឹកនាំប្រទេសក្នុងឆ្នាំ២០២៦ និងធនាគារកណ្ដាលអាមេរិក ប្រកាសពីគោលការណ៍​ការគ្រប់គ្រងហិរញ្ញវត្ថុ ឬការកំណត់អត្រាការប្រាក់ឲ្យសាកសមនឹងអតិផរណា​ ក៏ដូចជាការចំណាយចំណូលរបស់ប្រជាជន»