មន្ត្រីជាន់ខ្ពស់ក្រសួងឧស្សាហកម្ម៖ កម្ពុជាមិនអាចហាមឃាត់មិនឱ្យគេនាំចូលទំនិញបានទេ តែអាស្រ័យលើអ្នកប្រើប្រាស់ និងស្មារតីជាតិនិយម (Video inside)
31-10-2025 11:17
(ភ្នំពេញ)៖ លោក ចាន់ សូផា អគ្គនាយកវិទ្យាស្ថានស្តង់ដារកម្ពុជា ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានថ្លែងឲ្យដឹងថា កម្ពុជាមិនអាចហាមឃាត់មិនឱ្យគេ នាំចូលទំនិញបានទេ តែអាស្រ័យលើអ្នកប្រើប្រាស់ និងស្មារតីជាតិនិយមថា តើគួរបន្ដប្រើប្រាស់ ឬបញ្ឈប់ក្នុងការប្រើប្រាស់ប៉ុណ្ណោះ ដូច្នេះប្រសិនបើយើងមានស្មារតីជាតិនិយមថា មិនប្រើប្រាស់ទេនោះ ទំនិញទាំងនោះ ច្បាស់ណាស់គឺមិនអាចចរាចរណ៍ លើទីផ្សារកម្ពុជាបានឡើយ ទោះបីជាចរាចរណ៍ក៏មិនមានអ្នកប្រើប្រាស់។
ការលើកឡើងរបស់លោក ចាន់ សូផា ធ្វើឡើងក្នុងកម្មវិធី FRESH BUSINESS ពិភាក្សាលើប្រធានបទ៖ «មូលដ្ឋានជំរុញផលិតកម្មប្រកបដោយគុណភាពនៅកម្ពុជា»។
លោក ចាន់ សូផា បានថ្លែងឲ្យដឹងថា ក្របខណ្ឌអង្គការពិភពលោក ឬក្របខណ្ឌអាស៊ាន ទ្វេភាគី ពហុភាគី ពន្ធ គឺយើងត្រូវតែមាន និងមានករណីពាក់ព័ន្ធជាច្រើនទៀត ដូច្នេះទោះបីជាកម្ពុជាចង់ខ្ទប់មិនឲ្យមានការនាំចូលទំនិញមក ក៏ធ្វើមិនបាននោះដែរ ព្រោះការនាំចូលមក គឺធ្វើតាមលំដាបលំដោយនៃច្បាប់ទាំងអស់។
លោកបាបន្ដថា ប៉ុន្ដែប្រសិនបើទំនិញមានពហិការមិនប្រើប្រាស់ទេ នោះច្បាស់ណាស់គេមិនអាចនាំចូលមកកបានឡើយ ហើយការមិនប្រើប្រាស់របស់ប្រជាជនក៏មិនមានខុសច្បាប់នោះទេ ដូច្នេះប្រសិនបើទំនិញនេះអាចចរាចរណ៍នៅកម្ពុជាបាន ឬមិនបានអាស្រ័យលើប្រជាជនកម្ពុជាប្រើប្រាស់ ប្រសិនមិនមានត្រូវការប្រើប្រាស់នោះមិនមានការនាំចូលនោះដែរ ប៉ុន្ដែប្រសិនបើយើងបិទការនាំចូលគេអាចនឹងប្ដឹងយើងបាន។
លោកបានបញ្ជាក់ថា កន្លងមកប្រជាពលរដ្ឋកម្ពុជា បានឲ្យតម្លៃខ្ពស់លើទំនិញបរទេស ហើយប្រសិនបើចង់ឲ្យពលរដ្ឋប្រើប្រាស់ផលិតផលក្នុងស្រុក គឺរោងចក្រត្រូវចាយពេលវេលាច្រើនក្នុងការធ្វើទីផ្សារ ជាការពិតផលិតផលជាតិមិនអន់នោះទេ ប៉ុន្ដែប្រជាពលរដ្ឋភាគច្រើន គឺមាននិន្នាការ ក្នុងការប្រើប្រាស់ផលិតផលក្រៅស្រុកច្រើនជាងក្នុងស្រុក៕
សូមស្តាប់ការលើកឡើងរបស់លោក ចាន់ សូផា៖








