ក្រោយដាក់ដំណើររយៈពេល ២ឆ្នាំ អាកាសយាន្តដ្ឋានអន្តរជាតិសៀមរាបអង្គរ ទទួលបានអ្នកដំណើរឆ្លងកាត់ជិត ៣លាននាក់

16-10-2025 16:50

(សៀមរាប)៖ គិតត្រឹមថ្ងៃទី១៥ ខែតុលា ២០២៥ឆ្នាំនេះ អាកាសយាន្តដ្ឋានអន្តរជាតិសៀមរាបអង្គរ ទទួលបានអ្នកដំណើរឆ្លងកាត់ប្រមាណជិត​ ៣លាននាក់ ក្រោយដាក់ដំណើររយៈពេល២ឆ្នាំ។ នេះបើតាមការឱ្យដឹងពីលោក ​ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល។

ប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥នេះ​ មន្រ្តីជាន់ខ្ពស់អាកាសចរណ៍រូបនេះ បានបញ្ជាក់ថា «ពីថ្ងៃទី១៦ ឆ្នាំតុលា ឆ្នាំ២០២៣ រហូតដល់ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥​ អាកាសយាន្តដ្ឋានអន្តរជាតិសៀមរាបអង្គរ ទទួលបានអ្នកដំណើរឆ្លងកាត់សរុប ចំនួន ២ ៧៧៩ ៧៣៤ នាក់​។​ ដោយឡែកនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥​ ទទួលបានអ្នកដំណើរចំនួន ៣ ៤៦៤នាក់ និង​ជើងហោះហើរចំនួន៣៦»។

ចំណែក​ក្នុងខែកញ្ញា ឆ្នាំ២០២៥ ​អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ទទួលបានជើងហោះហើរ ចេញ-ចូល (ទ្វេទិស) មានចំនួន​ ៨៩៦ជើង​ ដោយទទួលបានអ្នកដំណើរចេញចូលជិត​៨ ម៉ឺននាក់។ ទន្ទឹមគ្នានេះ ទំនិញតាមផ្លូវអាកាស ចេញ-ចូល (ទ្វេទិស) មានចំនួនប្រមាណជិត​ ២០០តោន។ ​

បើតាម លោក ​ស៊ីន ចាន់សិរីវុត្ថា បច្ចុប្បន្ននេះ មានក្រុមហ៊ុនអាកាសចរណ៍ចំនួន១០ ក្រុមហ៊ុន ក្នុងនោះ ក្រុមហ៊ុនក្នុងស្រុកចំនួន២ បានកំពុងដំណើរហោះហើរចេញចូល អាកាសយាន្តដ្ឋានអន្តរជាតិសៀមរាបអង្គរ។ លោករំពឹងថា នៅត្រឹមដំណាច់ឆ្នាំ២០២៥នេះ នឹងមានក្រុមហ៊ុនចំនួន៤ទៀត រួមមានក្រុមហ៊ុនអាកាសចរណ៍ IndiGo, ក្រុមហ៊ុនអាកាសចរណ៍ Firefly, ក្រុមហ៊ុនអាកាសចរណ៍ Air Busan​ និងក្រុមហ៊ុនអាកាសចរណ៍ T'way ភ្ជាប់ជើងហោះហើរជាមួយអាកាសយាន្តដ្ឋានអន្តរជាតិសៀមរាបអង្គរបន្ថែមទៀត។

សូមជម្រាបថា អាកាសយាន្តដ្ឋានអន្តរជាតិសៀមរាបអង្គរ បាន​ចាប់ផ្តើមបើកដំណើរការ ទទួលជើងហោះហើរលើកដំបូង ជាផ្លូវការ​​កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣​។

អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ បានចាប់ផ្តើមសាងសង់កាលពីខែមីនា ឆ្នាំ២០២០ ដោយក្រុមហ៊ុន Angkor International Airport Investment (Cambodia) Co.,Ltd (AIAI) ក្រោមទុនវិនិយោគប្រមាណ១ ១០០ លានដុល្លារអាមេរិក ដែលជាការវិនិយោគ BOT (សាងសង់ ដំណើរការ និងផ្ទេរមកវិញ) ក្នុងរយៈពេល ៥៥ឆ្នាំ។ ព្រលានយន្តនេះ ត្រូវកសាងឲ្យទៅជាលំដាប់ថ្នាក់ 4E សម្រាប់យន្តហោះធំៗគ្រប់ប្រភេទ ដែលអាចហោះឡើង និងចុះចតបាន។

ក្រុមហ៊ុនវិនិយោគអាកាសយានដ្ឋានអន្តរជាតិអង្គរ (AIAI) មានភាគហ៊ុនិកចំនួន៣ គឺ ក្រុមហ៊ុនវិនិយោគយូណាន (Yunnan Investment Group) មានភាគហ៊ុនចំនួន ៧៦.៦%, ​ក្រុមហ៊ុនសំណង់យូណាន (Yunnan Construction Group) មានភាគហ៊ុនចំនួន ២០% និង​ ក្រុមហ៊ុនគ្រប់គ្រង និងប្រតិបត្តិការអាកាសយានដ្ឋានយូណាន (Yunnan Airport Group) មានភាគហ៊ុនចំនួន ៣.៤%​៕