សហគមន៍កសិកម្ម ចង់ឱ្យមានផែនទីបង្ហាញផ្លូវមួយ ដែលបង្ហាញទិន្នន័យច្បាស់លាស់ពីប្រភេទ តម្រូវការផលិតផលកសិកម្ម ងាយស្រួលផលិតឱ្យចំគោលដៅ (Video inside)
24-10-2025 12:01
(ភ្នំពេញ)៖ លោក ដុក លួន អនុប្រធានក្រុមប្រឹក្សាភិបាលនៃសម្ព័ន្ធសហគមន៍កសិកម្មកម្ពុជា បានថ្លែងឲ្យដឹងថា សហគមន៍កសិកម្ម ពិតជាចង់ឲ្យមានផែនទីបង្ហាញផ្លូវមួយ ដែលបង្ហាញទិន្នន័យច្បាស់លាស់ពីប្រភេទ តម្រូវការផលិតផលកសិកម្ម ងាយស្រួលផលិតឱ្យចំគោលដៅ ដែលកត្តាទាំងនេះបានបង្កើនភាពងាយស្រួលដល់កសិករជាអ្នកផលិត។
ការលើកឡើងរបស់លោកធ្វើឡើងក្នុងកម្មវិធី FRESH BUSINESS: កិច្ចពិភាក្សាលើប្រធានបទ៖ «ការពង្រីកសមត្ថភាពផលិតកម្ម របស់សហគមន៍កសិកម្មឆ្លើយតបតម្រូវការក្នុងស្រុក»។
លោក ដុក លួន បន្តថា «យើងពិតជាត្រូវការផែនទីមួយក្នុងការចង្អុលបង្ហាញផ្លូវ ព្រោះថា កសិកម្មនេះមានភាពអំណោយផលតាមខេត្តនីមួយៗ ព្រោះដំណាំខេត្តខ្លះអាចដាំដុះបាន ប៉ុន្ដែខេត្តផ្សេងទៀតមិនអាចដាំដុះបានឡើយ ដូច្នេះយើងពិតជាត្រូវការទិន្នន័យច្បាស់លាស់មួយ ដើម្បីដាំដំណាំនោះបានផល និងងាយស្រួលក្នុងការផ្គត់ផ្គង់លើទីផ្សារ»។
លោកបានបន្ដថា អ្វីដែលយើងត្រូវការនេះមិនផ្ដោតតើថា ត្រូវតែឲ្យក្រសួងស្ថាប័ន ឬរាជរដ្ឋាភិបាលជាអ្នកធ្វើនោះទេ គឺត្រូវការការធ្វើការរួមគ្នាមួយ ពិសេសការទទួលបានព័ត៌មាននានា ដើម្បីបញ្ចៀសការបង្ខូចថ្លៃពី សំណាក់ឈ្មួញកណ្ដាល។ ឥឡូវនេះយើងអាចគ្រប់គ្រងនូវព័ត៌មានផ្សេងៗ ដែលមិនអាចឲ្យឈ្មួញកណ្ដាលបង្ខូចតម្លៃបាននោះឡើយ។
លោកបានបញ្ជាក់ថា ចំពោះទីផ្សារបច្ចុប្បន្ននេះមានហើយ ប៉ុន្ដែនៅរាយប៉ាយមិនទាន់ អាចគ្រប់គ្រងបានទាំងស្រុងឡើយ ដូច្នេះពីពេលនេះតទៅយើងត្រូវការព័ត៌មានទីផ្សារមួយច្បាស់លាស់ ដើម្បីងាយស្រួលក្នុងការលក់លើទីផ្សារ៕








