អ្នកនាំចេញអង្ករទៅលក់នៅអូស្ត្រាលី មានបំណងពង្រីកទីផ្សារអង្ករខ្មែរ ជំនួសការនាំអង្ករពីប្រទេសជិតខាងកម្ពុជា
25-10-2025 17:41
(ភ្នំពេញ)៖ លោក HOY CHIU BE អ្នកនាំចេញអង្ករទៅលក់នៅប្រទេសអូស្ត្រាលី ដែលធ្វើអាជីវកម្មជាង ២០ឆ្នាំមកហើយនោះ មានបំណងចង់ពង្រីកទីផ្សារអង្ករខ្មែរ ជំនួសការនាំអង្ករចេញពីថៃ។ កន្លងមក អ្នកនាំចេញរូបនេះ បាននាំអង្ករពីថៃទៅលក់នៅអូស្ត្រាលី ក្នុង១ឆ្នាំៗ ប្រមាណ ៥០ ទៅ ៦០កុងតឺន័រ។
លោកបានថ្លែងបែបនេះ ក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហការផ្គត់ផ្គង់ និងនាំចេញ អង្ករផ្ការំដួល និងផ្ការំដួលសរីរាង្គ រវាងក្រុមហ៊ុន វិរៈ ប៊ុនថាំ គ្រុប និងក្រុមហ៊ុន ស៊ីអេជី ហូលសេលឡី ភីធីវ៉ាយ អិលធីឌី (CAG Wholesaler Pty Ltd.) នាថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៥ នៅទីស្នាក់ការកណ្តាលក្រុមហ៊ុន វិរៈ ប៊ុនថាំ អេចប្រេស។
លោក HOY CHIU BE អគ្គនាយក CAG Wholesaler Pty Ltd. បានលើកឡើងថា កន្លងមក ក្រុមហ៊ុនរបស់លោកបានទិញអង្ករពីថៃ ចាប់ផ្តើមពីឆ្នាំ១៩៩៩ ដែលក្នុង ១ឆ្នាំៗ បាននាំអង្ករពីថៃទៅលក់នៅអូស្ត្រាលី ប្រហែល ៥០ ទៅ ៦០កុងតឺន័រ ខណៈការនាំអង្ករពីខ្មែរទៅលក់នៅអូស្ត្រាលី ទើបតែ២ ឬ៣ឆ្នាំក្រោយនេះទេ។ លោកបានរំលេចថា គុណភាពអង្ករខ្មែរដែលលោកធ្លាប់នាំចេញនោះ ដូចជាមិនសូវល្អ ហើយលក់មិនសូវបានដូចអង្ករថៃទេ។
ទោះជាយ៉ាងណាក៏ដោយលោកបញ្ជាក់ដែរថា «លើកនេះ ខ្ញុំជឿជាក់ ក្រុមហ៊ុន វិរៈ ប៊ុនថាំ បានផ្គត់ផ្គង់ឱ្យមានគុណភាពល្អ អីចឹងការចាប់ផ្តើមដំបូង ខ្ញុំគិតថា នាំចេញប្រមាណ ៦ ឬ ៧កុងតឺន័រសិន។ បើសិនជាល្អទៅ ខ្ញុំនឹងផ្តាច់ការនាំយកអង្ករពីថៃ ទៅលក់នៅអូស្ត្រាលី»។
សូមជម្រាបថា ក្រុមហ៊ុន វិរៈ ប៊ុនថាំ ដែលមានអ្នកឧកញ៉ាវ័យក្មេង និងលេចធ្លោមួយរូប គឺអ្នកឧកញ៉ា សួរ វីរៈ បានចាប់ដៃជាមួយ ក្រុមហ៊ុន ស៊ីអេជី ហូលសេលឡី ភីធីវ៉ាយ អិលធីឌី ដើម្បីនាំយកអង្ករផ្ការំដួល និងផ្ការំដួលសរីរាង្គរបស់ខ្មែរ ទៅលក់នៅប្រទេសអូស្ត្រាលី ជ្រកក្រោមម៉ាកសញ្ញាខ្មែរ។
អ្នកឧកញ៉ា បានលើកឡើងថា តាមរយៈកិច្ចសហប្រតិបត្តិការនេះ បានបង្ហាញពីការស្វែងរកទីផ្សារសម្រាប់អង្ករផ្ការំដួល និងផ្ការំដួលសរីរាង្គរបស់ខ្មែរ។ ក្រុមហ៊ុនទាំងពីរ នឹងខិតខំជួយទិញនៅក្នុងប្រទេស ក្នុងតម្លៃសមរម្យ និងនាំយកទៅលក់នៅប្រទេសអូស្ត្រាលី ដោយមានស្តង់ដារ និងគុណភាពខ្ពស់ និងដោយមិនជ្រកក្រោមម៉ាកសញ្ញាប្រទេសជិតខាងឡើយ។
គួរបញ្ជាក់ដែរថា ក្នុងរយៈពេល ១២ខែ ឆ្នាំ២០២៤ កម្ពុជាបាននាំចេញអង្ករចំនួន៦៥១ ៥២២ តោន គិតជាទឹកប្រាក់ បានចំនួន ៤៩១.១៩លានដុល្លារសហរដ្ឋអាមេរិក។ នេះបេីតាមសេចក្ដីប្រកាសព័ត៌មាន របស់សហព័ន្ធស្រូវអង្ករកម្ពុជា ដែលបណ្ដាញព័ត៌មាន Fresh News ។
សហព័ន្ធស្រូវអង្ករកម្ពុជា បានឲ្យដឹងថា ក្នុងរយៈពេល ១២ខែ នៃឆ្នាំ២០២៤ កម្ពុជាបាននាំចេញអង្ករបានចំនួន ៦៥១ ៥២២តោន (អង្ករចំនួន ៦៤៥ ៨៧២ តោន បានឆ្លងកាត់ការស្នើសុំការបញ្ជាក់ឯកសារនាំចេញពីអជ្ញាធរមានសមត្ថកិច្ច) តាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន ៥៧ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន៦៨ដែលក្នុងនោះទៅកាន់បណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុបចំនួន ២៦ បានបរិមាណអង្ករចំនួន ៣២៧ ១៥៦ តោន គិតជាទឹកប្រាក់ចំនួន ២៥៣.១៨ លានដុល្លារសហរដ្ឋអាមេរិក, ទៅកាន់ប្រទេសចិន រួមទាំងហុងកុង និងម៉ាកាវ ចំនួន ១១៧ ៩២៥ តោន គិតជាទឹកប្រាក់ចំនួន ៧៥.៦៦ លានដុល្លារសហរដ្ឋអាមេរិក ទៅកាន់ប្រទេសក្នុងអាស៊ាន រួមទាំងទីម័រខាងកើត ចំនួន៧ប្រទេសបានបរិមាណ ចំនួន ១២៧ ០៧៦ តោន គិតជាទឹកប្រាក់ចំនួន ៩២.៧០ លានដុល្លារសហរដ្ឋអាមេរិក និងទៅកាន់គោលដៅ ៣២ប្រទេសផ្សេងទៀតមាន អាហ្វ្រិក មជ្ឈឹមបូព៌ា អាមេរិក កាណាដា អូស្ត្រាលី ញ៉ូហ្សេឡេន -ល- បានចំនួន៧៩ ៣៦៥ តោន គិតជាទឹកប្រាក់ចំនួន ៦៩.៥៤ លានដុល្លារសហរដ្ឋអាមេរិក។
ចំពោះប្រភេទអង្ករ បាននាំចេញអង្ករក្រអូបចំនួន ៧៦.១៥% ប្រភេទអង្ករស ធម្មតា ១៨.៧០% អង្ករចំហ៊ុយ ៣.១០% អង្ករសរីរាង្គចំនួន ១.៧៨% និងអង្ករផ្សេងៗចំនួន ០.២៧%៕








