ធនាគារជាតិនៃកម្ពុជា ផ្សព្វផ្សាយអំពីការសន្សំប្រាក់ ដើម្បីបង្កើនចំណេះដឹង និងការគ្រប់គ្រងហិរញ្ញវត្ថុឱ្យបានល្អ
31-10-2025 16:18
(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា ផ្សព្វផ្សាយអំពីការសន្សំប្រាក់ ដើម្បីបង្កើនចំណេះដឹងហិរញ្ញវត្ថុ ការគ្រប់គ្រងហិរញ្ញវត្ថុឱ្យបានល្អ ការរក្សាស្ថិរភាពហិរញ្ញវត្ថុគ្រួសារ ផ្សព្វផ្សាយវប្បធម៌សន្សំ លើកកម្ពស់ការប្រើប្រាស់សេវាហិរញ្ញវត្ថុឌីជីថល និងផ្លូវការស្របច្បាប់ ដើម្បីបង្កើនទំនុកចិត្តក្នុងប្រព័ន្ធហិរញ្ញវត្ថុជាតិ និងការពារសុវត្ថិភាព។
ការផ្សព្វផ្សាយនេះ ធ្វើឡើងក្នុង សិក្ខាសាលាផ្សព្វផ្សាយស្តីពី «ទិវាសន្សំអាស៊ាន» ក្រោមប្រធានបទ «សន្សំប្រាក់ដោយភាពឆ្លាតវៃ សន្សំប្រាក់ដោយក្តីស្រលាញ់» នៅខេត្តកំពត ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ ក្រោមការចូលរួមពីលោក យឹម លាត ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា។
លោក យឹម លាត បានថ្លៃឲ្យដឹងថា ការសន្សំប្រាក់គឺជាវិធីការពារហិរញ្ញវត្ថុសំខាន់មួយ ដែលជួយឲ្យយើងពេលមានបញ្ហា ឬតម្រូវការបន្ទាន់។ ការសន្សំក៏ជាផ្នែកនៃការ គ្រប់គ្រងហិរញ្ញវត្ថុ ដើម្បីធានាសុវត្ថិភាព បង្កើនទ្រព្យសម្បត្តិ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ យើងអាចសន្សំប្រាក់តាមរយៈវិធីផ្សេងៗ ដូចជា កូនជ្រូក ទូដែក ឬនៅធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុផ្លូវការ ដែលមានសុវត្ថិភាព និងទុកចិត្តបាន»។
លោកបានបន្ដថា ការដាក់ប្រាក់សន្សំនៅគ្រឹះ ស្ថានផ្លូវការមានអត្ថប្រយោជន៍ដូចជា ផ្តល់សុវត្ថិភាពក្នុងការថែរក្សាប្រាក់ ទទួលបានការពារតាមផ្លូវច្បាប់ ទទួលបានការប្រាក់បន្ថែម និងអាចដកបានគ្រប់ពេលគ្រប់ទីកន្លែងតាមតម្រូវការ។ លើសពីនេះទៅទៀតការសន្សំជាមួយគ្រឹះស្ថានផ្លូវការ គឺអាចជួយគាំទ្រដល់ការ ប្រមូលផ្តុំមូលធនសម្រាប់វិនិយោគ និងជំរុញកំណើនសេដ្ឋកិច្ចជាតិផងដែរ។
លោកបានបន្ថែមថា ធនាគារជាតិនៃកម្ពុជា បានរៀបចំកម្មវិធីនេះជារៀងរាល់ឆ្នាំ នៅតាមបណ្តាខេត្ត-ក្រុងនានា ចំណែក ឆ្នាំ២០២៥នេះ បានជ្រើសរើសយកប្រធានបទ «សន្សំប្រាក់ដោយភាពវៃឆ្លាត សន្សំប្រាក់ដោយក្តីស្រលាញ់» ដោយមានគោលដៅ សំខាន់ៗដូចជា បង្កើនចំណេះដឹងហិរញ្ញវត្ថុ និងលើកទឹកចិត្តក្នុងការគ្រប់គ្រងហិរញ្ញវត្ថុឱ្យបានល្អ ដើម្បីរក្សាស្ថិរភាពហិរញ្ញវត្ថុគ្រួសារ ផ្សព្វផ្សាយវប្បធម៌សន្សំ ស្មារតីសន្សំប្រាក់ដោយសេចក្ដីស្រឡាញ់ ដែលជាទំនួលខុសត្រូវ សម្រាប់ថ្ងៃអនាគត និងលើកកម្ពស់ការប្រើ ប្រាស់សេវាហិរញ្ញវត្ថុឌីជីថល និងផ្លូវការស្របច្បាប់ ដើម្បីបង្កើនទំនុកចិត្តក្នុងប្រព័ន្ធហិរញ្ញវត្ថុជាតិ និងការពារសុវត្ថិភាព។
លោកលើកឡើងបន្តថា បញ្ហានេះធនាគារជាតិនៃកម្ពុជាបានសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងអប់រំ យុវជន និងកីឡា ក្រសួងកិច្ចការនារី និងស្ថាបនជាតិ-អន្តរជាតិនានា ដើម្បីបង្កើនការយល់ដឹង និងលើកទឹកចិត្តក្នុងការប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការ យ៉ាងប្រុងប្រយ័ត្ន និងមានទំនួលខុសត្រូវ ជាពិសេសសម្រាប់កុមារ ស្ត្រី និងប្រជាពលរដ្ឋនៅជនបទ។
ក្រៅពីនេះធនាគារជាតិ ដែលជាអាជ្ញាធរត្រួតពិនិត្យប្រព័ន្ធធនាគារ ក៏បានពង្រឹងការត្រួតពិនិត្យ លើការអនុវត្តបទប្បញ្ញត្តិ និងការពារអតិថិជន ដើម្បីរក្សាស្ថិរភាពប្រព័ន្ធ ធនាគារ និងបង្កើនទំនុកចិត្តសាធារណៈក្នុងការដាក់ប្រាក់សន្សំនៅគ្រឹះស្ថានផ្លូវការ ជៀសវាងការទុកប្រាក់នៅផ្ទះ ដែលអាចប្រឈម នឹងហានិភ័យដូចជា ការបាត់បង់ ចោរកម្ម ឬអគ្គិភ័យ។
សូមបញ្ជាក់ថា ទិវាសន្សំអាស៊ាននេះ ត្រូវបានរៀបចំដោយគណៈកម្មការបរិយាបន្នហិរញ្ញវត្ថុអាស៊ាននៅឆ្នាំ២០១៩ ដើម្បីលើកកម្ពស់ វប្បធម៌សន្សំ និងការយល់ដឹងអំពីសារៈសំខាន់ នៃការគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួន។
ការផ្តួចផ្តើមនេះស្របតាមទិវាសន្សំពិភពលោក ដែលជាទស្សនៈរបស់អ្នកសេដ្ឋកិច្ចជនជាតិអ៊ីតាលី ឈ្មោះ Filippo Ravizza ក្នុងគោលបំណងបង្កើនការយល់ដឹងអំពីអត្ថប្រយោជន៍ នៃការសន្សំ ដើម្បីរក្សាស្ថិរភាពសេដ្ឋកិច្ចនិងហិរញ្ញវត្ថុដើម្បីជៀសវាងវិបត្តិហិរញ្ញវត្ថុ៕













