អ្នកគ្រប់គ្រងផ្សារ ជីប ម៉ុង៖ សន្ទុះនៃការគាំទ្រផលិតផលខ្មែរ បានផុសផុលជាងមុន ប៉ុន្តែទំនិញមួយចំនួនមិនទាន់អាចបំពេញតម្រូវការបាន ទាមទារឱ្យមានការផលិតបន្ថែម (Video inside)
18-10-2025 10:27
(ភ្នំពេញ)៖ លោក ម៉ន ម៉ើ ប្រធានគ្រប់គ្រងផ្នែកប្រតិបត្តិការ ជីប ម៉ុង ស៊ុបភើម៉ាឃីត បានថ្លែងឲ្យដឹងថា សន្ទុះនៃការគាំទ្រផលិតផលខ្មែរ បានផុសផុលជាងមុន ប៉ុន្តែទំនិញមួយចំនួនមិនទាន់អាចបំពេញតម្រូវការបាន ដែលទាមទារឱ្យមានការផលិតបន្ថែម។
ការលើកឡើងរបស់លោក ម៉ន ម៉ើ ធ្វើឡើងក្នុងកិច្ចសម្ភាសន៍សេដ្ឋកិច្ច លើប្រធានបទ៖ «តួនាទីរបស់ផ្សារខ្មែរ ជួយគាំទ្រផលិតកម្មក្នុងស្រុក»។
លោក ម៉ន ម៉ើ បានថ្លែងឲ្យដឹងថា សន្ទុះនៃការគាំទ្រផលិតផលក្នុងស្រុក ពិសេសក្នុងផ្សារជីបម៉ុង គឺមានការកើនឡើងជាខ្លាំង ប៉ុន្ដែចំពោះការផ្គត់ផ្គង់ផ្នែកសិកម្ម គឺយើងមានគ្រប់គ្រាន់ តែការផ្គត់ផ្គង់ផលិតផលមួយចំនួន គឺមានការខ្វះខាត ជាក់ស្ដែងដូចទឹកដោះគោស្រស់ជាដើម ការផ្គត់ផ្គង់នៅមានកម្រិតនៅឡើយ ដែលទាមទារឲ្យនាំចូលមកបំពេញតម្រូវការ។
លោកបានបន្ដថា និយាយចំពោះគ្រឿងឧបភោគបរិភាគមានដូចជាទឹកត្រី, ទឹកសៀវអ៊ីវជាដើម ការផលិតក្នុងស្រុកគឺអាចផ្គត់ផ្គង់ទៅបាន និងគ្រប់គ្រាន់។ ចំពោះផ្សារ ជីប ម៉ុង ការផ្គត់ផ្គង់លើបន្លែ, ផ្លែ ឈើ និងសាច់ គឺមានការផ្គត់ផ្គង់បានគ្រប់គ្រាន់ ដូច្នេះផ្នែកកសិកម្មបន្លែ ត្រីសាច់ គឺមិនខ្វះខាតនោះឡើយក្នុងស្រុក ប៉ុន្ដែទំនិញសក្ដានុពលដែលខ្វះខាតមានដូចជា គ្រឿងកំប៉ុង និងទឹកដោះគោ សាប៊ូដុសខ្លួន, សាប៊ូលាងមុខ គឺកម្ពុជានៅតែមានកង្វះខាតក្នុងការផ្គត់ផ្គង់។
លោកបានបញ្ជាក់ថា ដោយឡែកសម្រាប់សាប៊ូបោកខោអាវ, សាប៊ូជូតកម្រាលឥដ្ឋ គឺយើងអាចផ្គត់ផ្គង់បានគ្រប់គ្រាន់ហើយ ដោយមិនតម្រូវឲ្យមានការនាំចូលទៀតនោះទេ ក្នុងនោះភេសជ្ជៈ ឬស្រាបៀរកម្ពុជាអាចផលិតដោយខ្លួនឯង ប៉ុន្ដែសម្រាប់ស្រាក្រហមនៅមិនទាន់ផលិតបាននោះឡើយ៕