អ្នកឧកញ៉ា លាង ពៅ លើកឡើងពីហេតុផលសំខាន់ៗ ដែលពលរដ្ឋកម្ពុជា ត្រូវចូលរួមគាំទ្រផលិតផលខ្មែរ ដែលជះឥទិ្ធពលវិជ្ជមានលើសពីអ្វីដែលឃើញនឹងភ្នែក (Video inside)
25-10-2025 12:17
(ភ្នំពេញ)៖ អ្នកឧកញ៉ា លាង ពៅ អគ្គនាយក ក្រុមហ៊ុនស៊ីម៉ងត៍អូដ្ឋ និងស៊ីម៉ងត៍វី ជីប ម៉ុង បានលើកឡើងពីហេតុផលសំខាន់ៗ ដែលពលរដ្ឋកម្ពុជា ត្រូវចូលរួមគាំទ្រផលិតផលខ្មែរ ដើម្បីរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមជាតិ។
លោកមានប្រសាសន៍ថា នៅពេលដែលពលរដ្ឋក្នុងប្រទេសមួយ ជួយគាំទ្រផលិតផលរបស់ខ្លួន នឹងជួយទៅដល់សេដ្ឋកិច្ចបានយ៉ាងច្រើន ជាពិសេសការបង្កើតចរន្តនៃការចាយលុយពីមនុស្សម្នាក់ ទៅមនុស្សនៅក្នុងប្រទេស ដែលនឹងជួយបង្កើតលុយបានកាន់តែច្រើនជាងមុន។ ផ្ទុយមកវិញប្រសិនបើយើងយកលុយទៅទិញទំនិញពីក្រៅប្រទេស ស្មើនឹងយើងដកលុយពីប្រទេសយើងទៅឱ្យគេតែម្តង។ ដូច្នេះការគាំទ្រផលិតផលក្នុងស្រុក គឺជាចំណុចសំខាន់មួយដែលជួយបង្វិលចរន្តលុយនៅក្នុងប្រទេសកម្ពុជា។
បន្ថែមពីនេះ គឺការបង្កើតការងារ ពោលនៅពេលដែលមានការផលិតកាន់តែច្រើន នឹងបង្កើតការងារបានយ៉ាងច្រើន សម្រាប់ប្រជាពលរដ្ឋកម្ពុជាទាំងផ្ទាល់ និងប្រយោល ឱ្យពួកគាត់មានចំណូល។ លើសពីនេះធ្វើឱ្យអ្នកវិនិយោគិនក្នុងស្រុក បានបង្កើនការវិនិយោគថ្មីៗ ដើម្បីបំពេញតម្រូវការក្នុងស្រុក។ ព្រមជាមួយគ្នានេះ ការរីកចម្រើនរបស់ក្រុមហ៊ុនក្នុងស្រុក នឹងធ្វើឱ្យពួកគេមានលទ្ធភាពធ្វើសកម្មភាពសប្បុរសធម៌នានាកាន់តែច្រើន។
លើសពីនេះទៀត នៅពេលដែលក្រុមហ៊ុនបរទេសមើលឃើញ ពីសក្តានុពលនៃតម្រូវការក្នុងស្រុក ក៏នឹងអាចទាក់ទាញគេឱ្យមកវិនិយោគបន្ថែមផងដែរ។
អ្នកឧកញ៉ា បានថ្លែងអំណរគុណចំពោះពលរដ្ឋកម្ពុជា ដែលតែងតែគាំទ្រផលិតផលខ្មែរ ជាពិសេសផលិតផលក្រុមហ៊ុន ជីប ម៉ុង។
ការលើកឡើងរបស់អ្នកឧកញ៉ា លាង ពៅ ធ្វើឡើងក្នុងកិច្ចសម្ភាសន៍ពិសេសជាមួយទូរទស្សន៍ Fresh News លើប្រធានបទ «សក្តានុពលនៃការផលិតស៊ីម៉ង់ត៍ បម្រើឱ្យវិស័យសាងសង់នៅកម្ពុជា និងការរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ច»។
សូមស្តាប់ការពន្យល់លម្អិតរបស់ អ្នកឧកញ៉ា លាង ពៅ៖










































