* ស្ថានទូតកម្ពុជាប្រចាំជប៉ុន ឆ្លើយតបនឹងការចោទប្រកាន់របស់សារព័ត៌មាន Nikkei Asia ពាក់ព័ន្ធនឹងប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* វិភាគអន្តរជាតិ៖ ហេតុអ្វីគេគ្រប់គ្នាចង់ជួបលោក គីម ជុងអ៊ុន?
* វត្ថុសិល្បៈបុរាណខ្មែរចំនួន១៨រូប/បំណែក អាយុកាលជាង១ពាន់ឆ្នាំ ត្រូវបានរកឃើញនៅអង់គ្លេស និងប្រគល់មកខ្មែរវិញ ក្រោយរាជរដ្ឋាភិបាលកម្ពុជាទាមទារ
* កូរ៉េខាងត្បូង នឹងឈានទៅប្រើវិធានការផ្លូវច្បាប់លើសិស្ស ដែលប្រើវ៉ែនតាឆ្លាតវៃពេលប្រឡង
* នគរបាលរាជធានីភ្នំពេញ វាយខ្នោះ JJ.CHING ពាក់ព័ន្ធករណីបើករថយន្ដបុកមនុស្សស្លាប់នៅខណ្ឌជ្រោយចង្វារ
* មេបក្សប្រឆាំងលោកស្រី Machado ថាអាមេរិកស្នើវ៉េណេស៊ុយអេឡា រៀបចំការបោះឆ្នោតនៅឆ្នាំ២០២៧
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងកសិកម្ម ពិនិត្យចែកពូជស្រូវ ពូជដំណាំដល់ប្រជាកសិករនៅកន្លែងដែលអាចដាំដុះឡើងវិញបាន។ ក្រសួងធនធានទឹក ត្រូវពិនិត្យមើលបណ្តាញទឹកសម្រាប់ផ្គត់ផ្គង់ដល់ការដាំដុះរបស់ប្រជាកសិករ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលមិនបោះបង់ប្រជាពលរដ្ឋនៅពេលមានទុក្ខលំបាកនោះឡើយ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងនាមជាមេដឹកនាំបើអាចបញ្ចៀសបានការស្លាប់របស់កងទ័ព និងប្រជាជន ត្រូវតែធ្វើ ប៉ុន្តែមិនបោះបង់ការទាមទារដីនោះទេ។
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

គម្រោងវិនិយោគចំនួន១១ ក្រោមទុនសរុប ៤០០លានដុល្លារ និងអាចបង្កើតការងារ ៨០០កន្លែង នៅភូមិភាគឦសាន កំពុងស្ថិតក្រោមការពិនិត្យ ដើម្បីទទួលបានការលើកទឹកចិត្តពិសេសពីរាជរដ្ឋាភិបាល

31-10-2025 14:47

(ភ្នំពេញ)៖ បណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន (ក.វ.ឦសាន) នៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥នេះ បានដឹកនាំកិច្ចប្រជុំពិនិត្យសម្រេចលើការផ្តល់គោលការណ៍ លើកទឹកចិត្តពិសេស ជាលើកទី ២ សម្រាប់គម្រោងវិនិយោគចំនួន ១១ ក្រោមទុនវិនិយោគសរុបប្រមាណ ៤០០ លានដុល្លារអាមេរិក និង អាចបង្កើតការងារបានប្រមាណ ៨០០ កន្លែង ។

គម្រោងទាំងនេះ រួមមាន៖ គម្រោងចំនួន ៤ នៅខេត្តក្រចេះ, ១ នៅខេត្តស្ទឹងត្រែង, ៤ នៅខេត្តរតនគិរី និង ២ នៅខេត្តមណ្ឌលគិរី ដែលគ្របដណ្តប់លើវិស័យ និង សកម្មភាពចម្រុះ មានជាអាទិ៍ សកម្មភាពផលិតកម្ម និង ការកែច្នៃកសិកម្ម, ការដាំដុះ និង ការកែច្នៃដំណាំកសិ-ឧស្សាហកម្ម, ការសាងសង់សណ្ឋាគារ-រីសត, ការបង្កើតគ្រឹះស្ថានអប់រំ, ថែទាំសុខភាពឯកជន និង ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ដែលក្នុងនោះគម្រោងសាងសង់កំពង់ផែពហុបំណង និងការកសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ និងអាជីវកម្មពាក់ព័ន្ធ ក្នុងខេត្តក្រចេះ មានទុនវិនិយោគប្រមាណ ៣៥០ លានដុល្លារអាមេរិក។

កំពង់ផែពហុបំណងនេះ នឹងក្លាយជាកំពង់ផែពហុបំណងដំបូងរបស់ខេត្តផង និង សម្រាប់ភូមិភាគឦសានផង, ដែលនឹងដើរតួនាទីសំខាន់ក្នុងការបង្កើនសមត្ថភាពដឹកជញ្ជូនតាមផ្លូវទឹក និង ប្រែក្លាយតំបន់នេះទៅជាមជ្ឈមណ្ឌលឡូជីស្ទីក សម្រាប់ការដឹកជញ្ជូនផលិតផលកសិកម្ម និង ឧស្សាហកម្ម ក៏ដូចជាការតភ្ជាប់ជាមួយនឹងប្រព័ន្ធឡូជីស្ទីកនៃព្រែកជីកហ្វូណនតេជោ នាពេលអនាគត។

បន្ថែមលើភាពចម្រុះនៃវិស័យវិនិយោគ, ភូមិភាគឦសាន ក៏ទទួលបានការចាប់អារម្មណ៍ពីវិនិយោគិនចម្រុះជាតិសាសន៍ផងដែរ, ជាក់ស្តែង សម្រាប់សំណើលើកនេះ ក្រុមការងារបានទទួលសំណើពីវិនិយោគិនចិន ជប៉ុន វៀតណាម ក៏ដូចជាវិនិយោគិនក្នុងស្រុក ដែលមានទាំងវិនិយោគិនថ្មី និង វិនិយោគិនដែលមានស្រាប់ក្នុងតំបន់ ដែលមានចំណាប់អារម្មណ៍ក្នុងការពង្រីកវិសាលភាព នៃសកម្មភាពវិនិយោគរបស់ខ្លួន បន្ទាប់ពីបានជ្រួតជ្រាបអំពីអត្ថប្រយោជន៍ពិសេស នៃកម្មវិធីពិសេសជំរុញការវិនិយោគក្នុងភូមិភាគឦសាន។

បណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានសង្កត់ធ្ងន់លើអភិក្រមបុរេសកម្មរបស់ ក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន រួមទាំងអនុគណៈកម្មធិការវិនិយោគខេត្ត និង ស្ថាប័នពាក់ព័ន្ធ នៅតាមមូលដ្ឋាននៃបណ្តាខេត្តទាំងបួន ដែលមានភារកិច្ចសំខាន់ ក្នុងការផ្សព្វផ្សាយអត្ថប្រយោជន៍ពិសេស របស់កម្មវិធីពិសេសនេះ ឱ្យបានទូលំទូលាយ និង ជួយផ្តល់ការគាំទ្រ ការប្រឹក្សាយោបល់ និង ការសម្រួលនីតិវិធីជាអតិបរមា ប្រយោជន៍ដើម្បីបង្កើតបរិយាកាសកក់ក្តៅ ភាពទាក់ទាញនៃវិនិយោគ និង ការចូលរួមក្នុងបេសកកម្មរួម ក្នុងការជំរុញ និង ថែទាំវិនិយោគនៅភូមិភាគឦសាន។

ជាមួយគ្នានេះ, ​បណ្ឌិតសភាចារ្យ បានណែនាំឱ្យក្រុមការងារ និង អនុគណៈកម្មាធិការវិនិយោគខេត្ត ត្រូវចុះទៅកាន់ទីតាំងវិនិយោគជាប្រចាំ ទោះបីជាមាន ឬ មិនមានសំណើគម្រោងវិនិយោគក្តី ដើម្បីជួបជាមួយវិនិយោគិន, ស្តាប់អំពីកង្វល់/បញ្ហាប្រឈម, និង ស្វែងរកដំណោះស្រាយសមស្របសម្រាប់វិនិយោគិន ដូចអ្វីដែល សម្តេចធិបតីនាយករដ្ឋមន្ត្រី បានក្រើនរំលឹកអំពីតួនាទីជា «អ្នកដោះស្រាយបញ្ហា» មិនមែនជា «អ្នកបង្កបញ្ហា» ។ ឯកឧត្តមបណ្ឌិតសភាចារ្យ បានណែនាំឱ្យក្រសួងស្ថាប័នពាក់ព័ន្ធ បន្តផ្តល់កិច្ចសហការ និង ការគាំទ្រសកម្ម ដល់ ក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន ក្នុងការបំពេញតួនាទីជា «ច្រកចេញចូលតែមួយ» ប្រកបដោយប្រសិទ្ធភាព និង តម្លាភាព ក្នុងស្មារតី «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ» ដើម្បីផ្តល់ដំណោះស្រាយជាកញ្ចប់ ដល់វិនិយោគិន និង ធានាឱ្យបានថា ក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន គឺជាដៃគូពិតប្រាកដរបស់វិស័យឯកជន ក្នុងការជំរុញការវិនិយោគក្នុងភូមិភាគឦសាន។

ដោយឡែក, នៅពេលដែលទទួលបានការលើកទឹកចិត្តពិសេសទាំងនេះ, វិនិយោគិនឯកជន ត្រូវផ្តោតការយកចិត្តទុកដាក់ក្នុងការអនុវត្តគម្រោងជាក់ស្តែង តាមផែនការដែលបានស្នើសុំ, ជាពិសេស ត្រូវសង្កត់ធ្ងន់លើការបង្កើតការងារ, ការផ្ទេរជំនាញ, ការខិតខំកែច្នៃ និង ការប្រើប្រាស់បច្ចេកទេសថ្មីៗ ក្នុងខ្សែច្រវាក់ផលិតកម្ម, និង ការជំរុញបរិវត្តកម្មពីការផ្តោតតែលើការផលិត ឈានទៅរកការកែច្នៃដែលមានតម្លៃបន្ថែមកាន់តែប្រសើរ សម្រាប់សង្គម-សេដ្ឋកិច្ចជាតិ។

គួរបញ្ជាក់ជូនផងដែរថា «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួន នៅភូមិភាគឦសាន នៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ ២០២៥-២០២៨» ត្រូវបានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី កាលពីថ្ងៃទី ៩ ខែ មេសា ឆ្នាំ ២០២៥ ក្នុងគោលបំណងជំរុញការវិនិយោគលើវិស័យអាទិភាព ដូចជា វិស័យកសិកម្ម, កសិ-ឧស្សាហកម្ម និង វិស័យទេសចរណ៍ តាមរយៈការលើកទឹកចិត្តពិសេស ដែលមានវិសាលាភាពនៅខេត្តភូមិភាគឦសាន ចំនួន ៤ គឺ ខេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្តរតនគិរី និង ខេត្តមណ្ឌលគិរី។

តាមរយៈនេះ, រាជរដ្ឋាភិបាល បានបង្កើតក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន ជាយន្តការ «ច្រកចេញចូលតែមួយ» ដើម្បីពិនិត្យ និង អនុម័តលើកទឹកចិត្តពិសេស ជូនគម្រោងវិនិយោគ, ផ្តល់លិខិតអនុញ្ញាត ឬ អាជ្ញាបណ្ណនានា ជាកញ្ចប់ ស្របតាមអភិក្រម «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ»» តាមរយៈការចូលរួមសម្រេចចិត្តរួមគ្នា ប្រកបដោយប្រសិទ្ធភាព និង តម្លាភាព។

គិតត្រឹមថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០២៥, ក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន បានទទួលសំណើគម្រោងវិនិយោគចំនួន ២១ គម្រោង ដែលមានទំហំទុនវិនិយោគសរុបប្រមាណ ៧០០ លានដុល្លារអាមេរិក៕