កម្ពុជាទទួលបានអ្នកដំណើរតាមផ្លូវអាកាសជាង ៥លាននាក់ កើនជាង១៤ភាគរយ នៅរយៈពេល៩ខែ ឆ្នាំ២០២៥ (Video inside)
21-10-2025 07:44
(ភ្នំពេញ)៖ លោក ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល បានបញ្ជាក់ថា ក្នុងរយៈពេល៩ខែ ពោលចាប់ពីខែមករា ដល់ខែកញ្ញា ឆ្នាំ២០២៥នេះ ការដឹកជញ្ជូនតាមផ្លូវអាកាសនៅកម្ពុជាមានជាង ៤ម៉ឺនជើង កើនជាង១២ភាគរយ ដោយទទួលបានអ្នកដំណើរជាង ៥លាននាក់ កើនជាង១៤ភាគរយ។
ថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News លោក ស៊ីន ចាន់សិរីវុត្ថា បានថ្លែងឲ្យដឹងថា គិតចាប់ពី ខែមករា ដល់ ខែកញ្ញា ឆ្នាំ២០២៥ ព្រលានយន្តហោះទាំងបីរបស់កម្ពុជា ទទួលបានជើងហោះហើរចេញ-ចូល (ទ្វេទិស) មានចំនួនជាង៤ម៉ឺនជើង ឬស្មើ៤៧,៦៣៧ជើង កើនឡើង១២% បើធៀបទៅនឹងរយៈពេល៩ខែ ដូចគ្នាទៅនឹងឆ្នាំ២០២៤។
ចំណែកអ្នកដំណើរចេញ-ចូល (ទ្វេទិស) មានចំនួនជាង៥លាននាក់ ឬស្មើនឹង៥,១០៩,៣២៥ នាក់ កើនឡើង១៤% បើធៀបទៅនឹងរយៈពេល៩ខែ ដូចគ្នាទៅនឹងឆ្នាំ២០២៤។
សម្រាប់ការទំនិញតាមផ្លូវអាកាស ចេញ-ចូល (ទ្វេទិស) មានចំនួនជាង ៦ម៉ឺនតោន ឬស្មើ៦៤,៥១៣ តោន មានការកើនឡើង១៤% បើធៀបទៅនឹងរយៈពេល៩ខែដូចគ្នាទៅនឹងឆ្នាំ២០២៤។
លោកបញ្ជាក់ថា ចំពោះក្រុមហ៊ុនអាកាសចរណ៍ ដែលកំពុងប្រតិបត្តិការហោះហើរចេញ-ចូល អាកាសយានដ្ឋានអន្តរជាតិនៅកម្ពុជាមានចំនួន ៣២ក្រុមហ៊ុន ក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកចំនួន៤ និងក្រុមហ៊ុនអាកាសចរណ៍ក្រៅស្រុកចំនួន២៨៕






