វេទិកាពាណិជ្ជកម្មស្វាយចន្ទី និងម្រេចកម្ពុជា ត្រូវបានរៀបចំឡើងជាលើកដំបូង ដើម្បីជំរុញពាណិជ្ជកម្ម ការវិនិយោគ និងបើកច្រកទីផ្សារទៅកាន់អឺរ៉ុប

23-10-2025 16:48

(ភ្នំពេញ)៖ «វេទិកាពាណិជ្ជកម្មស្វាយចន្ទី និងម្រេចកម្ពុជា» ត្រូវបានរៀបចំឡើងជាលើកដំបូង ដែលបានប្រមូលផ្តុំអ្នកផលិត អ្នកនាំចេញ អ្នកបញ្ជាទិញ និងវិនិយោគិនក្នុងវិស័យស្វាយចន្ទី និងម្រេច ដើម្បីបង្កើនការនាំចេញ ទាក់ទាញការវិនិយោគ និងបង្ហាញឋានៈរបស់ប្រទេសកម្ពុជា ដែលកំពុងលេចឡើងខ្លាំង នៅក្នុងទីផ្សារសកលនៃវិស័យទាំងពីរនេះ។

វេទិកានេះបានរៀងចំឡើងក្រោមមូលបទ «ការបើកច្រកទីផ្សារទៅកាន់សហភាពអឺរ៉ុប» បានបង្ហាញសារយ៉ាងច្បាស់ពីរជំហរដ៏រឹងមាំរបស់កម្ពុជា ដែលបានត្រៀមខ្លួនរួចរាល់ក្នុងការប្រកួតប្រជែងនៅក្នុងទីផ្សារអន្តរជាតិដែលផ្តោតទៅផលិតផលដែលមានគុណភាព និងនិរន្តរភាព។

វេទិកាលើកដំបូងនេះ បានរៀបចំឡើងនៅថ្ងៃទី២៣-២៤ ខែតុលា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ ដែលសហការរៀបចំដោយរាជរដ្ឋាភិបាលកម្ពុជា សហភាពអឺរ៉ុប និងសហព័ន្ធសាធារណរដ្ឋអាល្លឺម៉ង់។ ស្ថាប័នពាក់ព័ន្ធសំខាន់ៗពីរាជរដ្ឋាភិបាលកម្ពុជា រួមមានក្រសួងពាណិជ្ជកម្ម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានសហការជាមួយ សហព័ន្ធស្វាយចន្ទីកម្ពុជា និងសហគមសហព័ន្ធម្រេច និងគ្រឿងទេសកម្ពុជា បានរៀបចំព្រឹត្តិការណ៍នេះឡើងប្រកបដោយកិច្ចសហប្រតិបត្តិការ និងទស្សនៈវិស័យឆ្ពោះទៅមុខ។

វេទិកាពិភាក្សាទាំងនេះបានផ្តល់ពត៌មានសំខាន់ៗ សម្រាប់សហគ្រាសធុនតូច និងមធ្យម (SMEs) កម្ពុជា ពាក់ព័ន្ធនឹងវិស័យទាំងពីរ និងនីតិវិធីពាក់ព័ន្ធនាៗដែលអនុលោមភាពតាមស្តង់ដារទីផ្សារអន្តរជាតិ ជាពិសេសទីផ្សារសហភាពអឺរ៉ុប ដែលផ្តោតសំខាន់ទៅលើផលិតផលដែលមានប្រព័ន្ធតាមដានប្រភពដើមទំនិញ ការផលិតប្រកបដោយនិរន្តរភាព និងគុណភាពខ្ពស់។

លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម មានប្រសាសន៍ថា រាជរដ្ឋាភិបាល បន្តប្តេជ្ញាចិត្តពេញលេញក្នុងការលើកកម្ពស់ ភាពប្រកួតប្រជែងជាសាកលសម្រាប់វិស័យ យុទ្ធសាស្ត្រ លើផលិតផលស្វាយចន្ធី និងម្រេចដែលមានគុណភាពខ្ពស់ សំដៅឈានសម្រេចបាននូវមហិច្ឆតាពង្រឹងឋានៈរបស់ខ្លួន ឱ្យក្លាយជាប្រទេសដែលផលិត និងនាំចេញឈានមុខគេ។

លោកស្រីបន្ថែមថា «តាមរយៈកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយភាគីពាក់ព័ន្ធនេះ យើងកំពុងជំរុញការត្រៀមលក្ខណៈរួចជាស្រេចក្នុងការនាំចេញ និងធានាឱ្យបាននូវអនុលោមភាពតាមស្តង់ដារទីផ្សារអឺរ៉ុប ផ្តោតលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរឹងមាំ ការចេញវិញ្ញាបនបត្រទទួលស្គាល់ ព្រមទាំងប្រព័ន្ធតាមដានប្រភពដើមទំនិញ។ កម្ពុជាកំពុងពង្រីកលទ្ធភាពទទួលបានទីផ្សារថ្មី និងពង្រឹងកេរ្តិ៍ឈ្មោះរបស់ខ្លួនក្នុងនាមជាដៃគូពាណិជ្ជកម្មប្រកបដោយទំនុកចិត្ត តាមរយៈការទាញយកប្រយោជន៍ពី កិច្ចសម្រួលពាណិជ្ជកម្ម និងអនុគ្រោះផ្សេងៗ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP)។ ជាមួយនឹងការគាំទ្រពីសំណាក់ដៃគូអភិវឌ្ឍន៍របស់យើង ជាពិសេសសហភាពអឺរ៉ុប និងសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ក្រសួងពាណិជ្ជកម្មនៅតែបន្តកិច្ចខិតខំប្រឹងប្រែងដើម្បីជំរុញផលិតផលស្វាយចន្ទី ម្រេច និងផលិតផលកសិ-ចំណីអាហារផ្សេងទៀតរបស់កម្ពុជា ឱ្យក្លាយជាជម្រើសប្រកបដោយគុណភាពខ្ពស់ ទំនុកចិត្ត និង និរន្តរភាព នៅក្នុងទីផ្សារសាកល»

លោក តូច ប៊ុនហួរ រដ្ឋលេខាធិការ តំណាងលោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានគូសបញ្ជាក់ថា «ជំហានបន្ទាប់របស់កម្ពុ ជាសម្រាប់ដំណាំស្វាយចន្ទី និងម្រេច នឹងផ្ដោតសំខាន់លើគុណភាព ការអនុលោមតាមស្តង់ដារ និងកិច្ចសហប្រតិបត្តិការជាមួយដៃគូនានាលើសកលលោក ដើម្បីទទួលបានតម្លៃបន្ថែមខ្ពស់។ ជាមួយក្រុមការងារនៃប្រតិភូសហភាពអឺរ៉ុប យើងនឹងប្រឹងប្រែងកែច្នៃសក្តានុពលស្វាយចន្ទី និងម្រេចរបស់កម្ពុជា ដើម្បីទទួលបានភាពជឿជាក់ និងទំនុកចិត្ត ទាំងចំពោះគុណភាព និងសុវត្ថិភាព»

លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានមានប្រសាសន៍ថា បច្ចុប្បន្ន កម្លាំងផលិត និងកែច្នៃក្នុងស្រុកកំពុងទទួលបាននូវការគាំទ្រយ៉ាងក្លៀវក្លា និងកំពុងមានសន្ទុះ និងចលនការគួរជាទីមោទនៈ។

លោកបន្ថែមថា «ក្នុងនាមជាប្រធានក្រុមប្រឹក្សាស្តង់ដារជាតិ ខ្ញុំសូមលើកទឹកចិត្តដល់ភាគីពាក់ព័ន្ធបន្តចូលរួមសហការអភិវឌ្ឍស្តង់ដារស្វាយចន្ទី និងម្រេចបន្ថែមទៀត ទៅតាមតម្រូវការទីផ្សារជាតិ និងអន្តរជាតិ រួមទាំងបន្តការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសលើការដឹកជញ្ជូន កន្លែងស្តុកទុក និងរោងចក្រកែច្នៃ ដើម្បីបង្កើនតម្លៃបន្ថែមសម្រាប់ផលិតផលស្វាយចន្ទី និងម្រេចសម្រាប់ទីផ្សារថ្មីៗ។ ការវិនិយោគទាំងនេះនឹងរួមចំណែកធានាអធិបតេយ្យភាព និងសន្តិសុខស្បៀង ព្រមទាំងប្រែក្លាយកម្ពុជា ទៅជាប្រទេសផ្គត់ផ្គង់ដ៏គួរឱ្យទុកចិត្ត និងមានភាពប្រកួតប្រជែងខ្ពស់ ពិសេសសម្រាប់សហភាពអឺរ៉ុប»។ ដៃគូសហការពីស្ថាប័នអន្តរជាតិ ក៏បានកើតសរសើរពីវេទិកានេះ ថាជាជំហានដ៏សំខាន់នៃដំណើរឆ្ពោះទៅមុខរបស់កម្ពុជា។

លោក Igor Driesmans ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា បានមានប្រសាសន៍ថា «ស្វាយចន្ទី និងម្រេចកម្ពុជា មានសក្តានុពលក្នុងការប្រែក្លាយពីដំណាំប្រពៃណីទៅជាដំណាំដែលមានសក្តានុពលសម្រាប់ការនាំចេញ។ សហភាពអឺរ៉ុបមានសេចក្តីសោមនស្សរីករាយក្នុងការចូលរួមជាមួយរដ្ឋាភិបាលកម្ពុជា ដើម្បីគាំទ្រកសិករ និងសហគ្រាសធន់តូចនិងមធ្យម ក្នុងការនាំចេញផលិតផលរបស់ពួគគេទៅកាន់ទីផ្សារអន្តរជាតិ ដូចជាទីផ្សារសហភាពអឺរ៉ុប។ ការសហការនេះ មិនត្រឹមតែបង្កើនសមត្ថភាពប្រកួតប្រជែងនៃវិស័យនេះទេ ប៉ុន្តែអាចបង្កើតឱកាសការងារ និងសេដ្ឋកិច្ចសម្រាប់គ្រួសារកម្ពុជាច្រើនគ្រួសារ»

លោក Stefan Messerer ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំកម្ពុជា បានបន្ថែមថា «ក្នុងនាមជាប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេក្នុងសហភាពអឺរ៉ុប អាល្លឺម៉ង់គឺជាដៃគូរសហការដ៍សំខាន់សម្រាប់ការបើកឱកាសថ្មីៗសម្រាប់វិស័យស្វាយចន្ទី និងម្រេចកម្ពុជា។ ជាមួយនឹងតម្រូវការកាន់តែខ្លាំងក្នុងការទទួលបានផលិតផលដែលមានគុណភាពខ្ពស់ និងប្រភពច្បាស់លាស់ អ្នកប្រើប្រាស់របស់ប្រទេសអាល្លឺម៉ង់ ផ្តល់ឱកាសយ៉ាងធំសម្រាប់ការនាំចេញពីកម្ពុជា។ ជាមួយនឹងបទពិសោធន៍ និងបច្ចេកវិទ្យាទំនើបរបស់ប្រទេសអាល្លឺម៉ង់ក្នុងការដំណើរការផលិត និងវិញ្ញាបនបត្រ វានឹងជួយលើកកម្ពស់ផលិតផលកម្ពុជាឲ្យឆាប់ឈានដល់ស្តង់ដារអន្តរជាតិ។ តាមរយៈការបង្កើតការភ្ជាប់ទំនាក់ទំនងអ្នកផលិតកម្ពុជាជាមួយដៃគូនៅទ្វីបអឺរ៉ុប និងតំបន់ផ្សេងទៀត គំនិតផ្តួចផ្តើមប្រកបដោយនិរន្តរភាពនិងភាពច្នៃប្រឌិតនេះនឹងជំរុញទំនាក់ទំនងពាណិជ្ជកម្ម ខ្សែច្រវាក់ផ្គត់ផ្គង់ និងការចូលរួមរបស់កម្ពុជាទៅក្នុងទីផ្សារតំបន់ និងអន្តរជាតិ»

សមិទ្ធផលពីភាពជោគជ័យនៃការរៀបចំ «វេទិកាពាណិជ្ជកម្មស្វាយចន្ទី និងម្រេច» លើកដំបូងនេះ បានកំណត់ជំហានបន្ទាប់ ដើម្បីប្រែក្លាយវេទិការនេះ ទៅជាព្រឹត្តិការណ៍ធំប្រចាំឆ្នាំរបស់កម្ពុជាសម្រាប់វិស័យ ស្វាយចន្ទី និងម្រេច ដែលជាវិស័យកសិផលនាំចេញដែលមានសក្តានុពលបំផុតរបស់កម្ពុជា។

ការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើវេទិកានេះ ពីបណ្តារអ្នកបញ្ជាទិញ វិនិយោគិន និងដៃគូអភិវឌ្ឍន៍ បានបង្ហាញពីឆន្ទៈក្នុងការបន្តកិច្ចសហប្រតិបត្តិការ ដើម្បីភាពរីកចម្រើននៃវិស័យទាំងពីរនេះ។

សមិទ្ធផលពីវេទិកាលើកដំបូងនេះ បានធ្វើឲ្យមានការរំពឹងកាន់តែខ្លាំង សម្រាប់ការរៀបចំព្រឹត្តិការណ៍នេះបន្តបន្ទាប់ ដែលនឹងជំរុញឋានៈកម្ពុជាឱ្យកាន់តែរឹងមាំ ក្នុងពាណិជ្ជកម្មសកលនៃវិស័យស្វាយចន្ទី និងម្រេច៕