រដ្ឋមន្ត្រីពាណិជ្ជកម្ម៖ កម្ពុជាបាននិងកំពុងខិតខំលើកស្ទួយ និងប្រែក្លាយពីប្រទេសផលិត ទៅជាប្រទេសនាំចេញគ្រាប់ស្វាយចន្ទី និងម្រេច ប្រកបដោយគុណភាពខ្ពស់
23-10-2025 14:42
(ភ្នំពេញ)៖ លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម មានប្រសាសន៍ថា កម្ពុជាបាននិងកំពុងខិតខំលើកស្ទួយ និងប្រែក្លាយពីប្រទេសផលិត ទៅជាប្រទេសដែលនាំចេញគ្រាប់ស្វាយចន្ទី និងម្រេច ប្រកបដោយគុណភាពខ្ពស់ ខណៈរាជរដ្ឋាភិបាលបានផ្ដោតសំខាន់ទៅលើការពង្រឹងសមត្ថភាពប្រកួតប្រជែង នៅលើទីផ្សារពិភពលោក។
ដោយមើលឃើញពីសក្តានុពល និងកាលានុវត្តភាពនៃដំណាំស្វាយចន្ទី និងម្រេច លោកស្រីរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ក្រសួងពាណិជ្ជកម្ម តាមរយៈកិច្ចសហការជិតស្និទ្ធពីក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន បានរួមគ្នារៀបចំគោលនយោបាយជាតិស្តីពីស្វាយចន្ទីឆ្នាំ២០២២-២០២៧ និងបច្ចុប្បន្នកំពុងរៀបចំសេចក្តីព្រាងគោលនយោបាយ ម្រេចកម្ពុជា ក្នុងគោលបំណងធ្វើយ៉ាងណារួមគ្នាជំរុញការអភិវឌ្ឍផលិតកម្ម ការកែច្នៃ និងទីផ្សារស្វាយចន្ទីនិងម្រេច ឱ្យមានលក្ខណៈប្រកួតប្រជែងប្រកបដោយបរិយាបន្ន ធានានូវនិរន្តរភាព ការធ្វើពិពិធកម្មសេដ្ឋកិច្ច និងប្រែក្លាយកម្ពុជាឱ្យទៅជាប្រទេសផលិតនិងផ្គត់ផ្គង់ចម្បងមួយ សម្រាប់បម្រើទីផ្សារក្នុងស្រុក តំបន់ និងពិភពលោក។
លោកស្រីមានប្រសាសន៍ថា តាមរយៈការសហការជិតស្និទ្ធជាមួយភាគីពាក់ព័ន្ធទាំងអស់ ក្រសួងពាណិជ្ជកម្មកំពុងពង្រឹងបន្ថែមក្នុងការនាំចេញ ការធានាគុណភាព វិញ្ញាបនប័ត្រ និងប្រព័ន្ធតាមដានដំណើរការផលិតកម្ម ឱ្យស្របគ្នាទៅនឹងស្តង់ដារទីផ្សារអឺរ៉ុប។
លោកស្រីបានលើកឡើងផងដែរពីយន្តការចម្បងៗមួយចំនួន ជាពិសេស លើការទាញយកអត្ថប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មជាអតិបរមា រួមមាន៖ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងកិច្ចព្រមព្រៀងសេដ្ឋកិច្ចដ៏ទូលំទូលាយក្នុងតំបន់ (RCEP) ការបន្តពង្រីកទីផ្សារថ្មីៗ និងបង្កើនភាពទុកចិត្តជាដៃគូពាណិជ្ជកម្ម។ ក្នុងនោះ ក្រសួងពាណិជ្ជកម្មនឹងបន្តខិតខំ ដើម្បីធ្វើយ៉ាងណាឱ្យផលិតផលកសិកម្មកម្ពុជា ជាពិសេស ផលិតផលគ្រាប់ស្វាយចន្ទី និងម្រេច ឱ្យក្លាយជាផលិតផលដែលទទួលបានការទុកចិត្ត និងមានតម្លៃខ្ពស់នៅទីផ្សារពិភពលោក។
ការថ្លែងរបស់លោកស្រី ចម និម្មល ធ្វើឡើងក្នុងឱកាសដែលលោកស្រីបានអញ្ជើញជាអធិបតីក្នុងពិធីបើក «វេទិកាពាណិជ្ជកម្មស្វាយចន្ទី និងម្រេចកម្ពុជា» ក្រោមមូលបទ «ការបើកច្រកទីផ្សារទៅកាន់សហភាពអឺរ៉ុប» នាថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ នៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ។
វេទិកាពាណិជ្ជកម្មស្វាយចន្ទី និងម្រេចកម្ពុជា ក្រោមមូលបទ «ការបើកច្រកទីផ្សារទៅកាន់សហភាពអឺរ៉ុប ២០២៥» បានប្រព្រឹត្តិរយៈពេល២ថ្ងៃ ពីថ្ងៃទី២៣-២៤ ខែតុលា ឆ្នាំ២០២៥ ដែលមានវត្តមានអញ្ជើញចូលរួមពី លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លោក តូច ប៊ុនហួរ រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក Igor Driesmans ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា លោក Stefan Messerer ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំកម្ពុ រួមទាំងតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ តំណាងដៃគូអភិវឌ្ឍន៍ ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិជាច្រើនរូប។
វេទិកានេះត្រូវបានរៀបចំឡើងក្នុងគោលបំណងប្រមូលផ្តុំភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសអ្នកផលិត អ្នកកែច្នៃ អ្នកនាំចេញ វិនិយោគិនជាតិនិងអន្តរជាតិ មកចែករំលែកចំណេះដឹងប្រកបដោយនវានុវត្តន៍ និងលើកកម្ពស់ការវិនិយោគលើការកែច្នៃដែលនឹងបង្កើតតម្លៃបន្ថែមនៅក្នុងវិស័យស្វាយចន្ទីនិងម្រេចកម្ពុជា ព្រមទាំងឱកាសក្នុងការស្វែងរកកាលានុវត្តភាពទីផ្សារបន្ថែមទៅកាន់សហភាពអឺរ៉ុបផងដែរ។
លោកស្រី ចម និម្មល បានលើកទឹកចិត្តដល់ភាគីពាក់ព័ន្ធទាំងអស់ ក្នុងការបន្តសហការយ៉ាងជិតស្និទ្ធ ដើម្បីលើកកម្ពស់ និងពង្រឹងសមត្ថភាពផលិត និងការនាំចេញផលិតផលកសិកម្មកម្ពុជា ការអភិវឌ្ឍផលិតកម្ម ការកែច្នៃ និងទីផ្សារស្វាយចន្ទីនិងម្រេច ឱ្យមានលក្ខណៈប្រកួតប្រជែងប្រកបដោយបរិយាបន្ន ធានានូវនិរន្តរភាព ការធ្វើពិពិធកម្មសេដ្ឋកិច្ច និងប្រែក្លាយកម្ពុជាឱ្យទៅជាប្រទេសផលិតនិងផ្គត់ផ្គង់ចម្បងមួយ សម្រាប់បម្រើទីផ្សារក្នុងស្រុក តំបន់ និងពិភពលោក។
យោងតាមក្រសួងពាណិជ្ជកម្ម ការផលិត និងការនាំចេញស្វាយចន្ទីបានកើនឡើងគួរឱ្យកត់សម្គាល់។ ផ្ទដីប្រមូលស្វាយចន្ទីបានកើនឡើងពី ជាង៤៧ម៉ឺនហិកតា ក្នុងឆ្នាំ២០២៣ ដល់ ជាង៥៨ម៉ឺនហិកតា ក្នុងឆ្នាំ២០២៤ ខណៈទិន្នផលបានកើនឡើងដល់ជាង៨៨ម៉ឺនតោន ក្នុងឆ្នាំ២០២៤ និងបន្តកើនឡើងថែមទៀតក្នុងឆ្នាំ២០២៥នេះ។ ចំណែកការកែច្នែវិញ ក៏មានការកើនឡើងផងដែរ។ ក្នុងឆ្នាំ២០២៣ ការកែច្នែសម្រេចបានប្រមាណ១៩,៩០០តោន ឈានដល់២២,៦០០តោន ក្នុងឆ្នាំ២០២៥។
រយៈពេល៤ខែឆ្នាំ២០២៥នេះ ការនាំចេញស្វាយចន្ទីទទួលបានទឹកប្រាក់ជាង៦២៨លានដុល្លារ បើធៀបនឹងទឹកប្រាក់ចេញពេញមួយឆ្នាំ២០២៤ មានត្រឹមតែជាង៥០៣លានដុល្លារប៉ុណ្ណោះ។
ដោយឡែកការនាំចេញម្រេចវិញ ក្នុងឆ្នាំ២០២៤ សម្រេចបាន៧៣០០តោន ទទួលបានទឹកប្រាក់៣៤.៥៣៨លានដុល្លារ។ ទីផ្សារគោលដៅនាំចេញម្រេចកម្ពុជា មានដូចជា វៀតណាម មាន៦៧.៩% បណ្តាប្រទេសក្នុងទ្វីបអ៊ឺរ៉ុប ដូចជា អាល្លឺម៉ង់ បារាំង សាធារណរដ្ឋឆេក ប៊ែលហ្សិច អង់គ្លេស រុស្ស៉ី។ ព្រមទាំងបានពង្រីកទីផ្សារបន្ថែមទៀត រួមមាន តួកគី ប៉ាគីស្ថាន និង UAE៕






































