រដ្ឋមន្ត្រីអាកាសចរណ៍ស៊ីវិល៖ កម្ពុជាមានក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុក និងបរទេសចំនួន៣៣ កំពុងតភ្ជាប់ជើងហោះហើរក្នុងតំបន់ និងសកលលោក

26-10-2025 11:55

(កណ្ដាល)៖ លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥នេះ បានបញ្ជាក់ឲ្យដឹងថា គិតត្រឹមរយៈពេល៩ខែ ឆ្នាំ២០២៥នេះ កម្ពុជាមានក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុក និងបរទេសចំនួន៣៣ កំពុងតភ្ជាប់ជើងហោះហើរក្នុងតំបន់ និងសកលលោក។

ការបញ្ជាក់ឲ្យដឹងបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ អញ្ជើញជាអធិបតីភាព ក្នុងពិធីសម្ពោធជើងហោះហើរត្រង់ រវាងរាជធានីភ្នំពេញ និងទីក្រុងតូក្យូ ឆ្លងកាត់ទីក្រុងហូចូវ (ប្រទេសចិន) នៅអាកាសយានដ្ឋានអន្តរជាតិតេជោ នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥នេះ។

លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ បាន​បញ្ជាក់យ៉ាងដូច្នេះថា «ចំពោះលទ្ធផល នៃការដឹកជញ្ជូនតាមផ្លូវអាកាស ក្នុងរយៈពេល៩ខែ នៃឆ្នាំ២០២៥នេះ យើងមានក្រុមហ៊ុនអាកាសចរណ៍ ក្នុងស្រុក និងបរទេស ចំនួន៣៣ ដែលកំពុងតភ្ជាប់ ជើងហោះហើរក្នុងតំបន់ និងសកលលោក ដោយក្នុងនោះ ក្នុងតំបន់អាស៊ានមាន៨ប្រទេស»

លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ ​បានឲ្យដឹងថា ៨ប្រទេសនោះ រួមមាន៖ ចិន, កូរ៉េខាងត្បូង ហុងកុង កោះតៃវ៉ាន់, ឥណ្ឌា, កាតា និងអេមីរ៉ាតអារ៉ាប់រួម ហើយបានទទួលអ្នកដំណើរ តាមផ្លូវអាកាសជាង៥លាន ១សែននាក់ ពោលគឺមានការកើនឡើង១៤% ធៀបនឹងកំឡុងពេលដូចគ្នា នៅឆ្នាំ២០២៤ ដែលមានចំនួនត្រឹមតែជាង ៤លាន ៥សែននាក់។

បន្ថែមលើសពីនេះ លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ បានគូសបញ្ជាក់ថា ចាប់ពីពេលនេះតទៅ កម្ពុជាបានសម្រេចរៀបចំ ឲ្យមានការហោះហើរផ្សាភ្ជាប់រវាងកម្ពុជា និងជប៉ុនជាបន្ថែមទៀត ដែលជាប្រទេសទី១៦ មានជើងហោះហើរមកកាន់ប្រទេសកម្ពុជា។

លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ បានឲ្យដឹងថា ការបើកដំណើរការហោះហើរត្រង់ រវាងជប៉ុន និងកម្ពុជានេះ គឺជាសមិទ្ធផលថ្មីមួយទៀត របស់រាជរដ្ឋាភិបាលកម្ពុជា រដ្ឋលេខាធិការដ្ឋាន អាកាសចរណ៍ស៊ីវិល ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា និងគ្រប់ភាគីពាក់ព័ន្ធ ដែលតែងតែស្វែងរកគ្រប់មធ្យោបាយ ក្នុងការជំរុញតភ្ជាប់ជើងហោះហើរដឹកអ្នកដំណើរអន្តរជាតិឡើងវិញ។

ជាមួយគ្នានេះ លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ បានឲ្យដឹងផងដែរថា ជើងហោះហើររវាងកម្ពុជា-ជប៉ុន ត្រូវបានខកខាន ដាក់ដំណើរការជើងហោះហើរ រវាងប្រទេសទាំងពីរ ចាប់តាំងពីមានវិបត្តិជំងឺកូវីដ-១៩។

បើតាមតួលេខមុន ពេលមានឆ្លងកូវីដ-១៩ ប្រទេសកម្ពុជា បានទទួលអ្នកដំណើរតាមផ្លូវអាកាស និងអ្នកទេសចរណ៍ជនជាតិជប៉ុន ប្រមាណជាង២០ម៉ឺននាក់ ក្នុងឆ្នាំ២០១៩។ នេះជាការបញ្ជាក់បន្ថែម របស់លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់៕