ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កំពុងរៀបចំឯកសារមគ្គុទ្ទេសក៍ សម្រាប់បង្កើនការទាក់ទាញវិនិយោគ ដោយផ្ដោតសំខាន់លើវិស័យអេឡិចត្រូនិក និងកសិ-ឧស្សាហកម្ម
28-10-2025 17:10
(ភ្នំពេញ)៖ លោក ជា វុទ្ធី អគ្គលេខាធិការ គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥នេះ បានដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សាលើវឌ្ឍនភាព នៃការរៀបចំសេចក្តីព្រាងក្របខ័ណ្ឌទស្សនាទាន ស្ដីពីយុទ្ធសាស្រ្តជំរុញវិនិយោគ ជាមួយក្រុមការងារកម្មវិធីភាពជាដៃគូរវាងកម្ពុជា-អូស្ត្រាលីសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAPRED) និងអ្នកជំនាញការ ដោយមានការអញ្ជើញចូលរួមពីអគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា លោកស្រីប្រធាន លោកប្រធានស្តីទី និងមន្ត្រីនាយកដ្ឋានចំណុះ គណៈកម្មាធិការវិនិយោគកម្ពុជា និងសមាជិកក្រុមការងារបច្ចេកទេស សរុបប្រមាណ៣០រូប។
សេចក្តីព្រាងក្របខ័ណ្ឌទស្សនាទាននេះ នឹងក្លាយឯកសារមគ្គុទ្ទេសក៍សម្រាប់បង្កើនការទាក់ទាញវិនិយោគ ដោយផ្ដោតសំខាន់លើវិស័យអេឡិចត្រូនិក និងកសិ-ឧស្សាហកម្ម ដែលជាវិស័យអាទិភាព ដើម្បីរួមចំណែកក្នុងការលើកកម្ពស់ពិពិធកម្មមូលដ្ឋានឧស្សាហកម្មនៅកម្ពុជា ហើយក៏ជាមគ្គុទ្ទេសក៍សម្រាប់ការរៀបចំឯកសារយុទ្ធសាស្ត្រផ្ទៃក្នុងរបស់ គណៈកម្មាធិការវិនិយោគកម្ពុជា សំដៅបន្តពង្រឹងប្រសិទ្ធភាពស្ថាប័ន ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល លើការជំរុញទាក់ទាញវិនិយោគឯកជនផងដែរ។
កិច្ចប្រជុំនាថ្ងៃនេះ បានពិនិត្យពិភាក្សាលើវឌ្ឍនភាពនៃការរៀបចំសេចក្តីព្រាងក្របខ័ណ្ឌទស្សនាទាននេះ ដើម្បីប្រមូលធាតុចូលបន្ថែមពីថ្នាក់ដឹកនាំ គណៈកម្មាធិការវិនិយោគកម្ពុជា សម្រាប់តម្រង់ទិសការរៀបចំសេចក្តីព្រាងឯកសារនេះ។
ជាលទ្ធផល អ្នកជំនាញការបានទទួលយកធាតុចូល ដែលបានលើកឡើងក្នុងកិច្ចប្រជុំនាព្រឹកនេះ និងគ្រោងរៀបចំកែសម្រួលចុងក្រោយ ដើម្បីគោរពរាយការណ៍ជូនថ្នាក់ដឹកនាំក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ពិនិត្យ និងផ្តល់ការអនុម័តដ៏ខ្ពង់ខ្ពស់ លើសេចក្តីព្រាងក្របខ័ណ្ឌទស្សនាទាននេះ៕














