ADB: កម្ពុជាមានសក្តានុពលល្អ ក្នុងការផលិតទំនិញជំនួសការនាំចូល តែត្រូវរកមធ្យោបាយកាត់បន្ថយថ្លៃដើមបន្ថែម (Video inside)
17-10-2025 10:03
(ភ្នំពេញ)៖ លោក Anthony Gill នាយកស្តីទីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំប្រទេសកម្ពុជា បានលើកឡើងថា កម្ពុជាមានសក្តានុពលល្អ ក្នុងការផលិតទំនិញជំនួសការនាំចូល ប៉ុន្តែត្រូវរកមធ្យោបាយកាត់បន្ថយថ្លៃដើមបន្ថែម តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាទំនើប។
ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោក Anthony Gill អញ្ជើញចូលរួម ក្នុងកិច្ចពិភាក្សាលើប្រធានបទ៖ «មូលដ្ឋានជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា» ក្នុងកម្មវិធី FRESH BUSINESS។
លោក Anthony Gill បានបញ្ជាក់យ៉ាងដូច្នេះថា «កម្ពុជាមានសក្តានុពលល្អ ក្នុងការផលិតទំនិញជំនួសការនាំចូល ប៉ុន្តែយើងត្រូវបន្តប្រឹងប្រែង ក្នុងការកាត់បន្ថយថ្លៃដើម តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាទំនើប ធ្វើឲ្យផលិតកម្ម រួមទាំងកសិផលផងដែរ មានប្រសិទ្ធភាពខ្ពស់»។
លើសពីនោះទៀត នាយកស្តីទីធនាគារអភិវឌ្ឍន៍អាស៊ី បានឲ្យដឹងថា ការកាត់បន្ថយថ្លៃដឹកជញ្ជូន និងចំណាយឡូជិស្ទិកផ្សេងៗ ដើម្បីជំរុញផលិតកម្ម ទំនិញជំនួសការនាំចូល ឲ្យកាន់តែមានប្រសិទ្ធិភាព ផ្នែកសេដ្ឋកិច្ច និងផ្នែកប្រកួតប្រជែង ធៀបនឹងផលិតផលនាំចូលពីតំបន់ផ្សេងៗ។
លោក Anthony Gill បានបន្ថែមថា រាជរដ្ឋាភិបាល ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រសួងពាណិជ្ជកម្ម និងវិស័យធនាគារ កំពុងប្រឹងប្រែងយ៉ាងខ្លាំង ក្នុងការពង្រឹងសមត្ថភាពរបស់កម្ពុជា ដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមទាំងនេះ។
លោកថា រាជរដ្ឋាភិបាលគួរបន្តធ្វើឱ្យកាន់តែប្រសើរផ្នែកច្បាប់ និងបទប្បញ្ញត្តិ ដើម្បីឲ្យការធ្វើអាជីវកម្មនៅកម្ពុជា មានប្រសិទ្ធភាពខ្ពស់ និងអាចទាក់ទាញការវិនិយោគ និងបច្ចេកវិទ្យា ពីបរទេសបានច្រើនជាងមុន។ ADB និងដៃគូអភិវឌ្ឍន៍ផ្សេងទៀត នឹងបន្តគាំទ្ររាជរដ្ឋាភិបាល និងវិស័យឯកជន ដើម្បីដោះស្រាយបញ្ហាប្រឈមទាំងនេះ៕
ខាងក្រោមនេះ ជាវីដេអូនៃការលើកឡើងទាំងស្រុង របស់លោក Anthony Gill៖