យល់ដឹងពីជំនួញ៖ ជីប ម៉ុង ធានាទិញផលិតផលបន្លែផ្លែឈើទាំងអស់ ដែលមានសុវត្ថិភាព ខណៈមានផែនការពង្រីកផ្សារបន្ថែមច្រើនទៀត (Vodeo insite)

19-10-2025 08:16

(ភ្នំពេញ)៖ ផ្សារទំនើប ជីប ម៉ុង ស៊ុបភើម៉ាឃីត លើកទឹកចិត្តកសិករ ដាំដុះបន្លែ និងផ្លែឈើ ស្របតាមស្តង់ដារសុវត្ថិភាព ដើម្បីមានទីផ្សារ និងគិតគូរដល់សុខភាពអ្នកប្រើប្រាស់ ​ខណៈផ្សារទំនើប ជីប ម៉ុង នឹងធានាថា ទទួលទិញកសិផលរបស់កសិករទាំងអស់ដែលមានសុវត្ថិភាព។

​លោក ម៉ន ម៉ើ ប្រធានគ្រប់គ្រងផ្នែកប្រតិបត្តិការ ជីប ម៉ុង ស៊ុបភើម៉ាឃីត ​បានលើកឡើងថា កន្លងមកថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន ជីប ម៉ុង បានប្រកាសប្រាប់ដល់កសិករហើយ សូមកុំមានកង្វល់ថា បន្លែ និងផ្លែឈើ ដែលផលិតបានហើយគ្មានទីផ្សារ។ ​ក្រុមហ៊ុននឹងធានាទទួលទិញផលិតផលបន្លែ ផ្លែឈើ ទាំងអស់ ដែលមានសុវត្ថិភាព។ ជាក់ស្តែងកន្លងមក រាល់ពេលទទួលបានព័ត៌មានថា ដំណាំរបស់កសិករដែលដាំបានហើយគ្មានទីផ្សារ ដូចជាល្ពៅ ល្ហុង និងផលិតផលកសិកម្មផ្សេងទៀត ថ្នាក់ដឹកនាំក្រុមហ៊ុនបានទៅពិនិត្យផ្ទាល់​ ដើម្បីប្រមូលទិញ​ ដែលជាការរួមចំណែកជួយដល់កសិករ។

ប៉ុន្តែយ៉ាងនេះក្តី ផ្សារទំនើប ជីប ម៉ុង អាចទិញបានលុះត្រាតែផលិតផលនោះដាំដុះ តាមស្តង់ដារសុវត្ថិភាព។ ក្រុមការងារផ្សារ ​នឹងចុះទៅពិនិត្យការដាំដុះដោយផ្ទាល់ដល់ចម្ការ ដើម្បីពិនិត្យមើល​ ព្រោះទាល់តែផ្សារប្រាកដថាផលិតផលនោះជាផលិតផលមានសុវត្ថិភាព សម្រាប់អ្នកប្រើប្រាស់ ទើបផ្សារ ជីប ម៉ុង សម្រេចទទួលទិញយកមកដាក់លក់។ ដោយឡែកសម្រាប់ផលិតផលកែច្នៃ របស់សហគ្រាសធុនតូច និងមធ្យម ក្រុមការងារនឹងពិនិត្យទៅលើស្តង់ដាកែច្នៃ ការចុះបញ្ជី ផ្លាកសញ្ញាផលិតផល លេខបាកូដ និងអាស័យដ្ឋានផលិតជាដើម។

លោកបានឱ្យដឹងបន្ថែមថា ផ្សារទំនើប ជីប ម៉ុង បានដាក់បេសសកម្ម បង្កើតស្តង់នៅតាមសហគមន៍ ដើម្បីទទួលទិញកសិផលពីកសិករដែលផលិតបាន។ ជាក់ស្តែងបច្ចុប្បន្ននេះ មានមួយទីតាំងហើយ​ នៅឃុំកោះខែល ក្នុងស្រុកស្អាត ខេត្តកណ្តាល។

​តាមរយៈស្តង់ដែលបានបង្កើតនៅក្នុងសហគមន៍នេះ កសិករខ្នាតតូច ដែលដាំដុះតិចតួច ក្នុងបរិមាណ ១០គីឡូ ឬ២០គីឡូ ក៏ផ្សារទំនើប ជីប ម៉ុង ទទួលទិញយកមកលក់ដែរបានដែរ ដោយភ្នាក់ងាររបស់ក្រុមហ៊ុន នឹងដើរប្រមូលទិញ។ ​គិតមកទល់បច្ចុប្បន្ននេះ ជាអ្នកផលិតដាំដុះបន្លែ និងផ្លែឈើ​ ​ប្រមាណ៤០០នាក់ហើយបានក្លាយអ្នកផ្គត់ផ្គង់​ដល់ផ្សារទំនើប ជីប ម៉ុង។

បើតាមប្រធានគ្រប់គ្រងផ្នែកប្រតិបត្តិការ ជីប ម៉ុង ស៊ុបភើម៉ាឃីត ​​ បច្ចុប្បន្ននេះ ក្រុមហ៊ុនព្យាយាមពង្រីកសាខាបន្ថែមក្នុងទីក្រុង​ និងមានផែនការនៅឆ្នាំបន្តបន្ទាប់ទៀត​ ឈានទៅពង្រីកនៅតាមបណ្តាខេត្ត៕