ជំនួបជាមួយមន្ដ្រីជាន់ខ្ពស់ CDC, គណៈប្រតិភូវិនិយោគិនចិន និងម៉ាឡេស៊ី សន្យានាំអ្នកវិនិយោគ មកសិក្សាបណ្តាក់ទុនវិនិយោគនៅកម្ពុជា

24-10-2025 15:29

(ភ្នំពេញ)៖ លោក នុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងសហការី នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ បានទទួលជួបពិភាក្សាការងារ ជាមួយគណៈប្រតិភូវិនិយោគិន មកពីទីក្រុងឆឹងទូ ឈុងឈីង និងប្រទេសម៉ាទ្បេស៊ី ដឹកនាំដោយលោកសាស្ត្រាចារ្យបណ្ឌិត Tan Yew Kuan នាយកប្រតិបត្តិ Asia Pacific Top Excellence Brand Committee និងលោក Gan Dehong ប្រធានសភាពាណិជ្ជកម្ម Chengdu Machinery Manufacturing។

សូមបញ្ជាក់ជូនផងដែរថា គណៈប្រតិភូវិនិយោគិនមកពីទីក្រុងឆឹងទូ ឈុងឈីង និងប្រទេសម៉ាទ្បេស៊ីនេះ មានកម្មវត្ថុអាជីវកម្មក្នុងវិស័យកម្មន្ដសាល, ការគ្រប់គ្រងខ្សែច្រវាក់ផ្គត់ផ្គង់, ឧបករណ៍អគ្គិសនី និងមេកានិច, គ្រឿងម៉ាស៊ីនឆ្លាតវៃ, ការវេចខ្ចប់, ការផលិត និងកែច្នៃ ព្រមទាំងវិស័យអចលនទ្រព្យ។

ជាកិច្ចចាប់ផ្តើម អគ្គលេខាធិការរង បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ជូនចំពោះគណៈប្រតិភូ ដែលបានចំណាយពេលវេលាដ៏មានតម្លៃ មកធ្វើទស្សនកិច្ចសិក្សាដោយផ្ទាល់នៅកម្ពុជា ដើម្បីស្វែងយល់ឱ្យកាន់តែច្បាស់ អំពីបរិយាកាសនៅកម្ពុជា។

អគ្គលេខាធិការរង បានជម្រាបជូនគណៈប្រតិភូ អំពីច្បាប់ស្តីពីវិនិយោគ របបលើកទឹកចិត្តដែលប្រកបដោយភាពទាក់ទាញ សក្តានុពលវិនិយោគ ក្នុងវិស័យអាទិភាពមួយចំនួន និងគោលនយោបាយ ដើម្បីលើកកម្ពស់បរិស្ថានវិនិយោគ និងធុរកិច្ចនៅកម្ពុជា។

លោក Gan Dehong ប្រធានសភាពាណិជ្ជកម្ម Chengdu Machinery Manufacturing បានថ្លែងអំណរគុណ ចំពោះអគ្គលេខាធិការរង ដែលបានចំណាយពេលវេលា ទទួលជួបគណៈប្រតិភូនាពេលនេះ និងព្រមទាំងបានអត្ថាធិប្បាយលម្អិតអំពីស្ថានភាពវិនិយោគនៅកម្ពុជាជូនគណៈប្រតិភូ។

លោក Gan Dehong ក៏បានមានការកត់សម្គាល់ឃើញថា កម្ពុជាពិតជាមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស ជាមួយនឹងរំហូរនៃការវិនិយោគ បានចូលមកកម្ពុជាកាន់តែច្រើនឡើងៗ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយម្យ៉ាងទៀតរាជរដ្ឋាភិបាលកម្ពុជា តែងតែស្តាប់នូវមតិយោបល់របស់សហគមន៍វិនិយោគ ដើម្បីកែលម្អបរិស្ថានវិនិយោគនៅកម្ពុជា ឱ្យកាន់តែមានភាពប្រកួតប្រជែង។

ស្របជាមួយនេះ លោកប្រធានគណៈប្រតិភូ បានធ្វើការវាយតម្លៃខ្ពស់ ចំពោះសកម្មភាពការងារ ប្រកបដោយវិជ្ជាជីវៈរបស់គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងការទាក់ទាញវិនិយោគ និងថែទាំវិនិយោគ ហើយបានសន្យា នឹងធ្វើការពាំនាំព័ត៌មានសំខាន់ៗ ដែលទទួលបាន និងទិដ្ឋភាពជាក់ស្តែង ដែលបានឃើញដោយផ្ទាល់នាពេលនេះ ដើម្បីចែករម្លែកជាមួយសមាជិក និងបណ្តាញធុរកិច្ច និងវិនិយោគរបស់ខ្លួន ដើម្បីពិនិត្យលទ្ធភាពមកបណ្តាក់ទុនវិនិយោគនៅកម្ពុជា៕