តម្លៃមាសធ្លាក់ចុះជាបន្តបន្ទាប់ នៅរយៈពេលចុងក្រោយនេះ​, អ្នកតាមដានទីផ្សារមាស ប្រាប់ពីមូលហេតុនៃការធ្លាក់ចុះ (Video inside)

28-10-2025 15:14

(ភ្នំពេញ)៖ បន្ទាប់ពីឡើងខ្ពស់ដល់តម្លៃជាង ៥ពាន់ដុល្លារ​ ក្នុងមួយតម្លឹង, ប៉ុន្មានថ្ងៃចុងក្រោយនេះតម្លៃហាងឆេងមាស​ បានធ្លាក់ចុះជាបន្តបន្ទាប់ ​ដោយនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥នេះ បានធ្លាក់ចុះមកតម្លៃ ៣ ៩៧០ដុល្លារ ក្នុងមួយអោននៅលើទីផ្សារអន្តរជាតិ ឬស្មើនឹង ៤៧៨៣ដុល្លារក្នុងមួយតម្លឹង នៅក្នុងទីផ្សារកម្ពុជា។

លោក សុខ ហេង នាយកអភិវឌ្ឍន៍ធុរកិច្ចនៃក្រុមហ៊ុន GFGI បានឱ្យដឹងថា ការដែលតម្លៃមាសធ្លាក់ចុះជាបន្តបន្ទាប់បែបនេះ គឺដោយសារហេតុមួយចំនួន ទី១. មូលនិធិអ្នកវិនិយោគ (ETF) បានចាប់ផ្តើមលក់មាសចេញ ដើម្បីយកចំណេញ​, ទី២. ការកែសម្រួលស្ថានភាពទំនាក់ទំនងសេដ្ឋកិច្ច របស់ប្រទេសមហាអំណាច គឺអាមេរិក និងចិន ដែលបានចរចាទៅលើកំណត់អត្រាពន្ធរវាងគ្នាទៅវិញទៅមក, ទី៣ អ្នកវិនិយោគ ងាកមកវិនិយោគទៅលើបណ្ណបំណុលផ្សេងៗ និងទី៤. ប្រាក់ដុល្លារចាប់ផ្តើមឡើងថ្លៃ និងភាពមិនប្រាកដប្រជា ក្នុងការកំណត់អត្រាការប្រាក់របស់ធនាគារកណ្តាលសហរដ្ឋអាមេរិក ដែលនឹងធ្វើឡើងនៅថ្ងៃទី៣០ ខែតុលានេះ។

លោកបានព្យាករណ៍ថា តម្លៃមាសនឹងស្ថិតក្នុងរង្វង់ ៣៩០០ទៅ៤១០០ដុល្លារ ក្នុងមួយអោន ក្នុងរយៈពេល២សប្តាហ៍ចុងក្រោយនេះ ដោយសារមិនមានព្រឹត្តិការណ៍ធំៗកើតឡើង។ យ៉ាងនេះក្តី លោកមិនលើកទឹកចិត្តឱ្យទិញមាសទុក សម្រាប់យកចំណេញនោះទេ ដោយសារការឡើងចុះតិចតួច៕