អ្នកជំនាញវិនិយោគ៖ ការចុះ​កិច្ចព្រមព្រៀងពាណិជ្ជកម្ម​​កម្ពុជា និង​អាមេរិក កាន់តែផ្តល់ភាពកក់ក្តៅ និងទំនុកចិត្តដល់វិនិយោគបរទេស និងទាក់ទាញវិនិយោគថ្មីមកបន្ថែមទៀត (Video inside)

28-10-2025 12:43

(ភ្នំពេញ)៖ លោកបណ្ឌិត ហោ សេរីវឌ្ឍន៍ ប្រធានសមាគមវិនិយោគិន នវានុវត្តន៍ និងអភិវឌ្ឍន៍ ID Investors Association (IDI) និងជាប្រធានសម្ព័ន្ធសេដ្ឋកិច្ចក្រៅប្រព័ន្ធ IEL លើកឡើងថា ការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្ម​មួយ ដែលបានធ្វើឡើងរវាងកម្ពុជា និងសហរដ្ឋអាមេរិក កាលពីពេលថ្មីៗនេះ នឹងកាន់តែធ្វើឱ្យវិនិយោគិនបរទេសមានទំនុកចិត្ត ដែលបានមកវិនិយោគលើការបើករោងចក្រនៅកម្ពុជា ក៏ដូចជាទាក់ទាញវិនិយោគថ្មីមកបន្ថែមទៀត។

លោកបានលើកឡើងថា តាមរយៈ​ខ្លឹមសារមួយចំនួននៃកិច្ចព្រមព្រៀងពាណិជ្ជកម្ម ដែលកម្ពុជា និងអាមេរិក បានចុះហត្ថលេខា កាលពីថ្ងៃទី២៦ ខែតុលា បានលើកកម្ពស់ទំនាក់ទំនងរវាងកម្ពុជា កាន់តែមានភាពជិតស្និត ខណៈសហរដ្ឋអាមរិក គឺជាទីផ្សារនាំចេញទំនិញចម្បងរបស់កម្ពុជា ​ហើយកម្ពុជាក៏បាននាំចូលទំនិញពីសហរដ្ឋអាមេរិកផងដែរ។

លោកមានប្រសាសន៍ថា «ពិតជារីករាយមែនទែន ពីព្រោះអីទំនាក់ទំនងពាណិជ្ជកម្ម និងការវិនិយោគរបស់សហរដ្ឋអាមេរិក និងកម្ពុជា ពិតជាមានសារៈសំខាន់ ហើយខ្ញុំគិតថា មិនយូរទៀតនោះទេ ពិតជាអាចឈានដល់កិច្ចព្រមព្រៀងការពាណិជ្ជកម្ម​មួយទៀត ​នៅពេលឈានទៅដល់ហ្នឹង នឹងរិតតែប្រសើរ ទាក់ទាញការវិនិយោគថែមទៀត ដែលយើងមានពន្លឺកាន់តែច្រើន និងមានផលប្រយោជន៍មកដល់កម្ពុជាកាន់តែច្រើន»

តាមរយៈការសម្របសម្រួលរបស់លោកប្រធានាធិបតី ដូ ណាល់ត្រាំ ដែលឈានទៅដល់ការចុះកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ដែលជាចំនួនសំខាន់មួយ លោកសង្ឃឹមថា នឹងមានការចរចាទម្លាក់ពន្ធបដិការបន្ថែមទៀត។

សូមជម្រាបថា ​កាលពីថ្ងៃអាទិត្យទី២៦ ខែតុលា ឆ្នាំ២០២៥ សហរដ្ឋអាមេរិក និងកម្ពុជា បានឯកភាពគ្នាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មមួយ ដែលនឹងផ្តល់ឱ្យអ្នកនាំចេញរបស់សហរដ្ឋអាមេរិក នូវការចូលមកកាន់ទីផ្សារកម្ពុជា ដែលមិនធ្លាប់មានពីមុនមក។

កម្ពុជាបានយល់ព្រមលុបបំបាត់ពន្ធគយទាំងអស់ លើទំនិញរបស់សហរដ្ឋអាមេរិក រួមទាំងផលិតផលម្ហូបអាហារ និងកសិកម្ម ក៏ដូចជាទំនិញឧស្សាហកម្ម ដែលមានន័យថា ការនាំចេញរបស់សហរដ្ឋអាមេរិកមកកាន់កម្ពុជា នឹងមិនត្រូវបង់ពន្ធគយឡើយ។

កម្ពុជាបានប្តេជ្ញាថា នឹងធ្វើឱ្យមានតម្លាភាពលើការនាំចេញរបស់សហរដ្ឋអាមេរិក រួមទាំងការទទួលស្គាល់បទប្បញ្ញត្តិត្រួតពិនិត្យរបស់សហរដ្ឋអាមេរិក ដើម្បីធានាថាទំនិញអាមេរិក មិនចាំបាច់ឆ្លងកាត់តម្រូវការធ្វើតេស្តបន្ថែមនោះទេ។ ការនាំចេញរបស់សហរដ្ឋអាមេរិកមកកាន់កម្ពុជា នឹងលែងប្រឈមចំពោះគុណវិបត្តិនៃភាពប្រកួតប្រជែង ជាមួយដៃគូពាណិជ្ជកម្មផ្សេងទៀតហើយ។

ការសម្រេចនេះបានធ្វើឡើង បន្ទាប់ពីនាយករដ្ឋមន្រ្តីនៃកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានជួបពិភាក្សាគ្នានៅឯប្រទេសម៉ាឡេស៉ី ជាទីដែលមានការចុះកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ។

យោងតាមរបាយការរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក្នុងរយៈពេល៩ខែ ឆ្នាំ២០២៥នេះ កម្ពុជា-អាមេរិកសម្រេចបានទំហំពាណិជ្ជកម្ម ជាង៩.៥ពាន់លានដុល្លារ កើនឡើង២២.៦% ក្នុងនោះកម្ពុជានាំចេញទៅទីផ្សារអាមេរិក ក្នុងតម្លៃ៩.២ពាន់លានដុល្លារ​ កើនឡើង២២% ខណៈអាមេរិកនាំចេញមកវិញក្នុងតម្លៃជាង២៨៣លានដុល្លារ កើនឡើង៤៦.៩% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន៕