ទំហំពាណិជ្ជកម្មកម្ពុជា-អាមេរិក សម្រេចបានទឹកប្រាក់ជិត ១០ពាន់លានដុល្លារ កើន២២.៦% រយៈពេល៩ខែឆ្នាំនេះ ខណៈការនាំចូលពីអាមេរិក មាននិន្នាការកើនឡើង ក្រោយអនុវត្តពន្ធគយសូន្យ ! (Video inside)

24-10-2025 16:04

(ភ្នំពេញ)៖ របាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឱ្យដឹងថា ក្នុងរយៈពេល ៩ខែឆ្នាំ២០២៥នេះ ទំហំពាណិជ្ជកម្មកម្ពុជា-អាមេរិក បានបន្តកើនឡើង ដោយសម្រេបានទឹកប្រាក់ជាង ៩ ៥៦៧លានដុល្លារ កើន២២.៦% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៤ មានទឹកប្រាក់ ៧ ៨០១លានដុល្លារអាមេរិក។

ក្នុងទំហំការដោះដូរពាណិជ្ជកម្មជិត ១០ពាន់លានដុល្លាររវាងកម្ពុជា និងអាមេរិកនេះ កម្ពុជានាំចេញទៅអាមេរិកមានទឹកប្រាក់ ៩ ២៨៤លានដុល្លារ កើនឡើង២២% ខណៈអាមេរិកនាំចូលមកម្ពុជាវិញ មានទឹកប្រាក់ ២៨៣លានដុល្លារកើន ៤៦.៩ភាគរយ។

ដើម្បីរក្សាទីផ្សារសហរដ្ឋអាមេរិក ដែលស្រូបយកប្រមាណជា៤០% នៃការនាំចេញសរុបរបស់កម្ពុជា រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់យ៉ាងខ្លាំង លើការអនុវត្តវិធានការបង្ការ និងទប់ស្កាត់បទល្មើសបន្លំដើមកំណើតទំនិញ។

ពន្ធបិដការរបស់អាមេរិក ក្នុងអត្រា១៩% ត្រូវបានដាក់អនុវត្តន៍លើទំនិញកម្ពុជា​ ចាប់ពីខែសីហា ឆ្នាំ២០២៥។ ដូចគ្នា កម្ពុជាក៏បានអនុវត្តន៍អត្រាពន្ធគយសូន្យ លើទំនិញអាមេរិក ចាប់ពីខែសីហា ឆ្នាំ២០២៥ផងដែរ។

ជាការគត់សម្គាល់រយៈពេល ២ខែចុងក្រោយ នៃការអនុវត្តអត្រាពន្ធគយសូន្យ បានជំរុញឱ្យការនាំចូលពីអាមេរិកមកកាន់កម្ពុជា កើនឡើងប្រមាណ ១១០% ក្នុង១ខែៗ។ ជាស្តែងកាលពីខែសីហា ឆ្នាំ២០២៥ ការនាំចូលពីអាមេរិកមានទឹកប្រាក់ជិត ៤២លានដុល្លារ ពីជិត២០លានដុល្លារ កាលពីខែសីហា ឆ្នាំ២០២៤ និងខែកញ្ញា ឆ្នាំ២០២៥ ក៏មានតម្លៃប្រហាក់ប្រហែលខែសីហាផងដែរ។

អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានលើកឡើងថា ទិន្នន័យនៃការនាំចេញ-នាំចូលរវាងកម្ពុជាអាមេរិក មានការកើនឡើងនេះ គឺសញ្ញាល្អ ក្រោយពេលអាមេរិកអនុវត្តពន្ធបដិការលើកម្ពុជា ក៏ដូចជាការកំណត់ពន្ធនាំចូលពីអាមេរិកស្មើសូន្យ។

លោកបន្ថែមថា​ «ខ្ញុំគិតថាមិនមានអ្វីប៉ះពាល់ ដល់ការនាំចេញរបស់កម្ពុជា ទៅអាមេរិកនោះទេ ព្រោះយើងឃើញហើយថា ក្នុងតំបន់អាស៊ានរបស់យើង សុទ្ធតែទទួលរងនៅការដំឡើងពន្ធបដិការរបស់អាមេរិកដូចគ្នា។ ដូច្នេះតួលេខនាំចេញនៅតែបន្តកើនឡើងនេះ ឆ្លុះបញ្ចាំងពីភាពរឹងមាំនៃការវិនិយោគរបស់កម្ពុជា ក្នុងការផលិតនាំចេញទៅកាន់ទីផ្សារអន្តរជាតិ»

សូមជម្រាបថា គិតចាប់ពីខែមករា ដល់ខែកញ្ញា ឆ្នាំ២០២៥ ការនាំចេញទំនិញកម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិសម្រេចបានទឹកប្រាក់ ២២.៣៨ពាន់លានដុល្លារ ដែលទំហំពាណិជ្ជកម្មកម្ពុជាជាមួយទីផ្សារអន្តរជាតិក្នុងទំហំជាង ៤៦.៩៩ពាន់លានដុល្លារ កើនឡើង១៤.៨%៕