សម្ព័ន្ធសហគមន៍កសិកម្មកម្ពុជា៖ កសិករបានផ្លាស់ប្តូរបរិបទពីផលិតបន្លែផ្លែឈើប្រពៃណី មកផលិតអ្វីដែលទីផ្សារត្រូវការ (Video inside)
24-10-2025 11:59
(ភ្នំពេញ)៖ លោក ដុក លួន អនុប្រធានក្រុមប្រឹក្សាភិបាលនៃសម្ព័ន្ធសហគមន៍កសិកម្មកម្ពុជា បានថ្លែងឲ្យដឹងថា បច្ចុប្បន្ននេះកសិករបានផ្លាស់ប្តូរបរិបទពីធ្លាប់ផលិតបន្លែផ្លែឈើប្រពៃណី មកផលិតអ្វីដែលទីផ្សារត្រូវការ ដែលនាំឲ្យមានការបំពេញតម្រូវការទីផ្សារបានគ្រប់គ្រាន់ ធ្វើឲ្យកសិករកាន់តែរីកចម្រើន។
ការលើកឡើងរបស់លោក ដុក លួន ធ្វើឡើងក្នុងកម្មវិធី FRESH BUSINESS: កិច្ចពិភាក្សាលើប្រធានបទ៖ «ការពង្រីកសមត្ថភាពផលិតកម្ម របស់សហគមន៍កសិកម្ម ឆ្លើយតបតម្រូវការក្នុងស្រុក»។
លោក ដុក លួន បានថ្លែងឲ្យដឹងថា បច្ចុប្បន្ននេះកសិករបានផលិតផលបន្លែផ្លែឈើ ដោយខ្លួនឯងបាន និងជាការផលិតដែលអាចប្រកួតប្រជែងលើទីផ្សារបាន កន្លងមកកសិករផលិតតែផលិតផលណាដែលផលិតបាន មិនយល់ និងមិនដឹងពីតម្រូវការទីផ្សារឡើយ ប៉ុន្ដែពេលនេះកសិករផលិតផលិតផល ដែលមានតម្រូវការទីផ្សារវិញ និងមានអ្នកទទួលទិញត្រឹមត្រូវ និងច្បាស់លាស់។
លោកបានបន្ដទៀតថា ចំពោះអ្នកទទួលទិញបន្ដ គឺសម្ព័ន្ធសហគមន៍កសិកម្មកម្ពុជាយើង បានចាប់ដៃគូជាមួយវិស័យឯកជន ព្រោះវិស័យឯកជនមានបណ្ដាញស្រាប់ ក្នុងការបន្ដលក់ឲ្យអតិថិជននានា ក្នុងនោះក្រសួងកសិកម្ម ភាគីពាក់ព័ន្ធបានពួតដៃគ្នា ក្នុងការរកស្វែងរកដៃគូ ដើម្បីមកជួបសម្ព័ន្ធសហគមន៍កសិកម្មកម្ពុជា ឈានទៅរកកិច្ចព្រមព្រៀង ដើម្បីជំរុញការលក់លើទីផ្សារ និងប្រកួតប្រជែងទីផ្សារនាំចូល៕








