មន្ត្រីជាន់ខ្ពស់ក្រសួងឧស្សាហកម្ម៖ ដើម្បីឱ្យអាជីវកម្មដំណើរការមាននិរន្តភាព ម្ចាស់សហគ្រាសគួរតែ​ចុះបញ្ជីឱ្យបានត្រឹមត្រូវតាមច្បាប់ ​និងអនុវត្តតាមស្តង់ដារផលិត (Video inside)

31-10-2025 11:12

(ភ្នំពេញ)៖ លោក ​ចាន់ សូផា អគ្គនាយកវិទ្យាស្ថានស្តង់ដារកម្ពុជា នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា ដើម្បីឱ្យអាជីវកម្មដំណើរការមាននិរន្តភាព ម្ចាស់សហគ្រាសគួរតែ​ចុះបញ្ជីឱ្យបានត្រឹមត្រូវតាមច្បាប់ ​និងអនុវត្តតាមស្តង់ដារផលិត។

ការលើកឡើងរបស់លោក ​ចាន់ សូផា ធ្វើឡើងក្នុងឱកាសចូលរួមជាវាគ្មិនក្នុងកម្មវិធី FRESH BUSINESS ដែលពិភាក្សាលើប្រធានបទ៖ «មូលដ្ឋាន​ជំរុញផលិតកម្ម​ប្រកប​ដោយ​គុណភាព​នៅ​កម្ពុជា»

លោក ​ចាន់ សូផា បានថ្លែងឲ្យដឹងថា មុននឹងបើកអាជីវកម្ម ប្រជាពលរដ្ឋច្បាស់ជាដឹងពីច្បាប់ទម្លាប់ ក្នុងការសូមអនុញ្ញាតបើករោងចក្រ អាជីវកម្មរបស់ខ្លួន និងចុះបញ្ជីជាមួយក្រសួងពាក់ព័ន្ធនានា។ ចំពោះចំណុចដែលបានលើកឡើងខាងលើនេះ ពិតជាមិនមានអ្វីស្មុគស្មាញ ឬលំបាកនោះឡើយ។

លោកបានបន្ដថា ដើម្បីដំណើរការអាជីវកម្មមាននិរន្ដរភាព គឺត្រូវមានអាជីវកម្មដែលមានច្បាប់មានទម្លាប់ត្រឹមត្រូវ ទំនិញត្រូវផលិតមកមានស្ដង់ដារជាតិត្រឹមត្រូវ ហើយក្នុងករណីការផលិតមានបញ្ហា គឺយើងមានច្បាស់ទម្លាប់ ក្នុងការដោះស្រាយតាមសន្ដិវិធីនានា មិនមានការបិទអាជីវកម្មភ្លាមៗនោះឡើយ៕

សូមស្តាប់ការលើកឡើងរបស់លោក ចាន់ សូផា៖