សហព័ន្ធស្វាយចន្ទីកម្ពុជា និងក្រុមហ៊ុនអឺរ៉ុប ចុះកិច្ចព្រមព្រៀងលើកកម្ពស់ការនាំចេញស្វាយចន្ទីកម្ពុជាទៅកាន់ទីផ្សារអឺរ៉ុប និងបញ្ចៀសការបញ្ជូនត្រឡប់មកវិញ (Video inside)

25-10-2025 15:18

(ភ្នំពេញ)៖ សហព័ន្ធស្វាយចន្ទីកម្ពុជា និងក្រុមហ៊ុន Eurofins Sac Ky Hai Dang បានចុះកិច្ចព្រមព្រៀងលើកិច្ចសហការលើសេវាកម្មមន្ទីរពិសោធធ្វើតេស្ត និងការលើកកម្ពស់ទីផ្សារនាំចេញទៅកាន់ទីផ្សារអឺរ៉ុប ខណៈកម្ពុជារំពឹងថា អឺរុបនឹងក្លាយជាទីចម្បងសម្រាប់ស្វាយចន្ទីកម្ពុជា។

លោក អាន ដារ៉ា ប្រធានសហព័ន្ធស្វាយចន្ទីកម្ពុជា បានឱ្យដឹងថា តាមរយៈការចុះអនុស្សារណៈនៃការយោគយល់គ្នានេះ Eurofins នឹងជួយធ្វើតេស្តគុណភាពស្វាយចន្ទីកម្ពុជា មុននឹងនាំចេញទៅកាន់អឺរ៉ុប ដើម្បីជៀសវាងការបញ្ជូនត្រឡប់មកវិញ នៅពេលដែលរកឃើញសារធាតុហាមឃាត់នៅក្នុងស្វាយចន្ទី ដែលនាំឱ្យមានការខាតបង់។ ជាក់ស្តែងករណីអង្ករដែលនាំទៅអឺរ៉ុបក៏ធ្លាប់ជួបបញ្ហាម្តងហើយ។

លោកបានបញ្ជាក់ថា «ទាល់តែលទ្ធផលដែលបញ្ជាក់ចេញពី Eurofins ទើបអឺរ៉ុបទទួលស្គាល់ព្រោះការការដាំដុះស្វាយចន្ទីខ្លះ ក៏កសិករប្រើប្រាស់ថ្នាំពុលសម្លាប់សត្វ និងថ្នាំបាញ់ស្មៅ មួយចំនួនផងដែរ ប្រសិនបើនាំចេញទៅគេរកឃើញថា ប្រើប្រាស់លើសកំណត់ គេនឹងបញ្ជូនត្រឡប់មកវិញ។ ដូច្នេះការ ចុះអនុស្សារណៈនៃការយោគយល់គ្នានេះរវាងសហព័ន្ធស្វាយចន្ទី និង Eurofins ពិតជាមានសារៈសំខាន់ណាស់ ក្នុងការជួយពង្រឹងទៅលើគុណភាពរបស់ផលិតផលស្វាយចន្ទី និងនាំចូលទៅកាន់ទីផ្សារអឺរ៉ុប»។

លោកបន្ថែមថា តាមការចុះអនុស្សារណៈនេះ នឹងជួយពង្រឹងដល់ការដាំដុះ និងការកែច្នៃ និងជំរុញការនាំឱ្យទៅកាន់សហគមន៍អឺរ៉ុបឱ្យបានរលូន និងមិនមានការបញ្ជូនត្រឡប់មកវិញ។

ការចុះអនុស្សារណៈនៃការយោគយល់គ្នារវាងសហព័ន្ធស្វាយចន្ទីកម្ពុជា និងក្រុមហ៊ុន Eurofins Sac Ky Hai Dang ធ្វើឡើងនៅវេទិកាពាណិជ្ជកម្មស្វាយចន្ទី និងម្រេចកម្ពុជា ក្រោមមូលបទ «ការបើកច្រកទីផ្សារទៅកាន់សហភាពអឺរ៉ុប ២០២៥» ដែលបានរៀបចំរយៈពេល២ថ្ងៃ ពីថ្ងៃទី២៣-២៤ ខែតុលា ឆ្នាំ២០២៥។

យោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម ក្នុងរយៈពេល៩ខែ ពីខែមករា ដល់ខែកញ្ញា កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីទៅកាន់ទីផ្សារអន្តរជាតិ ក្នុងទំហំទឹកប្រាក់ជាង៨០១លានដុល្លារ កើនឡើង៦០.៥៤%៕