អាកាសយានដ្ឋានអន្តរជាតិតេជោ ទទួលបានអ្នកដំណើរចេញចូល​ជាង ៤០ម៉ឺននាក់ ​​កើនឡើងជាង១៥% ក្នុងរយៈពេល១ខែដំបូងនៃការបើកដំណើរការ

16-10-2025 17:18

(ភ្នំពេញ)៖ អាកាសយានដ្ឋានអន្តរជាតិតេជោ ក្នុងខែកញ្ញាកន្លងទៅនេះ ទទួលបានអ្នកដំណើរចេញចូលប្រមាណជាង៤០ ម៉ឺននាក់ ​កើនឡើងជាង១៥% បើធៀបទៅនឹងខែកញ្ញា កាលពីឆ្នាំ២០២៤​ ដែលបង្ហាញពីភាពល្អប្រសើរនៃវិស័យអាកាសចរណ៍កម្ពុជា បន្ទាប់ពីការដាក់ឱ្យដំណើរការអាកាសយានដ្ឋានថ្មី។

លោក ​ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល​ បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥នេះថា បន្ទាប់ពីការដាក់ឱ្យដំណើរការ ក្នុងរយៈពេល១ខែកញ្ញា ជើងហោះហើរ ចេញ-ចូល ​អាកាសយានដ្ឋានអន្តរជាតិតេជោ មានចំនួនជិត៤ ពាន់ជើងកើនឡើង១៦% បើធៀបទៅនឹងខែកញ្ញា ឆ្នាំ២០២៤។

​លោកបានឱ្យដឹងដែរថា ក្រុមហ៊ុនអាកាសចរណ៍ដែលកំពុងប្រតិបត្តិការហោះហើរចេញ-ចូល ចំនួន ២៨ ក្រុមហ៊ុន ក្នុងនោះក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកចំនួន ៤ និងក្រុមហ៊ុនអាកាសចរណ៍ក្រៅស្រុកចំនួន ២៤។

អាកាសយានដ្ឋានអន្តរជាតិតេជោ​ ដែលជាច្រកទ្វារថ្មីរបស់កម្ពុជាឆ្ពោះទៅកាន់ពិភពលោក គឺជាស្នាដៃដ៏ធំ និងជាមោទនភាពថ្មីមួយរបស់កម្ពុជា ​ដែលបានបើកឱ្យដំណើរការទទួលអ្នកដំណើរចេញចូល នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥​។ អាកាសយានដ្ឋានអន្តរជាតិតេជោ នឹងសម្ពោធផ្លូវការនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។ ការបើកដំណើរការនេះ គឺជាការបោះជំហានដ៏សំខាន់មួយសម្រាប់វិស័យអាកាសចរណ៍ និងសេដ្ឋកិច្ចកម្ពុជា។

អាកាសយានដ្ឋានអន្តរជាតិតេជោ ត្រូវបានសាងសង់លើផ្ទៃដីដ៏ធំទូលាយប្រមាណ ២,៦០០ ហិកតា ស្ថិតនៅស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល និងផ្នែកខ្លះនៃស្រុកបាទី ខេត្តតាកែវ។ អាកាសយានដ្ឋានថ្មីនេះ មានទីតាំងយុទ្ធសាស្ត្រនៅភាគខាងត្បូងនៃរាជធានីភ្នំពេញ ដែលមានចម្ងាយប្រមាណ ២០ គីឡូម៉ែត្រពីកណ្ដាលក្រុង។ លក្ខណៈសម្គាល់ដ៏សំខាន់មួយរបស់អាកាសយានដ្ឋាននេះ គឺវាត្រូវបានចាត់ថ្នាក់ជាអាកាសយានដ្ឋានលំដាប់ 4F ដែលជាកម្រិតខ្ពស់បំផុតនៅក្នុងវិស័យអាកាសចរណ៍អន្តរជាតិ។ ជាមួយនឹងចំណាត់ថ្នាក់នេះ អាកាសយានដ្ឋានអាចទទួលយន្តហោះគ្រប់ប្រភេទ រួមទាំងយន្តហោះខ្នាតយក្សដូចជា Airbus A380 និង Boeing 747 ផងដែរ។

ក្នុងដំណាក់កាលទី១ ព្រលានយន្តហោះថ្មីនេះមានសមត្ថភាពអាចទទួលអ្នកដំណើរបានរហូតដល់១៣ លាននាក់ក្នុងមួយឆ្នាំ និងដោះស្រាយទំនិញបាន ២៦,០០០ តោន​៕