មន្ត្រីឧស្សាហកម្ម៖ ការមិនទាន់អនុវត្តបានតាមបច្ចេកទេសស្តង់ដារផលិតកម្ម ជាបញ្ហាប្រឈមធ្វើឱ្យការធ្វើពាណិជ្ជកម្មជាមួយប្រទេស ដែលចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី គ្មានតុល្យភាព (Video inside)
31-10-2025 11:35
(ភ្នំពេញ)៖ លោក ចាន់ សូផា អគ្គនាយកវិទ្យាស្ថានស្តង់ដារកម្ពុជា នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា បច្ចុប្បន្នរដ្ឋាភិបាលកម្ពុជា បានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីជាមួយនឹងបណ្តាប្រទេសជាច្រើន ដូចជា ចិន កូរ៉េ អេមីរ៉ាតអារ៉ាប់រួម និងកិច្ចព្រមព្រៀងពហុភាគីជាមួយនឹងប្រទេសជាច្រើន ប៉ុន្តែយ៉ាងនេះក្តី ការធ្វើពាណិជ្ជកម្មរវាងកម្ពុជា ជាមួយបណ្តាប្រទេសដែលចុះកិច្ចព្រមព្រៀងទាំងនោះ នៅមានកម្រិតនៅឡើយ ដោយសារពាក់ព័ន្ធកត្តាគុណភាព និងសុវត្ថិភាព។
លោកពន្យល់ថា កត្តាគុណភាព និងសុវត្ថិភាព គឺដោយសារជាប់ពាក់ព័ន្ធនឹងបញ្ហាការផលិត ស្របតាមស្តង់ដារបច្ចេកទេសផលិតកម្ម និងការអនុវត្តតាមលក្ខខណ្ឌនៃការផ្តល់អាជ្ញាបណ្ណ។ ការបំពេញបាននូវការផលិតតាមស្តង់ដារតម្រូវទាំងនេះ គឺទាមទារឱ្យមានការប្តេជ្ញាចិត្តរបស់ម្ចាស់ផលិតកម្ម និងការយល់ដឹងរបស់ផលិតករ ទៅលើហេដ្ឋារចនាសម្ព័ន្ធនៃការផលិតតាមស្តង់ដារ។
លោកបន្ថែមថានៅក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលបានចុះហត្ថលេខា នៅមានកិច្ចព្រមព្រៀងមួយផ្សេងទៀត ដែលនិយាយពីលក្ខខណ្ឌនៃការទទួលស្គាល់ លក្ខខណ្ឌនៃការប្រើប្រាស់ស្តង់ដារណាមួយដែលប្រើប្រាស់រួមគ្នា និងនិតិវិធីនៃការចេញវិញ្ញាបត្របែបណាដែលមានការទទួលស្គាល់គ្នាទៅវិញទៅមក។ ហើយលក្ខខណ្ឌទាំងនេះ មិនទាន់បានអនុវត្តចេញនៅឡើយទេ។ ដូច្នេះបើទោះបីជាបានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីហើយក៏ដោយ តែនាំចេញនៅតែមានបញ្ហាប្រឈម។
ការលើកឡើងរបស់ លោក ចាន់ សូផា ធ្វើឡើងក្នុងកម្មវិធីក្នុងកម្មវិធី FRESH BUSINESS ពិភាក្សាលើប្រធានបទ៖ «មូលដ្ឋានជំរុញផលិតកម្មប្រកបដោយគុណភាពនៅកម្ពុជា»។
សូមស្តាប់ការលើកឡើងបន្ថែមរបស់ លោក ចាន់ សូផា៖








