៨សំណួរចម្លើយជាមួយអគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជា ពាក់ព័ន្ធរឿងអ្នកទិញ និងអ្នកលក់ស្រូវ ក្រោយលេចព័ត៌មានថាមាន «អ្នកម៉ៅផ្តាច់ទិញស្រូវតាមខេត្ត» !

02-11-2025 08:28

(ភ្នំពេញ)៖ បញ្ហាស្រូវចុះថ្លៃបានក្លាយជាប្រធានបទដ៏ក្តៅគគុក នៅក្នុងបណ្តាញទំនាក់ទំនងសង្គមបច្ចុប្បន្ននេះ ហើយមូលហេតុតម្លៃធ្លាក់ចុះនេះ ត្រូវបានអ្នកជំនាញក្នុងវិស័យនេះអះអាងថា ដោយសារប្រទេសធំៗដែលទិញអង្ករច្រើនក្នុងពិភពលោកបានផ្អាកទិញអង្ករ។

បន្ថែមលើសពីនេះ ថ្មីៗនេះ ក៏មានលេចឮព័ត៌មានមកថាមាន «អ្នកម៉ៅផ្តាច់ទិញស្រូវតាមខេត្ត» ហើយក្រសួងកសិកម្ម បានអំពាវនាវឱ្យមានការផ្តល់អត្តសញ្ញាណអ្នកផ្តាច់មុខនោះ ដើម្បីក្រសួងចាត់វិធានការតាមផ្លូវច្បាប់ភ្លាមៗ។

ជុំវិញករណីឈ្មួយទិញស្រូវនេះ លោក លន់ យ៉េង អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជា បានរៀបចំនូវសំណួរចម្លើយចំនួន ៨ ដូចខាងក្រោម៖

១. រឿងឈ្មួញទិញស្រូវ? ឈ្មួញទិញស្រូវជានណាគេ?
ឈ្មួញទិញស្រូវ គឺជាអាជីវករចរល័ត ដែលរស់់នៅក្នុងតំបន់ណាមួយ ដែលនៅក្នុងខេត្តដែលជិតកសិករ ឬមកពីតំបន់ផ្សេងដែលចុះដើរទិញស្រូវ ពីកសិករតាមតំបន់នានា ដោយប្រើប្រាស់មធ្យោបាយចល័តរួមមានឡានដឹក និងកម្មករលើក ដាក់ទៅជាមួយ

២. តួនាទីឈ្មួញទិញស្រូវ ?
ឈ្មួញទិញស្រូវមានតួនាទីដើរប្រមូលទិញស្រូវតាមប្រភេទ គុណភាព ដែលរោងម៉ាស៊ីនកិនស្រូវ ឬដេប៉ូនាំចេញទៅវៀតណាមត្រូវការ ទៅតាមតម្លៃដែលឯកភាពទៅតាមទីផ្សារ ដោយបូកបន្ថែមថ្លៃឈ្នួលដឹក ថ្លៃឈ្នួលកម្មករ ថ្លៃចំណាយនានាតាមផ្លូវ និងបូកថ្លៃចំណេញរបស់ខ្លួនប្រម៉ាណជា ១០ ទៅ ២០រៀលក្នុងមួយគីឡូក្រោម ។

៣. តើឈ្មួញមានហានីភ័យទេ និងការទទួលខុសត្រូវបែបណា?
ឈ្មួញមានហានិភ័យច្រើន ១).ត្រូវប្រើប្រាស់លុយសុទ្ធទិញពីកសិករ ហើយបង់ភ្លាមៗ ២). ករណីដែលគុណភាពស្រូវអន់គុណភាព ដឹកទៅដល់រោងម៉ាស៊ីន ឬ ដេប៉ូនាំចេញតម្លៃត្រូវបានគេបដិសេដ្ឋ នៅតម្លៃដែលឯកភាព នាំលក់ក្នុងតម្លៃថ្មី ហើយខាត់ ៣). ពេលខ្លះឡានខូចតាមផ្លូវ ឬគ្រោះថ្នាក់ចរាចរណ៍ ឬ មានឧបសគ្គណាមួយ ដូចជាការចាប់ឡានដឹកលើសទំងន់ជាដើម នាំឱ្យស្រូវធ្លាក់គុណភាព ឬខូចគុណភាពនាំឱ្យខាត់ទាំងស្រុង

៤. តើឈ្មួញទិញស្រូវនៅកន្លែងណា?
ជាទូទៅឈ្មួញមុននឹងទៅទិញស្រូវតែងតែស្ទាបស្ទង់ជាមុនថា តើស្រូវតំបន់មានបរិមាណប៉ុន្មាន អាចគ្រប់នឹងបំពេញឡានរបស់ខ្លួនដែរទេ រួចហើយទើប កំណត់ទីតាំងប្រមូលផ្តុំមួយ ហើយចំនួនឡាននឹងរៀបចំតម្រូវបរិមាណស្រូវ ដែលជាទូទៅឡានច្រើនតែលើផ្លូវជាតិ ភាគច្រើនមិនអាចផ្លូវឃុំបានទេ ព្រោះផ្លូវខ្លះត្រូវបានដាក់របាំងឡានធំឆ្លងកាត់ ដោយសារខ្លាចខូចផ្លូវ។ តើឈ្មួញស្ទាបស្ទង់ស្រូវតាមណា គឺតាមរយៈអ្នកនៅក្នុងឃុំ ឬ មេឃុំ ឬម្ចាស់ម៉ាស៊ីនច្រូតក្នុងតំបន់ជាមុន ដើម្បីឱ្យដឹងពេលច្រូត បរិមាណស្រូវ និងប្រភេទស្រូវ ។

៥. តើឈ្មួញដើរតួនាទីសំខាន់យ៉ាងណាសម្រាប់កសិករ និងរោងម៉ាស៊ីនកិនស្រូវ?
ឈ្មួញគឺជាអ្នកទិញដ៏សំខាន់របស់កសិករ ដោយសារកសិករ មិនមានលទ្ធភាពដឹកស្រូវទៅលក់ដល់រោងម៉ាស៊ីនកិនស្រូវ ឬដេប៉ូនាំចេញនៅឆ្ងាយៗនោះឡើយ។ ឈ្មួញគឺជាភ្នាក់ងារដ៏សំខាន់ សម្រាប់ប្រមូលស្រូវឱ្យរោងម៉ាស៊ីនកិនស្រូវ ឬដេប៉ូនាំចេញ ព្រោះថារោងម៉ាស៊ីនកិនស្រូវ និងដេប៉ូនាំចេញនៅព្រំដែន មិនមានបុគ្គលិក ឡានដឹក និងកម្មករ ច្រើនសម្រាប់ចុះដើរទិញស្រូវនៅតាមតំបន់ឆ្ងាយៗនោះទេ។

៦. តើមានឈ្មួញខិលខូចដែរឬទេ?
ជនខិលខូចតែងតែមាន ។ តើខូចយ៉ាងណា? គឺនៅពេលដែរតម្រូវការទិញស្រូវធ្លាក់ចុះ ការបញ្ជាទិញពីរោងម៉ាស៊ីនកិនស្រូវ ឬពីដេប៉ូនាំចេញនៅព្រំដែនមានបរិមាណតិច គឺយកបញ្ហាលើគុណភាពមកធ្វើជាលេស គឺទាល់តែគុណភាពពេញ១០០% បានឱ្យតម្លៃពេញ ហើយអូសពេលវេលាដល់ល្ងាច ឬយប់ ដើម្បីឱ្យកសិករបង្ខំចិត្តលក់ ព្រោះទុកល់ស្អែកគុណភាពអាចធ្លាក់ជាមុន ហើយរិតតែថោកជាមុន។ តែតម្រូវការច្រើនគុណភាពត្រឹម ៩០% ក៏អោយតម្លៃពេញដែរ ហើយប្រញាប់ថ្លឹងខ្លាចឈ្មួញផ្សេងមកទិញយកបាត់។ តែឈ្មួញបែបនេះមិនច្រើនទេ ព្រោះកសិករចាំមុខទុក។

៧. តើមានឈ្មួញផ្តាច់មុខទេនៅតាមតំបន់និមួយៗ?
មិនមានឈ្មួញផ្តាច់មុខទេ នណាក៏អាចធ្វើឈ្មួញបានដែរ ហើយចុះទិញពេលណាក៏បានដែរ។ តែឈ្មួញមកពីខេត្តក្រៅជាទូទៅមិនមានព័ត៌មានពេញលេញអំពីប្រភេទស្រូវ និងពេលប្រមូលផលដូចឈ្មួញនៅក្នុងតំបន់ដែរជាហេតុ មិនស្រូវហ៊ានប្រថុយយកឡានទៅទិញ ខ្លាចទិញមិនបានហើយមកវិញទទេរ នាំឱ្យខាត។ ឈ្មួញក្នុងតំបន់ជាទូទៅ ដើរពិនិត្យស្ថានភាពស្រូវមុន ស្រូវតំបន់ណាល្អ ស្រូវតំបន់ណាមិនល្អ ហើយចាប់ផ្តើមរកទីផ្សាររោងម៉ាស៊ីនលក់ និងណាត់កសិករប្រមូលផល។

៨. តើធ្វើយ៉ាងណាដើម្បីកុំឈ្មួញក្រឡុកតម្លៃ?
មេសហគមន៍ មេឃុំ ឬមន្ត្រីកសិកម្មឃុំ ឬ ជនបង្គោលតំបន់ណាមួយ ត្រូវប្រមូលពត៌មានឱ្យពេញលេញ ស្តីអំពីស្រូវរបស់ខ្លួនដូចជា ប្រភេទ គុណភាព រយៈពេលប្រមូលផល (ជាទូទៅមួយអាទិត្យមុនច្រូត) ទាក់ទងម៉ាស៊ីនច្រូត ហើយទំនាក់ទំនងទៅឈ្មួញយ៉ាងតិច ៣ ទៅ ៥ ដើម្បីឱ្យមានការប្រកួតប្រជែងលើតម្លៃទិញឡើង ជាជៀសវៀងមានឈ្មួញតែម្នាក់ មកបង្អាប់ហើយទម្លាក់តម្លៃ ដោយគ្មានគូរប្រគួតប្រជែង។ «តែជនបង្គោលដែលផ្តល់ព័ត៌មាននោះ ជៀសវៀងកុំឱ្យក្លាយខ្លួនជាជន ដែលរកស៊ីយកកុំស្យុងបន្តពីឈ្មួញ ដើម្បីរាយការណ៍ និងប្រាប់ទីតាំងតំបន់ដែរមានស្រូវល្អៗ ដែលតម្លៃនេះនឹងជាបន្ទុកធ្លាក់បន្ថែមលើកសិករ»