ADB: កម្លាំងពលកម្មវ័យក្មេងរបស់កម្ពុជា គឺជាគុណសម្បត្តិដ៏សំខាន់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រទេស ប៉ុន្តែចាំបាច់ត្រូវបង្កើនការបណ្តុះបណ្តាលជំនាញ (​Video inside)

17-10-2025 10:19

(ភ្នំពេញ)៖ លោក Anthony Gill នាយកស្តីទី ADB ប្រចាំប្រទេសកម្ពុជា​ បានគូសបញ្ជាក់ថា កម្លាំងពលកម្មវ័យក្មេងរបស់កម្ពុជា គឺជាគុណសម្បត្តិដ៏សំខាន់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រទេស ដែលបច្ចុប្បន្ននេះ ជាង ៦០% នៃប្រជាពលរដ្ឋកម្ពុជាមានអាយុក្រោម ៣៥ ឆ្នាំ ប៉ុន្តែកម្លាំងពលកម្មទាំងនេះ ចាំបាច់ត្រូវតែបង្កើនការបណ្តុះបណ្តាលជំនាញ​​ជំនាញបន្ថែម។

លោកបានពន្យល់ថា ខណៈពេលដែលប្រទេសជឿនលឿននៅតំបន់អាស៊ីកំពុងប្រឈមបញ្ហានៃកំណើនចំនួនប្រជាជន វ័យចំណាស់ ប្រទេសកម្ពុជាកំពុងមានគុណសម្បត្តិដោយមានកម្លាំងពលកម្មវ័យក្មេង​ច្រើន។ ជាង ៦០% នៃប្រជាពលរដ្ឋកម្ពុជាមានអាយុក្រោម ៣៥ ឆ្នាំ ដែលធ្វើឱ្យកម្ពុជាក្លាយជាប្រទេសដែលមានប្រជាពលរដ្ឋវ័យក្មេងច្រើនជាងគេមួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ ប៉ុន្តែគុណសម្បត្តិប្រជាសាស្ត្រនេះនឹងមិនអាចបំពេញសក្តានុពលពេញលេញទេប្រសិនបើកម្ពុជាមិនបង្កើនការបណ្តុះបណ្តាលជំនាញក្នុងប្រព័ន្ធអប់រំរបស់ខ្លួន។

​ ADB បាននិងកំពុងជួយរាជរដ្ឋាភិបាលក្នុងការបង្កើនគុណភាព និងអត្ថប្រយោជន៍ជាក់ស្តែងនៃផ្នែក STEM ដើម្បីជួយដោះស្រាយបញ្ហាខាងលើ។

លោកបន្ថែមថា ទីផ្សារការងារនៅប្រឈមនឹងភាពមិនស៊ីសង្វាក់គ្នានៃជំនាញ ដោយប្រមាណ ៨៥% នៃកម្លាំងការងាររបស់កម្ពុជាមិនទាន់បានបញ្ចប់មធ្យមសិក្សាទុតិយភូមិ ហើយក្រុមហ៊ុនជារឿយៗនៅពិបាកក្នុងការរើសបុគ្គលិកដែលមានជំនាញគ្រប់គ្រាន់ ដែលនេះជាឧបសគ្គសម្រាប់កំណើនវិស័យឯកជន។

លោក Anthony Gill លើកឡើងបែបនេះ ធ្វើឡើងក្នុងកម្មវិធី FRESH BUSINESS​ ពិភាក្សាលើប្រធានបទ៖ «មូលដ្ឋាន​ជំរុញ​កំណើន​សេដ្ឋកិច្ច​កម្ពុជា»

សូមស្តាប់ការពន្យល់បន្ថែមរបស់​ លោក Anthony Gill៖