ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា៖ ការកើនឡើងនៃផលិតកម្មស្រូវ, ឥណ្ឌាបញ្ចេញស្តុកអង្ករក្នុងតម្លៃថោក និងប្រទេសធំៗផ្អាកបញ្ជាទិញ ជាដើមហេតុដែលនាំឱ្យតម្លៃស្រូវធ្លាក់យ៉ាងគំហុក
03-11-2025 13:37
(ភ្នំពេញ)៖ ក្រោយមានការព្រួយបារម្ភជាច្រើន ពាក់ព័ន្ធតម្លៃស្រូវនៅឆ្នាំនេះ ឧកញ៉ា ឡាយ ឈុនហួរ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានពន្យល់ថា ដើមហេតុចម្បងដែលនាំឱ្យតម្លៃស្រូវក្នុងឆ្នាំ២០២៥នេះ ធ្លាក់យ៉ាងគំហុក គឺដោយសារការកើនឡើងនៃផលិតកម្មស្រូវរបស់បណ្តាប្រទេសផលិតស្រូវធំៗ ខណៈបច្ចុប្បន្នសហព័ន្ធស្រូវកម្ពុជា កំពុងធ្វើការងារជាមួយក្រសួងស្ថាប័នពាក់ព័ន្ធជាពិសេសក្រសួងកសិកម្ម ដើម្បីរកដំណោះស្រាយលើបញ្ហានេះ។
ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ឧកញ៉ា ឡាយ ឈុនហួរ បានពន្យល់ថា ជារៀងរាល់ឆ្នាំការផ្គត់ផ្គង់ និងផលិតកម្មស្រូវនៅគ្រប់ប្រទេសដែលដាំស្រូវ មានការកើនឡើងចន្លោះពី១៥%ទៅ២០% ដែលនាំឱ្យការផ្គត់ផ្គង់លើសពីតម្រូវការ ខណៈឥណ្ឌាដែលប្រទេសផលិតស្រូវធំជាងគេ បានបើកឱ្យមានការនាំចេញអង្ករឡើងវិញ នៅក្នុងឆ្នាំ២០២៥នេះ គួបផ្សំនឹងការសល់ស្តុកចាស់ច្រើន ដែលបានបញ្ចេញលក់ក្នុងតម្លៃថោក ដូច្នេះហើយបានបណ្តាលឱ្យតម្លៃអង្ករនៅលើទីផ្សារធ្លាក់ចុះ។
កត្តាមួយទៀត ដោយសារផលិតកម្មក្នុងស្រុករបស់ប្រទេសនាំចូលធំៗ ដូចជា ឥណ្ឌូនេស៊ី ហ្វីលីពីន ជាដើមមានការកើនឡើង ហេតុនេះពួកគេបានបិទការនាំចូលអង្ករ ដែលមកទល់ឥឡូវនេះ មិនទាន់មានការប្រកាសបើកឱ្យនាំចូលវិញនោះទេ។ ករណីនេះបានធ្វើឱ្យតម្លៃស្រូវជាពិសេសស្រូវប្រភេទអង្ករស បានធ្លាក់ថ្លៃយ៉ាងគំហុក ជាហេតុនាំឱ្យកសិករ នៅកម្ពុជា ថៃ វៀតណាម លែងចង់ដាំដុះអង្ករសទៀត។
លោកគូសបញ្ជាក់បន្ថែមថា ការធ្លាក់ថ្លៃអង្ករសនេះ ក៏ទាញទម្លាក់តម្លៃអង្ករក្រអូបផ្សេងផងដែរ ប៉ុន្តែធ្លាក់ក្នុងកម្រិតដែលអាចទទួលយកបាន។
លោកឡើងថា មិនមែនតែកម្ពុជាទេ ដែលជួបប្រទេសបញ្ហានេះ ប្រទេសជិតកម្ពុជា ដូចជាថៃ វៀតណាម ក៏ជួបបញ្ហានេះដូចគ្នា ខណៈប្រទេសមីយ៉ាន់តម្លៃស្រូវបច្ចុប្បន្ននេះ មានតម្លៃត្រឹមតែ១២០ដុល្លារ ក្នុងមួយតោនប៉ុណ្ណោះ។ បញ្ហានេះ បានធ្វើកសិករប្រទេសដាំស្រូវ មួយចំនួន រួមទាំងកម្ពុជា រងការខាតបង់យ៉ាងខ្លាំង។
យ៉ាងមិញលោកក៏កត់សម្គាល់ផងដែរ ក្នុងខណៈដែលស្រូវធ្លាក់ថ្លៃនេះ ក៏មានជនឆ្លៀតឱកាស បានទម្លាក់តម្លៃស្រូវកសិករ ប៉ុន្តែមានតិចតួចប៉ុណ្ណោះ ពោលគឺមាន ប្រមាណតែ១០% ខណៈ៩០%ទៀត ធ្វើការបានល្អ ដោយយកកម្រៃចំណេញ ត្រឹមតែ១០ទៅ២០រៀល ក្នុងមួយគីឡូក្រាមប៉ុណ្ណោះ។
លោកលើកឡើងទៀតថា «បច្ចុប្បន្ននេះ សហព័ន្ធស្រូវអង្ករកម្ពុជា កំពុងធ្វើការងារជាមួយក្រសួងស្ថាប័នពាក់ព័ន្ធជាពិសេសក្រសួងកសិកម្ម ដើម្បីរកដំណោះស្រាយលើបញ្ហានេះ។ សហព័ន្ធបាននិងកំពុងខិតខំបន្ថែម ក្នុងការដើររកទីផ្សារមុន ដើម្បីបញ្ជាទិញពីកសិករ»។
ជុំវិញបញ្ហានេះដែរ លោក ចាន់ សុផល នាយកមជ្ឈមណ្ឌលសិក្សាគោលនយោបាយ បានលើកឡើងនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់លោកថា ពាក្យថាឱ្យតែដល់ពេលប្រមូលផល ស្រូវចុះថ្លៃ មិនពិតទេ។ អង្ករផ្ការំដួលដែលបានពីស្រូវច្រូតចុងឆ្នាំ ២០២៤ នៅតែថ្លៃដដែល ជារឿងធម្មតា។
លោកបន្ថែមថា បញ្ហាថ្លៃស្រូវចុះទាបខ្លាំង គឺមិនមែនដោយសារអ្នកណាម្នាក់កំណត់ថ្លៃនោះ ប៉ុន្តែបណ្តាលមកពីកត្តាទីផ្សារសាកល ពីព្រោះស្រូវ-អង្ករ ជាទំនិញសាកល។ ការផលិតស្រូវនៅលើពិភពលោក ប្រែប្រួលខ្លាំងទៅតាមកត្តាអាកាសធាតុ។ ពេលខ្វះស្រូវអង្ករនៅប្រទេសផ្សេងៗ ស្រូវថ្លៃខ្ពស់ខ្លាំង នៅឆ្នាំ២០២៣ និង២០២៤។ បន្ទាប់មកថ្លៃស្រូវអង្ករក៏ធ្លាក់ចុះខ្លាំងនៅឆ្នាំ២០២៥ ដោយសារប្រទេសឥណ្ឌាផលិតបានច្រើន និងបញ្ចេញអង្ករ ២០លានតោនលក់ថោកៗ លើទីផ្សារពិភពលោក។
យោងទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ ដែលបានចេញផ្សាយកាលពីពេលថ្មីៗនេះ បានកត់សម្គាល់ពីតម្លៃអង្កររបស់ប្រទេសនាំចេញអង្ករធំៗ ដូចជា ឥណ្ឌា ថៃ និងវៀតណាម បានធ្លាក់ចុះទាបបំផុតមិនធ្លាប់មានពីមុន។
អង្ករបាក់ ៥% របស់ប្រទេសថៃ បានធ្លាក់ចុះមកត្រឹម ៣៣៥-៣៤០ ដុល្លារ/តោន ដែលជាកម្រិតទាបបំផុតក្នុងរយៈពេល ១៨ឆ្នាំ រាប់ចាប់តាំងពីខែតុលា ឆ្នាំ២០០៧។ ចំណែកអង្ករសំរូប បាក់ ៥% របស់ឥណ្ឌា មានតម្លៃចន្លោះពី ៣៤០-៣៤៥ ដុល្លារក្នុងមួយតោន ខណៈអង្ករសបាក់៥% មានតម្លៃចន្លោះ ពី៣៦០ទៅ៣៧០ដុល្លារក្នុងមួយតោន ដែលជាកម្រិតទាបបំផុតចាប់តាំងពីពាក់កណ្តាលឆ្នាំ ២០១៦មក។ រីឯអង្ករបាក់ ៥% របស់វៀតណាមវិញ មានតម្លៃត្រឹម ៤២០-៤៣៥ ដុល្លារក្នុងមួយតោន ដែលជាកម្រិតទាបបំផុតក្នុងរយៈពេលជិត២ខែ។
យោងតាមការកត់ត្រា តម្លៃស្រូវប្រចាំថ្ងៃរបស់សហព័ន្ធស្រូវអង្ករកម្ពុជា តម្លៃស្រូវសើម នៅតាមស្រុកនៃខេត្តមួយចំនួន ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៥ ស្រូវផ្ការំដួល មានតម្លៃចន្លោះពី ៩៥០រៀលទៅ១០៣០រៀល ក្នុងមួយគីឡូក្រាមទៅតាមតំបន់ , ស្រូវអូអឹម តម្លៃចន្លោះពី ៦១០រៀលទៅ ៦៥០រៀលក្នុងមួយគីឡូក្រាមទៅតាមតំបន់, ស្រូវកែង តម្លៃចន្លោះពី ៦៥០ទៅ៨០០រៀលក្នុងមួយគីឡូក្រាមទៅតាមតំបន់, និងស្រូវស្រង៉ែ តម្លៃចន្លោះពី ៦៤០ទៅ៦៦០រៀលក្នុងមួយគីឡូក្រាមទៅតាមតំបន់៕





